មន្ត្រីនៃអង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣កន្លងមកនេះ គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE)បានកើនឡើង ៧៦,៦% ដែលផ្ដល់ប្រាក់ចំណូលជាមធ្យមដល់កសិករជាសមាជិកបានជិត ៣,៣ លានរៀល ក្នុង ១ គ្រួសារ បើធៀបទៅនឹងឆ្នាំ២០២២។
ក្រោយពីបានបិទបញ្ចប់ការប្រមូលទិញស្រូវពីសមាជិកគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE) នៅតាមតំបន់គោលដៅឃើញថា ទិន្នផលស្រូវត្រយង (IBIS RICE) របស់កសិករ មានការកើនឡើងលើសពីការរំពឹងទុក ជាពិសេសផលិតផលស្រូវដែលលក់ចេញ បានកើនឡើងរហូតដល់ ៧៦,៦% បើធៀបទៅនឹងបរិមាណសរុបកាលពីឆ្នាំ២០២២។
ផលិតផលស្រូវលក់ចេញដែលមានការកើនឡើងនេះដែរ វាក៏នាំឱ្យកសិករជាសមាជិកទទួលបានប្រាក់ចំណូលជាមធ្យមជិត ៣,៣លានរៀលក្នុង១គ្រួសារ។ នេះបើយោងតាមហ្វេសប៊ុករបស់អង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងកាលពីសប្តាហ៍មុន។
លោក កែវ សុជាតិ នាយកប្រតិបត្ដិនៃអង្គការសន្សំម្លប់ព្រៃបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ចំនួនកសិករជាសមាជិក ដែលបានលក់ស្រូវទៅឱ្យក្រុមហ៊ុនអាយប៊ីសរ៉ាយស៍មានការកើនឡើងច្រើន និងទទួលបានប្រាក់ចំណូលពីការលក់ស្រូវសរីរាង្គមានការកើនឡើងប្រមាណ ១៤,៤% បើធៀបទៅនឹងឆ្នាំ២០២២។
លោកបានបន្តថា សម្រាប់តម្លៃលក់ចេញនៃស្រូវសរីរាង្គរបស់កសិករជាសមាជិកក៏មានតម្លៃខ្ពស់ជាងទីផ្សារផងដែរ ជាមធ្យមប្រមាណ ៥៤ ភាគរយ ដែលមានតម្លៃចាប់ពី ១ ៨៥០ រៀល រហូតដល់ ២ ០៥០រៀលក្នុង១គីឡូក្រាម។ បន្ថែមពីនេះក្រៅពីមានស្រូវសម្រាប់លក់ចេញ ក្នុងតម្លៃខ្ពស់ហើយ កសិករស្រូវត្រយងក៏មានស្រូវគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ខ្លួនផងដែរ។
លោក កែវ សុជាតិ បានបញ្ជាក់ថា៖ «ការអនុវត្តគម្រោងស្រូវត្រយង បានជួយលើកកម្ពស់ជីវភាព និងជំរុញឱ្យប្រជាកសិករដែលរស់នៅក្នុងដែន និងក្បែរតំបន់អភិរក្ស ចូលរួមក្នុងការការពារធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មតាមគោលការណ៍សរីរាង្គដែលមានទីផ្សារលក់ច្បាស់លាស់ និងតម្លៃខ្ពស់ និងគោរពតាមគោលការណ៍ការពារធនធានធម្មជាតិ និងសង្គ្រោះសត្វព្រៃ»។
លើសពីនេះ លោកថា គម្រោងនេះ ក៏បានជួយធានានូវសន្ដិសុខសុវត្ថិភាពស្បៀងអាហារក្នុងតំបន់គោលដៅ និងជួយជីវភាពសមាជិកគ្រួសារដែលចូលគម្រោងផងដែរ។
ក្នុងឆ្នាំ២០២៣នេះដែរ បច្ចុប្បន្នគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE) បានអនុវត្ដនៅក្នុងខេត្ដចំនួន៤ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ខេត្ដព្រះវិហារ ខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរី ក្នុងនោះមានសមាជិកសរុបចំនួន ២ ៣៧១ គ្រួសារ។ នេះបើតាមការបន្ថែមរបស់លោក កែវ សុជាតិ។
សូមរំឭកផងដែរថា គម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង (IBIS RICE) កំពុងទទួលបានការគាំទ្រ និងសហការដោយក្រសួងបរិស្ថាន USAID មរតកបៃតងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្ដរជាតិ (Conservation International) Critical Ecosystem Partnership Funds (CEPF) ក្រុមហ៊ុន អាយប៊ីសរ៉ាយ៍ (IBIS Rice Conservation Company) គម្រោងរេដបូក កែវសីមា ក្រុមហ៊ុន Rising Phoenix និងអង្គការជីវិតធម្មជាតិនៅកម្ពុជា៕