ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលឡើងវិញពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
លោកបានណែនាំបែបនេះនៅសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីពិភាក្សាឆ្លង និងអនុម័តរបៀបវារៈមួយចំនួន និងដោះស្រាយបញ្ហាផ្សេងៗ រួមទាំងគ្រឿងស្រវឹងផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រជុំពេញអង្គនេះលោក ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
សូមរំឭកថា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែមករា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរដោយលោកលើកឡើងថា គ្រោះថ្នាក់ធំជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ដែលមកពីការសេពគ្រឿងស្រវឹង។
លោក ហ៊ុន ម៉ាណែត ថ្លែងនាឱកាសនោះថា៖ «ខ្ញុំសុំឱ្យឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិឱ្យពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលឡើងវិញ ព្រោះអាហ្នឹងសោកនាដកម្មណាស់។ ត្រូវធ្វើម៉េចទប់អាហ្នឹង(ជាតិអាល់កុល)កុំឱ្យវាចូលខ្លួន ហើយត្រូវបើកបរដោយប្រយ័ត្នប្រយែង។ ពង្រឹងច្បាប់ពង្រឹងការត្រួតពិនិត្យហើយមហាជនត្រូវចូលរួម»។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រាប់នៅថ្ងៃទី ៤ ខែកុម្ភៈថា ការណែនាំរបស់នាយករដ្ឋមន្ត្រីគឺចាក់ចំបេះដូងអាជ្ញាធររាជធានី ខេត្ត ទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តកែបលោកថាមានលក្ខណៈស្មុគស្មាញក្នុងការដោះស្រាយលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
លោកបានថ្លែងថា៖ «ដោយសារកន្លងមកការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមិនមានលិខិតបទដ្ឋានគតិយុត្តណាមួយហាមឃាត់ពីចំណុចនេះ មុខសញ្ញា និងគោលបំណងរបស់គាត់ដែលផ្សព្វផ្សាយនោះទេ តែយើងមានក្រុមការងារចម្រុះខេត្តក្នុងការពិនិត្យលើអក្ខរាវិរុទ្ធ គម្លាតចិញ្ចើមផ្លូវសាធារណៈឬក៏ផ្សព្វផ្សាយប៉ះពាល់ខ្លាំងទៅដល់ប្រពៃណី សាសនា និងវប្បធម៌ដ៏រុងរឿងរបស់យើង»។
លោកបានបន្ថែមថា៖ «ប៉ុន្តែពាក់ព័ន្ធនឹងស្រាបៀរនេះ ក្នុងនាមខ្ញុំជាអភិបាលខេត្តក៏មានការថ្លឹងថ្លែងពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ព្រោះកន្លងមកមានការផ្សព្វផ្សាយគ្រឿងស្រវឹង ហើយខ្ញុំក៏បានបញ្ជាឱ្យមានការរុះរើផ្ទាំងប៉ាណូគ្រឿងស្រវឹងនៅទីតាំងសំខាន់ៗមួយចំនួន ដែលប៉ះពាល់ដល់សង្គមផងដែរ»។
ជាមួយនេះ លោក សោម ពិសិដ្ឋ រំពឹងថា ក្រោយពីមានអន្តរក្រសួងចំនួន ៣ សហការបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ខេត្តកែបនឹងអនុវត្តឱ្យបានល្អប្រសើរ។
ជុំវិញរឿងនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានថ្លែងថា ការអនុវត្តច្បាប់ជារឿងមួយដែលអាជ្ញាធរគួរធ្វើ ហើយលោកក៏ជំរុញឱ្យមានគោលនយោបាយឬច្បាប់គ្រប់គ្រងគ្រឿងស្រវឹងផងដែរ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងនឹងមានចែងថាពេលណាលក់ដូរបាន ការផ្សព្វផ្សាយពាណិជ្ជកម្មរបៀបណា ហើយគួរដំឡើងពន្ធឱ្យខ្ពស់លើគ្រឿងស្រវឹងដូចនៅប្រទេសថៃដើម្បីធ្វើម៉េចកាត់បន្ថយលទ្ធភាពអ្នកប្រើប្រាស់គ្រឿងស្រវឹង»។
ក្នុងន័យដំឡើងពន្ធនេះលោកបានបន្ថែមថា៖ «កុំឱ្យគាត់មានធនធានដើម្បីទិញគ្រឿងស្រវឹងបានច្រើន មានន័យថា គាត់មានលទ្ធភាពទិញស្រាមែន ប៉ុន្តែទិញបានតិចជាងមុន។ ឧទាហរណ៍ ៤ ម៉ឺនរៀល ធ្លាប់ទិញបានស្រាបៀរបាន ១ កេស ប៉ុន្តែនៅពេលយើងដំឡើងពន្ធ ៤ ម៉ឺនរៀលទិញបានតែកន្លះកេសទេ»។
លោក គឹម បញ្ញា បានបន្តថា អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹងដែលចាំបាច់ត្រូវតែធ្វើដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