​ភ្នំពេញៈ ក្រសួងបរិស្ថាន​បានប្រកាសថា ការបំពុល​ខ្យល់​នៅ​កម្ពុ​ជាមាន​ត្រឹម​ ២០ ទៅ ​៤០ug/m3 តែប៉ុណ្ណោះ ដែលជា​កម្រិត​តូច​ជាង​កម្រិតស្តង់ដា ៥០ug/m3 កំណត់ដោយ​អង្គ​​ការ​សុខភាព​ពិភពលោក ​(WHO) ហើយ​ដែល​មិន​ចោទ​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​មតិ និង​សារព័ត៌​មាន​មួយចំនួន​ទេ​។​


​ក្រសួងបរិស្ថាន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​បញ្ហា​បំពុល​ខ្យល់​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ​៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដោយបាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង បាននិងកំពុង​យកចិត្តទុកដាក់​ចាត់វិធានកា​រទប់​ស្កាត់​បញ្ហា​ទាំងនេះ តាមរយៈ​ការដាក់ចេញ​យុទ្ធនាការ​ផ្ទៃ​មេឃ​ពណ៌​ខៀវ កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ព្រម​ទាំង​បាន​អំពាវនាវ​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ចូលរួម​ផងដែរ​។​

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ចាត់វិធានការ​បង្ការ និង​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ដោយ​រួម​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​ពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់ភាគី​ពាក់ព័ន្ធ​។​


​ក្រសួង​បានបញ្ជាក់​ទៀតថា៖ «​ជា​លទ្ធផល រហូតមកដល់​ពេលនេះ ចំនួន​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនៅ​កម្ពុជា មានការ​ថយចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០១៩ និង​ឆ្នាំ ​២០២០ និង​កម្រិត​ការបំពុល​ខ្យល់​ដោយ​ភាគល្អិត​និចល PM2.5 ក៏មាន​ការថយចុះ និង​នៅក្រោម​កម្រិតស្តង់ដា​»​។​

​ក្រសួងបរិស្ថាន​បន្តថា ក្នុងទិសដៅ​លើកកម្ពស់​ការថែរក្សា​ប​រិ​ស្ថាន​ឱ្យមាន​ភាពស្រស់ស្អាត និង​ផ្ដល់​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ស្តង់ដា EURO 4 និង EURO 5 ដែល​បាន​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​ការ​សាយ​ភាយ​សារធាតុបំពុល​ខ្យល់​ចូលទៅក្នុង​បរិយាកាស​។​


​ប្រភព​ដដែល​ថា ការការពារ​គុណភាព​ខ្យល់​នៅតែ​ជា​ការងារ​អាទិភាព​រប​ស់​ក្រសួងបរិស្ថាន តាមរយៈ​ការអនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌​ខៀវ ស្របតាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ ២០២៣-២០២៨ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជ​រដ្ឋាភិបាល​។​

​ក្រសួងបរិស្ថាន​បានប្រកាស​ទៀតថា ក្រសួង​បាន​ត្រៀមខ្លួន​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​អង្គការ​អន្តរជាតិ​ទាំងអស់​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ពី​ការបង្ការ និង​ទប់ស្កាត់​បញ្ហា​បំពុល​ខ្យល់​ដើម្បី​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក​។​

​លោក នុត សម្បត្តិ អ្នក​​ជំនាញ​ផ្នែក​សុខាភិបាល និង​សុខុមាលភាព​សង្គម​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ ថា ការបំពុល​ខ្យល់​ឬ​ខ្យល់​អាក្រក់​នេះ វា​បានមកពី​ធម្ម​​ជាតិ​ផង និង​មនុស្ស​ផង ខណៈដែល​ការបំពុល​ដោយ​មនុស្ស បានមកពី​ការ​បំ​ភាយ​ចេញពី​ឥន្ធនៈផូស៊ីល​ចេញពី​រោងចក្រ​ឧស្សាហកម្ម​,​ការរុករក​រ៉ែ​, ការ​ដុត​សំរាម​,​ភ្លើង​ឆេះ​ព្រៃ ការ​ដុត​សារ​ធាតុគីមី​ផ្សេងៗ ការ​ដុត​សម្បក​កង់ឡាន​ជាដើម ដែល​វា​បានផ្តល់​នូវ​សារធាតុពុល​ក្នុង​បរិយាកាស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​​បំពុល​ក្នុង​ស្រទាប់​បរិយាកាស​នេះ ក៏​រាប់បញ្ចូល​ពី​ការប្រើប្រាស់​អាវុធ​នុយ​ក្លែ​អ៊ែរ​នៅតាម​បណ្តា​ប្រទេស​ដែល​កំពុង​ធ្វើ​សង្គ្រាម​នាពេល​បច្ចុប្បន្ន​នេះដែរ ដូចជា សង្គ្រាម​រុស្ស៊ី ជាមួយ​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ជាដើម​។ ផ្សែង​ពុល​ទាំងអស់នេះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ណាស់​ដល់​សុខភាព​មនុស្ស​យើង​តាមរយៈ​ការធ្វើឱ្យ​បាត់​កម្រិត​អុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​ឈាម​របស់​យើង​ធ្វើឱ្យ​រាង​កាយ​ខ្វះ​អុក​ស៊ី​ហ្ស៊ែន និង​នាំឱ្យមាន​ជំងឺ​ស្លេកស្លាំង ខ្វះ​គ្រាប់​​ឈាមក្រហម​ជាដើម​»​។​

