​សៀមរាបៈ ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តសៀមរាប សមាគម​ទេសចរណ៍ មូលនិធិ​ឈាម​នី​មុនីនាថ សមាគម​សហគ្រិន​វ័យក្មេង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម កាលពី​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដោយមាន​អ្នក​ស្ម័គ្រ​​ចិត្ត​បរិច្ចាគ​ឈាម​បាន​ជាង ៣៥០ ​ប្លោក​។​


​កម្មវិធី​«​បរិច្ចាគ​ឈាម​» និង​ «​ដំណើរ​កម្សាន្ត​ក្នុង​មហានគរ ឆ្ពោះទៅកាន់​ខេត្ត​​សៀមរាប​» ធ្វើឡើង​ក្រោម​ប្រធានបទ «​ឈាម​ខ្ញុំ​ជា​របស់​អ្នក ឈាម​អ្នកជា​របស់ខ្ញុំ​»​។​

​កម្មវិធី​នេះ ​គឺជា​ការផ្តួចផ្តើម​បង្កើត​ព្រឹត្តិ​​ការណ៍​សប្បុរសធម៌​រួមគ្នា ក្នុង​គោលបំណង ចូលរួមចំណែក​ពង្រឹង​សុខុមាលភាព​ស​ង្គ​ម និង​បម្រើ​ប្រយោជន៍​សាធារណៈ ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​បរិច្ចាគ​ឈាម​ពី​ព្រះសង្ឃ ថ្នាក់ដឹកនាំ​មន្ទីរ កងកម្លាំង និង​និយោជិត និយោជក​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន សិល្បករ សិល្បការិនី និង​សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​នានា​ជាច្រើន​។​


​តាមរយៈ​ការផ្សាយ​ផ្ទាល់​នៃ​កម្មវិធី​នេះ លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល បាន​ថ្លែងឱ្យដឹងថា ការធ្វើ​អំណោយទាន​សម្រាប់​ជីវិត​ដោយ​ការផ្តល់​ឈាម​ដោយ​ស្ម័​ត្រ​ចិត្ត និង​មិន​ទទួល​កម្រៃ គឺជា​ការចូលរួម​សង្គ្រោះ​ជីវិត​អ្នករងគ្រោះ​ដោយ​ក្តី​សប្បុរស​។

​លោក សុខ ប៉ូ បាន​ថ្លែងថា៖ «​ការបរិច្ចាគ​ឈាម​ម្តង​អាចឱ្យ​យើង​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​យើង​ម្តង ដឹង​ពី​ស្ថានភាព​ឆ្លង​ឬ​មិន​ឆ្លង​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​រលាក​ថ្លើម ស្វាយ អេដស៍​...​និង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង ការ​លើស​ទម្ងន់ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​ក្រុមការងារ​ធ្វើតេស្ត​ឈាម​ដោយ​សម្ងាត់ និង​ឥតគិតថ្លៃ​»​។


​ចំណែក កញ្ញា នី មុនីនាថ ប្រធាន​មូលនិធិ​ឈាម​នី​មុនីនាថ ក៏បាន​លើកឡើង​ដែរ​ថា ការបរិច្ចាគ​ឈាម​នេះ​រៀបចំឡើង ក្រោម​ប្រធានបទ «​ឈាម​ខ្ញុំ​ជា​របស់​អ្នក ឈាម​អ្នកជា​របស់ខ្ញុំ​» ស្របគ្នា​ទៅនឹង​យុទ្ធនាការ​ដំណើរ​កម្សាន្ត​ក្នុង​មហានគរ និង​តំបន់​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​សៀម​រាប​។

កញ្ញាបាន​ថ្លែងថា គោលបំណង​នេះ​គឺ​ចង់បង្ហាញ​ដល់​មហាជន​ក៏ដូចជា​ដើម្បី​បំផុសស្មារតី និយោជិត និយោជក សិល្បករ​សិល្បការិនី សិស្ស​និស្សិត ចូលរួម​សកម្មភាព​មនុស្សធម៌​បែបនេះ​ឱ្យបាន​កាន់តែច្រើន ដែល​បង្ហាញ​ពី​ចេតនា និង​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត ចែករំលែក​ក្តី​ស្រឡាញ់ និង​ជា​ចំណែក​មួយ​ជួយ​ដល់​អាយុជីវិត​មនុស្ស ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​គ្រោះ​ថា្នក់​ផ្សេងៗ​។​

​កញ្ញា នី មុនីនាថ ថ្លែងថា​៖ «​ព្រឹត្តិការណ៍​នៃ​ការបរិច្ចាគ​ឈាម​នៅពេលនេះ អាចបង្កើត​បាន​នូវ​វប្បធម៌ ដ៏​ល្អ​មួយ​សម្រាប់​សង្គម ពោលគឺ​ឈាម​បាន​ផ្សព្វផ្សាយ ផ្សារភ្ជាប់​នឹង​ការស្រឡាញ់​ជីវិត​របស់​ប្រជា​ជន​គ្រប់រូប​។ ការផ្តល់​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា គឺជា​ការជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​យើង ដែល​ផ្តល់នូវ​សេចក្តីស្រឡាញ់ និង​ការយកចិត្ត​​ទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​»​។​

​កញ្ញា​បាន​បន្តថា​៖ «​និយាយ​រួមការ​បរិច្ចាគ​ឈាមមាន​អត្ថន័យ​យ៉ាង​ធំធេង ក្នុង​គោល​​បំណង​ជួយសង្គ្រោះ​ជីវិត​មនុស្ស អ្នកជំងឺ ឱ្យបាន​ទាន់ពេលវេលា និង​អាច​ធានា​ផ្តល់​ឈាម​ទាន់ពេលវេលា​ដល់​អ្នកជំងឺ ជាពិសេស​កាត់បន្ថយ​ហានិភ័យ​នៅពេល​ខ្វះ​ខាត​ឈាម​បំផុត​»​។​

​ជាមួយគ្នានេះ លោក យុន លីន​ណេ អភិបាលរង​ខេត្តសៀមរាប បានធ្វើការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ នៃ​ខេត្តសៀមរាប​នេះ ដើម្បី​បំផុសស្មារតី​ឱ្យមាន​ការចូលរួម​សកម្មភាព​មនុស្សធម៌​ដោយ​ការបរិច្ចាគ​ឈាម​បែបនេះ ដែល​បង្ហាញ​ពី​ចេតនា​ដ៏​ល្អ​បរិសុទ្ធ និង​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា ចែករំលែក​ក្តី​ស្រឡាញ់ និង​ជា​ចំណែក​មួយ​ជួយ​ដល់​អាយុជីវិត​មនុស្ស ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​គ្រោះ​ថា្នក់​៕​