ភ្នំពេញៈ ក្រសួងសុខាភិបាល បានបង្ហាញក្ដីបារម្ភចំពោះការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងអេចឈ៍ ធី ភី ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ ខណៈដែលក្រសួងអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ កុំសាកល្បងប្រើប្រាស់បារីនេះ។
កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីសា (SHISHA) និងផលិតផល អេចឈ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង សុខាភិបាល នៅថ្ងៃទី ៣ ខែកុម្ភៈ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ កុំសាកល្បង សូម្បីតែ ១ ដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ស៊ីសា និងផលិតផល អេចឈ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។
ក្រសួងបញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមការណែនាំទាំងនេះ ដើម្បីចៀសវាងពីការញៀនដែលធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សង្គម ដោយការប្រើប្រាស់បារីអេឡិចត្រូនិក ស៊ីសា និងផលិតផល អេចឈ៍ ធី ភី»។
ជាមួយគ្នានេះ ក្រសួងក៏បានបង្ហាញការព្រួយបារម្ភចំពោះបារីអេឡិចត្រូនិក ផលិតផលស៊ីសា និងផលិតផល អេចឈ៍ ធី ភី ដែលភាគច្រើន មានរចនាប័ទ្មយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យ និងមានជនឆ្លៀតឱកាសផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីសា និងផលិតផល អេចឈ៍ ធី ភី តាមរយៈបណ្តាញសង្គមដោយបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ប៉ុន្តែផ្ទុយទៅវិញ បារីអេឡិចត្រូនិក ផលិតផលស៊ីសា និងអេចឈ៍ ធី ភី ពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្ននេះ ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី កំពុងតែមានការកើនឡើងគួរឱ្យព្រួយបារម្ភខ្លាំង តាមរយៈការចុះអង្កេត និងចុះសួរប្រជាពលរដ្ឋក៏បានប្រាប់ដែរថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានការកើនឡើងយុវជនបានប្រើប្រាស់បារីអេឡិចត្រូនិក។
ប្រព័ន្ធបណ្ដាញសង្គមបានផ្សព្វផ្សាយការបង្ហោះលក់បារីអេឡិចត្រូនិកគ្រប់ប្រភេទជាពិសេសផលិតផល អេចឈ៍ ធី ភី គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
លោក មុំ គង់ បានប្រាប់ថា៖ «កាលណាមានអ្នកបង្ហោះលក់កាន់តែច្រើន មានន័យថា ឱកាសនៃការទាក់ទាញឱ្យយុវជន និងកុមារ ចាប់ផ្ដើមប្រើប្រាស់បារីអេឡិចត្រូនិកហ្នឹង ក៏កាន់តែច្រើនផងដែរ។ ជាពិសេសទាក់ទាញអ្នកថ្មី តាមរយៈការបង្ហោះ ផ្សាយពាណិជ្ជកម្មបំភាន់ ជក់ទៅវាឡូយ វាសង្ហា ខណៈដែលអ្នកផ្សាយហ្នឹង គឺសុទ្ធតែយុវជន និងក្មេងៗ។ អ៊ីចឹងទាក់ទាញគ្នាគាត់ខ្លាំងណាស់»។
បើតាមលោក មុំ គង់ កន្លងមកកម្ពុជា បានចូលរួមសកម្មភាពទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទ ជាពិសេសផលិតផល អេចឈ៍ ធី ភីនេះរួចហើយ ដោយរាជរដ្ឋាភិបាល បានធ្វើការហាមឃាត់ទាំងការចែកចាយ ការនាំចូល និងការប្រើប្រាស់ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ នៅតែមានជនល្មើសឆ្លៀតឱកាស ប្រើប្រាស់បណ្ដាញសង្គម ធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងរូបភាពទាក់ទាញកុមារ និងយុវជន។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជាអ្នកតាមដានរឿងហ្នឹង វិធានការបន្ទាន់នោះ គឺត្រូវធ្វើយ៉ាងណាដើម្បីបញ្ឈប់ឱ្យបានអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលផ្សព្វផ្សាយលក់ផលិតផលទាំងអស់ហ្នឹង ដល់កុមារ និងយុវជន ពីព្រោះបើមិនមានអ្នកផ្សព្វផ្សាយ ក៏មិនមានអ្នកប្រើប្រាស់ដែរ»។
លោក មុំ គង់ បញ្ជាក់ថា ក្រៅពីវិធានការបញ្ឈប់អ្នកផ្សព្វផ្សាយលក់ហើយ រាជរដ្ឋាភិបាល ក៏ត្រូវដាក់ចេញវិធានការទប់ស្កាត់ការនាំចូលផលិតផលទាំងនោះ មកប្រទេសកម្ពុជាឱ្យបានតឹងរ៉ឹងបំផុត ជាងពេលកន្លងមក ដើម្បីអាចធានាលុបបំបាត់ការនាំចូលមកចែកចាយ និងលក់បារីអេឡិចត្រូនិកគ្រប់ប្រភេទ ជាពិសេសផលិតផល អេចឈ៍ ធី ភី ទៅឱ្យកុមារ និងយុវជនខ្មែរ។
កន្លងមក អង្គការសុខភាពពិភពលោកក៏បានចេញវិធានការបន្ទាន់ ដោយណែនាំបណ្តាប្រទេសទាំងអស់ហាមឃាត់ការលក់បារីអេឡិចត្រូនិកជាពិសេសត្រូវពង្រឹងការអនុវត្តទប់ស្កាត់ការនាំចូល និងបន្តការត្រួតពិនិត្យ និងឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីធានាដល់ការគាំទ្រកិច្ចអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ។ ក្រៅពីនេះបណ្ដាប្រទេសនានា ក៏ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះការធ្វើពាណិជ្ជកម្មលក់ នាំចូល ចែកចាយ និងផលិតបារីអេឡិចត្រូនិកគ្រប់រសជាតិ៕