​ថ្វីដ្បិតតែ​កម្ពុជា នៅ​មិនទាន់មាន​ការបំពុល​ខ្យល់​ក្ដី តែ​លោក នុត សម្បត្តិ បានផ្តល់​យោបល់​ដល់​សាធារណជន​ឱ្យ​អនុវត្ត​សកម្មភាព​មួយចំនួន​ដើម្បី​បញ្ចៀស​បាន​ពី​ការ​ស្រូបយក​ខ្យល់​អាក្រក់​មក​ក្នុង​ខ្លួន ដូចជា ការពាក់​ម៉ាស់​ឱ្យបាន​ជាប់​ជា​​ប្រចាំ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​,​ឧស្សាហ៍​ហាត់ប្រាណ ដោយ​ត្រូវ​រើសយក​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ ដូចជា នៅតាម​មាត់សមុទ្រ​ឬ​ទន្លេ​ឬ​តំបន់​ធម្មជាតិ​នានា​,​លាងដៃ​សម្អាត​ឱ្យបាន​ញឹកញាប់ និង​ជាពិសេស​ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ដើម្បី​បង្កើន​ឧស្ម័ន​អុក​ស៊ី​ហ្ស៊ែន​ឡើងវិញ​។​

​សូម​រំឭកថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ កាលពី​ថ្ងៃទី​​ ២ ខែកុម្ភៈ រវាង លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក​ចាក់​កា​ពុង សុង​ម៉ា​នី អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃកម្ពុជា និង​ថៃ​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ការពារ​ការបំពុល​ទៅក្នុង​បរិយាកាស ប្តេជ្ញាចិត្ត​រួមគ្នា​ទប់ស្កាត់​ផ្សែង​អ័ព្ទ និង​ការបំពុល​ទៅក្នុង​បរិ​យា​កាស​ដើម្បី​ការពារ​សុខុមាល​​ភាព​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ក្នុងការ​ឆ្ពោះទៅ​ភាព​ស្អាត​ ៣ គឺ​ស្អាត​ទាំង​បរិយាកាស​ជុំវិញ ស្អាត​ចិត្ត និង​ស្អាត​ទាំង​សុខភាព​។​

​នៅក្នុង​ជំនួប​នោះ លោក អ៊ាង សុផល្លែត បាន​លើក​បង្ហាញ​ពី​របាយការណ៍​ដែល​កម្ពុជា​បាន​តាមដាន​គុណភាព​ខ្យល់​ជាប្រចាំ​តាមរយៈ​ឧបករណ៍​ស្វ័យប្រវត្តិ និង​ស្ថានីយ​តាម​ដាន ត្រួតពិនិត្យ​គុណភាព​ខ្យល់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។​

​លោក​ អ៊ាង សុផល្លែត បាន​បន្ថែមថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ឆ្លើយតប​នឹង​ការបំពុល ទាំង​នៅលើ​គោក លើ​អាកាស និង​នៅក្នុង​ទឹក​ទើប​ក្នុង​រយៈពេល​ជាង ​១០០ ​ថ្ងៃ​កន្លងមកនេះ លោក​បាន​ដាក់ចេញ​យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌​​ខៀវ (blue sky campaign)​ ដែល​ស្រដៀង​នឹង​កម្មវិធី Clear Sky របស់​ប្រទេស​ថៃ​ដែរ​៕