​ភ្នំពេញៈ សមាគម​ស្វាយចន្ទី​​កម្ពុជា​ (​ស​.​ស​.​ក​) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ជាមួយ​សម្ព័ន្ធ​អ្នក​ដាំ​ដុះ​ស្វាយចន្ទី​នៅ​តំបន់​អាហ្រ្វិក ​(The African Cashew Alliance) ដើម្បី​ជំរុញ​កិច្ច​សហ​​ប្រតិបត្តិការ​លើ​ការដាំដុះ និង​រក​ទីផ្សារ ក្នុងនាម​ជា​ប្រទេស​អ្នក​ផលិត​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ​របស់​ពិភពលោក​។​

​លោក ស៊ុយ កុក​ធាន អនុ​​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៤ ខែកុម្ភៈ ឆ្នាំ ​២០២៤ ​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ ពោលគឺ​ថ្ងៃ​ចុងក្រោយ​នៃ​ការបញ្ចប់​ស​ន្និ​សីទ​ស្វាយចន្ទី​ពិភពលោក នៅ​ខេត្តសៀមរាប​។ 


​លោក​បានឱ្យដឹង​បន្ថែមថា ការចុះ MoU នេះ ភាគី​ទាំង​ ២ មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​សកម្មភាព​មួយចំនួន​ដូចជា​៖​ ការផ្លាស់ប្តូរ​ការសិក្សា​រវាង​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី​នៃ​ទ្វីបអាហ្រ្វិក និង​កម្ពុជា​,​ការជួយ​សម្រួល​ដល់​ការចូល​ទៅកាន់​កសិដ្ឋាន និង​កន្លែង​កែច្នៃ​ក្នុងប្រទេស​រៀងៗ​ខ្លួន​,​ការចូលរួម​ក្នុង​វេទិកា​សិក្សា និង​សន្និសីទ​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ទាំង ​២​។​

​លោក​បានលើកឡើង​ទៀតថា ជួយ​បណ្តុះបណ្តាល ឬ​អ្នកសិក្សា​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​ឧស្សាហកម្ម​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ទាំង​ ២,​ ការសម្របសម្រួល​ការ​ផ្លាស់ប្តូរ​ការស្រាវជ្រាវ​ជាមួយគ្នា​,​ ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី និង​រយៈពេល​វែង សិក្ខាសាលា និង​ការបង្រៀន ព្រមទាំង​ការប្រជុំ​វិទ្យាសាស្ត្រ និង​បច្ចេកទេស និង​ការផ្លាស់ប្តូរ​អ្នកជំនាញ និង​អ្នកបច្ចេកទេស រវាង​គ្នា​ជាដើម​។


​លោក​ ស៊ុយ កុក​ធាន បញ្ជាក់ថា​៖ «​សម្ព័ន្ធ​អ្នក​ដាំ​ដុះ​ស្វាយចន្ទី​នៅ​តំបន់អាហ្រ្វិក​គឺជា​សម្ព័ន្ធ​ដ៏​ធំ​មួយ ដែល​ក្រោយពី​ការចុះ​ MoU ​នេះ ភាគី​ទាំង ​២ ​នឹង​បន្ត​ពិភាក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ការជួយ​ឱ្យ​កសិករ​ដែល​ដាំ​ដុះ​ស្វាយចន្ទី​នៃ​ភាគី​ទាំង ​២ ​យល់ដឹង​ពី​បច្ចេក​ទេស​ ដើម្បី​ផ្គត់ផ្គង់​ទៅឱ្យ​ប្រទេស​ដែលជា​អ្នក​កែច្នៃ ដូចជា​វៀត​​ណា​ម និង​ឥណ្ឌា​ជាដើម​»​។​

