​មន្ត្រីជាន់ខ្ពស់​នៃ​អង្គភាព​ស៊ីម៉ាក់ បាន​ស្នើឱ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួង​វប្បធម៌ ចាត់វិធានការ​អប់រំ លើ​ស្ដ្រី​ដែល​បាន​ផលិត​វីដេអូ​បរិភោគ​សាច់​សុនខ និង​ស្នើឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​គិតគូរ​រៀបចំ​ច្បាប់​ជាតិ​មួយ​ហាមឃាត់​ការបរិភោគ​សាច់​សុនខ ដូច​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​លើ​ពិភពលោក​ដែរ​។​


​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បានឃើញ​ស្ត្រី​ខែ្មរ​ប៉ុន្មាន​នាក់​ផលិត​វីដេអូ ពី​ការ​ចម្អិន និង​ការបរិភោគ​សាច់​សុនខ ហើយ​បានធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​តិកតុក​(TikTok)​។​

​លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​សង្វេគ និង​សោកស្តាយ​បំផុត​ចំពោះ​ទង្វើ​របស់​ស្ត្រី​ខ្មែរ​ប៉ុន្មាន​នាក់​នេះ ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​ស្ត្រី​ខែ្មរ​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា ប៉ះពាល់​ដល់​សីលធម៌​ប្រពៃណី​សង្គម ប៉ះពាល់​អារម្មណ៍​ទេសចរ​អន្តរជាតិ និង​ពិសេស​ជា​ទង្វើ​ដែល​គួរតែមាន​ច្បាប់​ហាមឃាត់​»​។


​អង្គភាព​ស៊ីម៉ាក់​តែងតែ​យកចិត្តទុកដាក់​អាណិត​ស្រឡាញ់​សត្វ​សុនខ ជា​សហការី​ដ៏​ស្មោះត្រង់ និង​ជា​កម្លាំង​ជំនាញ​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា បានឱ្យដឹង​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​លោក​បានលើកឡើង​ទៀតថា​៖ «​នៅ​ចំពោះមុខ​នេះ ខ្ញុំ​សូម​សំណូមពរ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កិច្ចការនារី  ក៏ដូចជា​ក្រសួង​វប្បធម៌  មេត្តាជួយ​ចាត់វិធានការ​អប់រំ ចំពោះមុខ​សញ្ញា​ល្មើស​នេះ​»​។​


​លោក ហេង រតនា បាន​បន្ថែម​ដែរ​ថា វិធានការ​បន្ទាប់ ប្រទេស​កម្ពុជា​ក្នុង​កាលៈទេសៈ​បែបនេះ អាចជា​ពេលវេលា​យ៉ាង​ចាំបាច់​ក្នុងការ​រៀបចំ​ច្បាប់​ជាតិ​មួយ ស្ដីពី​ហាមឃាត់​ការបរិភោគ​សាច់​សុនខ ដូច​បណ្តា​ប្រទេស​រីកចម្រើន​ជឿនលឿន​មួយចំនួន​លើ​ពិភពលោក​នេះ ដែល​សូម្បី​ប្រទេស​វៀតណាម ក៏​កំពុង​គិតគូរ​រៀបចំ​ច្បាប់ ស្ដីពី​ការហាម​បរិភោគ​សាច់​សុនខ  ក្នុង​គោលបំណង​ដើម្បី​ជា​ប្រយោជន៍​ចូលរួម​ទាក់ទាញ​ទេសចរ​បរទេស​ផងដែរ​។​

ជុំវិញ​ការស្នើសុំ​របស់​អង្គភាព​ស៊ីម៉ាក់​នេះ លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ថា ក្រសួង​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​បញ្ហា​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​នឹង​ពិនិត្យមើល​សកម្មភាព​នៃ​ការផលិត​វីដេអូ​ទាំងនោះ​មុននឹង​មាន​វិធានការ​អប់រំ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ពិនិត្យ​ព័ត៌មាន​នេះ​សិន ប៉ុន្តែ​បច្ចុប្បន្ន​ក្រសួង​វប្បធម៌ ពុំទាន់​មានប្រតិកម្ម​អ្វី​នៅឡើយ​ទេ​»​។​

