ភ្នំពេញៈ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេសថៃ​នៅថ្ងៃពុធ​ទី ៧ ខែកុម្ភៈនេះ តបតាមការអញ្ជើញ​របស់ លោក សេដ្ឋា ថាវីស៊ីន នាយក​រដ្ឋមន្ត្រី​ថៃ។ 


ក្នុងអំឡុងពេល​នៃដំណើរទស្សនកិច្ច​ផ្លូវការ​នេះ លោក ហ៊ុន ម៉ាណែត នឹងចូល​ក្រាបបង្គំគាល់​ព្រះមហាក្សត្រ​ថៃ ប្រធាន​ព្រឹទ្ធសភា និង ប្រធាន​រដ្ឋសភាថៃ​ផងដែរ។ លើសពីនោះ លោកនាយក​រដ្ឋមន្រ្តី នឹងជួបពិភាក្សា​ការងារលើ​កិច្ចសហប្រតិ​បត្តិ​ការ​ទ្វេភាគី និងពហុភាគី​ជាមួយនឹង​លោក សេដ្ឋា ថាវីស៊ីន។

នាយករដ្ឋមន្ត្រី​ទាំង ២ ក៏នឹងធ្វើ​ជាអធិបតី​ក្នុងពិធីចុះ ហត្ថលេខា​លើឯកសារ​ស្តីពីកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៅថ្ងៃ​ទី ៥ ខែកុម្ភៈ។


ក្រសួងបានបញ្ជាក់​ថា៖ «ដំណើរទស្សនកិច្ចផ្លូវការ​របស់ សម្តេចធិបតី ទៅកាន់​ព្រះរាជាណា​ចក្រ​ថៃ នាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀត​នូវទំនាក់ទំនង​ដ៏យូរអង្វែង និងចំណងមិត្តភាព​ជាប្រពៃណី​រវាងប្រទេស​ទាំង ២ ស្របតាម​ស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព ដែល​ផ្តល់​ផលប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃប្រទេស​ទាំងពីរ ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍​អាស៊ាន និងអន្តរជាតិ»៕