​ចំពោះ​លទ្ធផល​ដែល​កម្ពុជា និង​អ្នក​នៅក្នុង​វិស័យ​ស្វាយចន្ទី ទទួលបាន​ពី​សន្និសីទ​ស្វាយចន្ទី​ពិភពលោក ក្នុង​រយៈពេល​ ៣ ថ្ងៃ​កន្លងទៅនេះ លោក កុក​ធាន បាន​ប្រាប់​ឱ្យដឹងថា នា​សន្និសីទ​ស្វាយចន្ទី​នៅ​ឆ្នាំមុន គេ​គ្រាន់តែ​បានឮ​ពី​កិត្តិនាម នៃ​ស្វាយចន្ទី​របស់​កម្ពុជា តែ​ឆ្នាំនេះ ប្រតិភូ​ប្រមាណ ៤០ ​ប្រទេស ដែលមាន​ប្រមាណ​ជាង​ ៥០០​ នាក់ ​បានមក​ឃើញ​ដោយផ្ទាល់​ពី​ពូជ​ស្វាយ​ចន្ទី M23 របស់​កម្ពុជាថា ​ពិត​ជាមាន​គ្រាប់​ធំៗ និង​គុណ​ភាពល្អ​ប្រាកដ​មែន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សមា​​គម​បានធ្វើ​បទ​បង្ហាញ​ពី​ការលើក​​ទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​ទាំងនោះ ដើម្បីឱ្យ​គិតគូរ​ពិ​ចារ​ណា​ជ្រើសរើស​កម្ពុជា​សម្រាប់​​វិនិយោគ​លើ​ការកែច្នៃ ខណៈដែល​ក្រុមការងារ​ក៏បាន​នាំ​គណៈ​​ប្រតិភូ​ទៅ​ទស្សនា​នៅ​ចម្ការ​​ស្វាយចន្ទី​ដោយផ្ទាល់​ផងដែរ​។ នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ដ៏​ធំ​ណាស់​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា​យើង​នៅលើ​ឆាក​អន្តរជាតិ​»​។​

​លោក​ ស៊ុយ កុក​ធាន បញ្ជាក់ដែរថា កម្ពុជា​ចំណេញ​ច្រើន​មែន​ទែន​ពី​សន្និសីទ​នេះ ក្នុងការ​ផ្សព្វ​ផ្សាយ​ពី​សក្តានុពល​ស្វាយចន្ទី​របស់​កម្ពុជា​ទៅកាន់​ពិភពលោក ខណៈ​កម្ពុជា បាន​ចាប់យក​ចំណែក​ទីផ្សារ​គ្រាប់ស្វាយចន្ទី​​ឆៅ​ប្រមាណ​ ២០ ​ភាគរយ​នៅលើ​ពិភពលោក បន្ទាប់ពី Ivory Coast និង​ឥណ្ឌា​។​

​លោក ប៉ែន សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សន្និសីទ​ស្វាយចន្ទី​ពិភពលោក មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុងការ​បង្ហាញ​ពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ពិភពលោក ព្រោះថា យ៉ាងហោចណាស់ វា​បានធ្វើឱ្យ​ពិភពលោក បាន​ស្គាល់​ពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា ហើយ​ពួកគាត់​អាច​ងាក​មករក​តំបន់​ប្រទេស​ដែលជា​ម្ចាស់ នៃ​ផលិតផល​វត្ថុធាតុដើម​ស្វាយចន្ទី​។ 

​លោក​បាន​បញ្ជាក់ទៀតថា៖ «​សន្និសីទ​នេះ បាន​ប្រមូលផ្តុំ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ស្វាយចន្ទី​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ ដើម្បី​ពិភាក្សា​ចែករំលែក​បទពិសោធន៍ សម្រាប់​ជំរុញ​វិស័យ​ស្វាយចន្ទី ស្វែងរក​ទីផ្សារ​ក្នុង​តំបន់ និង​ពិភព​លោក​រួម​នឹង​ការដាក់​តាំងពិព័រណ៍ និង​ការកសាង​បណ្តាញ​វិស័យ​ស្វាយចន្ទី​លើ​ពិភពលោក​»​។​

​បើតាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ប្រមាណ ៤៧២  ៩៤៦​ ហិកតា និង​ទទួលបាន​ទិន្នផល​សរុប​ចំនួន ៧០៩ ៤១៩​ តោន​ ចំណែកឯ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តជាតិ​បាន​ចំនួន​ប្រមាណ ៦៥៦ ០០០​ តោន ទៅកាន់​ប្រទេស ចិន ជប៉ុន បង់​ក្លា​ដែ​ស ឥណ្ឌា វៀតណាម និង​ថៃ និង​គ្រាប់ស្វាយចន្ទី​កែច្នៃ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេសចិន សាធារណរដ្ឋ​ឆែក ជប៉ុន កូរ៉េ​ខាងត្បូង ហូ​ឡង់ វៀតណាម និង​សហរដ្ឋអាមេរិក​៕