​ចំណែក​លោកស្រី ញាណ សុចិ​ត្រា អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ចការនារី ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា លោកស្រី​មិនអាច​ឆ្លើយតបបាន​ភ្លាមៗ ទៅនឹង​នីតិវិធី​របស់​ក្រសួង ដើម្បី​ចាត់វិធានការ​អប់រំ​លើ​ក្រុម​ស្ដ្រី​ដែល​បាន​ផលិត​វីដេអូ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​សកម្មភាព​ចម្អិន និង​បរិភោគ​សាច់​សុនខ​នេះ​បានទេ ព្រោះ​ក្រសួង​មាន​ក្រុមការងារ​ដែល​ទទួលបន្ទុក​ទាក់ទង​នឹង​បញ្ហា​សីលធម៌​សង្គម​នេះ​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​ការងារ​នេះ ទាក់ទង​នឹង​សីលធម៌​សង្គម គឺ​យើង​មាន​ក្រុមការងារ​ទទួលបន្ទុក​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​លើកកម្ពស់​សីលធម៌​សង្គម​។ ដូច្នេះ​យើង​បាន​ផ្ញើជូន​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ហើយ ដើម្បី​ពិភាក្សាគ្នា​លើ​ករណី​ហ្នឹង​»​។​

សូម​បញ្ជាក់ដែរថា កាលពី​ឆ្នាំ​២០២០ កន្លងមក នៅក្នុង​ប្រទេស​កម្ពុជា មានតែ​ខេត្តសៀមរាប​ប៉ុណ្ណោះ ដែល​បានដាក់​បម្រាម​ហាមឃាត់​មិនឱ្យ​មានការ​សម្លាប់ និង​ការជួញដូរ​សត្វ​សុនខ (​ឆ្កែ​)​។ ប៉ុន្តែ​បើតាម​លោក ទា គីម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​លើកឡើងថា ទោះបី​ឥឡូវនេះ ក្រោយពី​ការដាក់​បម្រាម​ហាមឃាត់​ទាំង​នោះមក ខេត្តសៀមរាប គឺ​លែងមាន​ករណី​ជួញដូរ​សត្វ​សុនខ​ជា​លក្ខណៈ​ខ្នាត​ធំ​បន្តទៀត​នោះទេ តែ​នៅមាន​ប្រជាពលរដ្ឋ​ខ្លះ ពួកគាត់​បាន​លួចលាក់​សម្លាប់សត្វ​សុនខ​សម្រាប់​បរិភោគ​ជា​លក្ខណៈ​គ្រួសារ​។​

​លោក​បាន​ថ្លែងថា​៖ «​នៅពេល​រកឃើញ​មាន​បទល្មើស​នេះ​ម្ដងៗ យើង​មិនបាន​ដាក់ទោស​គាត់​ទេ ប៉ុន្តែ​យើង​ចុះទៅ​ប្រជុំ​ដើម្បី​អប់រំ​គាត់​ឱ្យ​យល់​ពី​ផលប៉ះពាល់​ដល់​សុខភាព​ដែល​បរិភោគ​សាច់​សុនខ​។ កាលដែល​យើង​មិន​ដាក់ទោស​នេះ ក៏​ព្រោះតែ​កម្ពុជា​យើង​មិនទាន់មាន​ច្បាប់​ចែង​ហាមឃាត់​បរិភោគ​សត្វ​សុនខ​»​។​

​បើទោះបី​កម្ពុជា​មិនទាន់មាន​ច្បាប់​ចែង​ពី​ការហាមឃាត់​បរិភោគ​ស​ត្វ​សុនខ​ក្ដី ប៉ុន្តែ​ការដើរ​ទាក់​ទិញ​-​លក់ និង​ពិឃាតសត្វ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការអនុញ្ញាត គឺ​វា​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​ត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​តាម​មាត្រា​១១២ ១១៣ និង​មាត្រ​១១៥​នៃ​ច្បាប់​នេះ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ទា គីម​សុទ្ធ​។​

​សូម​រំឭក​ផងដែរ​ថា នាពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង បានសម្រេច​ដាក់ឱ្យអនុវត្ត​ច្បាប់​ហាមឃាត់​ការបរិភោគ​សាច់​សុនខ ដែល​ច្បាប់​នេះ អាចធ្វើ​ការផាកពិន័យ​ជនល្មើស​ជា​ទឹកប្រាក់​ជាង ២២០០០​ដុល្លារ​ឬ​ជាប់គុក​រយៈពេល ៣​ឆ្នាំ ខណៈដែល​ប្រពៃណី​ប្រទេស​នេះ​តាំងពី​បុរាណ​មក បាន​ចាក់ឫស​យ៉ាងជ្រៅ​ដែល​ប្រជាជន​ចូលចិត្ត​បរិភោគ​សាច់​សុនខ​៕