ព្រះសីហនុៈ មន្ត្រី អ្នក​ស្ម័គ្រ​​ចិត្ត ថ្នាក់ដឹកនាំ មន្ដ្រី​ប្រតិបត្តិ និង​យុវជន​កាកបាទក្រហម​កម្ពុជា​នៃ​សាខា​ខេត្ត​ចំនួន ​៧ សរុប​ចំនួន​ជាង ២០០ ​នាក់ រួម​នឹង​កាកបាទក្រហម​ថ្នាក់ជាតិ បាន​បើក​ការបោះ​ជំរំ​យុវជន​កាកបាទក្រហម​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ លើក​ទី​១ កាលពី​យប់​ថ្ងៃទី ​៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​


​ការបោះ​ជំរំ​យុវជន​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្ត​ព្រះ​​សីហនុលើក​ទី១ ​ក្រោម​ប្រធាន​បទ ​«​យុវជន​ជា​ភ្នាក់ងារ​នៃ​ការ​កាត់បន្ថយ​ផលប៉ះពាល់​នៃការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​បរិស្ថាន​បៃតង​»​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​កាកបាទក្រហមកម្ពុជា នា​ថ្ងៃទី​ ៤ ខែកុម្ភៈ​។

ការបោះ​ជំរំ​យុវជន​កាកបាទក្រហម​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ លើក​ទី​១ នេះ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២ ដល់ទី​ ៤ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី​មន្ត្រី អ្នកស្ម័គ្រចិត្ត នៃ​ទីស្នាក់ការ​កណ្តាល ព្រមទាំង​ថ្នាក់ដឹកនាំ មន្ដ្រី​ប្រតិបត្តិ និង​យុវជន​កាកបាទក្រហម​កម្ពុជា​នៃ​សាខា​ខេត្ត​ព្រះសីហនុ ស្ទឹង​ត្រែង កំពត កែប កំពង់ស្ពឺ កោះកុង និង​ខេត្តសៀមរាប​។​


​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទ​ក្រហម​កម្ពុជា បាន​ថ្លែង​ពី​អត្ថ​ន័យ ក្នុងការ​រៀបចំ​ឱ្យមាន​ការ​បោះជំរំ​យុវជន ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​សាខា​ខេត្ត​ព្រះសីហនុ ដែលមាន​ភាពរឹងមាំ និង​ម្ចាស់ការ​ទៅតាម​ទិស​វិម​ជ្ឈ​ការ​វិសហមជ្ឈការ ដែល​លោក​​ស្រី​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​បានដាក់​ចេញ​កាលពី​ឆ្នាំ​ ២០១០ ស្របតាម​យុទ្ធសាស្ត្រ​របស់​កាកបាទ​ក្រហម​កម្ពុជា​។ 

​លោកស្រី​បាន​ថ្លែងថា​៖ «​បើ​និយាយ​ពី​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋា​ភិ​បាល នីតិកាល​ទី​៧ នៃ​រដ្ឋ​​សភា​, ការរៀបចំ​ឱ្យមាន​ការ​​បោះជំរំ​យុវជន​នេះ គឺជា​ការ​រួមចំណែក​លើកកម្ពស់​ការងារ​យុវជន និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស ដែល​ផ្តោតលើ​មនុស្ស​ដែលមាន​សុខភាព​ល្អ និង​មាន​សមត្ថភាព​»​។


​លោកស្រី ម៉ែន នារី​សោ​ភ័គ បន្តថា​៖​ ការបោះ​ជំរំ​យុវ​ជន​នាពេលនេះ គឺជា​ឱកាស​មួយ​ដែល​ឱ្យ​យុវជន​អាច​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ ការ​សាមគ្គី​គ្នា យកចិត្តទុកដាក់​គិតគូរ​ពីគ្នា​ទៅវិញទៅមក ក្នុង​ការរស់នៅ​ជាមួយគ្នា និង​រៀនសូត្រ​បាន​ពីអ្វី​ដែលជា​បច្ចុប្បន្នភាព​នៃ​បញ្ហា​ប្រឈម​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ដែល​យុវជន​កាកបាទក្រហម​កម្ពុជា មាន​ភារកិច្ច​ក្នុង​ការចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​»​។​

​លោកស្រី​ក៏មាន​ក្តីសង្ឃឹម​ជឿជាក់​ផងដែរ​ថា បន្ទាប់ពី​កម្ម​​វិធី​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ និង​សាខា​ដទៃទៀត នឹង​បន្ត​ពង្រឹង និង​ពង្រីក​បណ្តាញ​យុវជន​កាក​បាទ​ក្រហម​កម្ពុជា នៅតាម​ខេត្ត​រៀងៗ​ខ្លួន ឱ្យ​សមស្រប​ទៅនឹង​ពាក្យស្លោក​ថា «​យុវជន​គឺ​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​, យុវជន​គឺជា​ឆ្លឹ​ង​ខ្នង​របស់​ចលនា​អន្តរ​​ជាតិ​កាកបាទក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម​»​។​

​ចំណែក​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើង​នៅក្នុង​ការបើក​កម្ម​វិធី​បោះជំរំ​នោះដែរ​ថា ការបោះ​ជំរំ​យុវជន​គឺជា​ការផ្ដល់​ឱកាស​ឱ្យ​យុវជន​មានការ​ជួបជុំ ក្នុង​ការសិក្សា​ស្វែងយល់​ពីគ្នា​ទៅ​វិញ​ទៅមក បណ្ដុះ​ផ្នត់គំនិត ស្មារតី ការចេះ​ចែករំលែក ទទួលបាន​ចំណេះដឹង​ថ្មីៗ និង​បទ​​ពិសោធន៍​ជាច្រើន​ក្នុង​ការកែ​ប្រែ​ឥរិយាបថ ប្រកបដោយ​ភាព វិជ្ជមាន ដើម្បី​ក្លាយជា​កូន​ល្អ យុវជន​ល្អ និង​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​។​

​លោក​បាន​បន្តថា ការធ្វើសកម្មភាព​រួម​គ្នា​ជា​ក្រុម ការ​ងារ​មនុស្សធម៌ ការងារ​សង្គម និង​បរិស្ថាន ដើម្បី​រួមចំណែក​កសាង និង​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​លើ​ឆាក​ជាតិ និង​អន្ដរជាតិ​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ ​២០២៣ កាកបាទក្រហមកម្ពុជា ក៏បាន​ចូលរួម​កម្មវិធី​បោះជំរំ​យុវជន​អន្តរជាតិ​លើក​ទី​៩ ផង​ដែរ​នា​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពីថ្ងៃ​ទី​ ២ ដល់​ថ្ងៃទី​១០ ខែកក្កដា ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ឱ​កាស​ឱ្យ​យុវជន អ្នកស្ម័គ្រចិត្ត ចេះ​ធ្វើ​ការងារ​រួមគ្នា​ជា​ក្រុម ចែករំលែក​បទពិសោធ​ន៍​ការ​ងារ​ផ្ទាល់ខ្លួន ផ្លាស់ប្ដូរ​ចំណេះដឹង និង​ផ្នត់គំនិត​ជា​វិជ្ជមាន ពី​ការងារ​អភិវឌ្ឍន៍​សហគមន៍​រួមគ្នា​៕