សៀមរាបៈ ​មន្ត្រី​ជំនាញ​ជួស​ជុល​នៅ​ខឿន​រួត​ទី​១ ​របស់​ប្រាសាទ​បា​យ័ន​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរាបាន​ឱ្យ​ដឹង​ថា ថ្ម​ប្រា​សាទ​ជាង ​៤០០​ ដុំ ​ក្នុង​ចំណោម​ថ្ម​ជាង ​២ ០០០ ​ដុំ ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ និង​ស្គាល់​ទីតាំង​ដើម​របស់​វា ​ខណៈ​ថ្ម​ជា​ច្រើន​រយ​ដុំ​ទៀត​មិន​ទាន់​ដឹង​ប្រភព​មក​ពី​ណា​នៅ​ឡើយ​។


កញ្ញា​ ម៉េង សុវណ្ណ​លី​លីន​ ស្ថាបត្យ​ករ និង​ជា​អ្នក​គ្រប់​គ្រង​ការដ្ឋាន​ជួស​ជុល​ខឿន​រួត​ទី​១​ ប្រាសាទ​បាយ័ន បានឱ្យដឹង​​ថា មុន​នឹង​ឈាន​ដល់​ការ​ជួស​ជុល​ថ្ម​កម្រាល​ដែល​ស្រុត ​និង​ជួស​ជុល​ប្រព័ន្ធ​បង្ហូរ​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាងលិ​ច​នៅ​រួត​ទី​១ ​នៃ​ប្រាសាទ​បាយ័ន​ឡើង​វិញ គឺ​ដំបូង​ ក្រុមកា​រងារ​ត្រូវ​រើ​គំនរ​ថ្ម​ដែល​នៅ​ខាង​ក្រោយ​ជញ្ជាំង​រោង​ទង​នៃ​ទីតាំង​ជួស​ជុល​ជា​ចាំ​បាច់​។

កញ្ញា​បាន​បន្ត​ថា ​ការងារ​ជំហាន​ទី​១ គឺ​ត្រូវ​ចុះ​បញ្ជី​ថ្ម​នីមួយៗ​ និង​រើ​ម្តង​មួយៗ​ បែ​ងចែក​ទៅ​តាម​ប្រភេទ​ថ្ម ដើម្បី​ងាយ​ស្រួល​រក​តួនាទី ​និង​ទីតាំង​របស់​វា ​លើក​លែង​តែ​ថ្ម​ដំបូល​ទាំង​អស់​ហ្នឹង​ត្រូវ​យក​ចេញ​ទៅ​ខាង​ក្រៅ ​រៀប​គរ​លើ​គ្នា​ឱ្យមាន​សណ្ដាប់​ធ្នាប់​ អ្វីដែល​យើង​ចង់​បានគឺ​រក​ឃើញ​ផ្នែក​ខាង​លើ​បំផុត​នៃ​តួ​ប្រាង្គ​មុខ​ ៤​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញា​ធរ​ជាតិ​អប្សរា​ នៅ​ថ្ងៃទី ​៥ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៤​។


កញ្ញា ​ម៉េង សុវណ្ណ​លី​លីន បាន​បញ្ជាក់​ថា៖ «​ជា​ផែនកា​រ ក្រុម​ការងារ​នឹង​ព្យា​យាម​រុករក​ទីតាំង​ដើម​របស់​គំនរ​ថ្ម​នីមួយៗ​ ហើយ​ប្រសិន​បើ​មាន​លទ្ធភាព​នឹង​រៀបចំ​ថ្ម​ដែល​រកឃើញ​ទាំង​អស់​នោះ​ទៅ​ទីតាំង​ដើម​វិញ​នា​ពេល​អនា​គត​»​។

បើ​តាម​អាជ្ញា​ធរ​ជាតិ​អប្សរា​ ក្នុង​ចំណោម​ថ្ម​ចំនួន​ប្រមាណ ​២ ០០០ ​ដុំ គរ​នៅ​ទីតាំង​ខាងត្បូ​ង​ឆៀង​ខាង​លិច​ប្រាសាទ​បាយ័ន​ ដែល​ចាប់​ផ្តើម​រើ​តាំងពី​ពាក់​កណ្តាល​ខែមករា​ ឆ្នាំ​ ២០២៤ ​ត្រូវ​បាន​រក​ឃើញ​ចំនួន​ជាង​ ៤០០​ដុំ ដែល​អាច​កំណត់​អត្ត​សញ្ញាណ​បាន​ថា គឺជា​ថ្ម​ធ្លាក់​មក​ពី​ថែវ​ទី​២ និង​កំពូល​ព្រហ្ម​មុខ​ ៤ ​នៅ​ជ្រុង​និរតី​នៃ​ប្រា​សាទ​បាយ័ន ខណៈ​ថ្ម​ជាច្រើន​ទៀត ​មិនទាន់​ដឹង​ថាមាន​ប្រភព​មក​ពី​ណា​នៅ​ឡើយ​។


លោក ​ញ៉ុ​ក ឡូ បុគ្គលិក​ជួស​ជុល​ប្រាសាទ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា និង​ជា​អ្នក​ជំនាញ​រក​ថ្ម​បា​នឱ្យដឹង​ថា ក្នុង​ការ​រើ​គំនរ​ថ្ម​ទិស​ខាង​ត្បូង​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​បា​យ័ន​ក្នុងជំហាន​ដំបូង​នេះ ​បាន​រក​ឃើញ​ថ្ម និង​អាច​កំណត់​អត្ត​សញ្ញាណ​ជា​ច្រើន​ប្រភេទ​ដូច​ជា ថ្ម​ផ្តែ ថ្ម​ចិញ្ចើម​ព្រហ្ម ថ្ម​ទង​ត្រចៀក​របស់​ព្រហ្ម​មុខ​៤ ថ្ម​សសរ​ពេជ្រ ថ្ម​ហោ​ជាង និង​ដំបូល​របស់​ប្រា​សាទ​បា​យ័ន​។
 
​លោក​បាន​បន្ត​ថា ដោយឡែ​ក ថ្ម​មាន​ចម្លាក់​ជា​ទង​ត្រចៀក​ បបូរ​មាត់​ទាំង​នោះ បាន​ជ្រុះ​ធ្លាក់​ពី​កំពូល​មុខ​ព្រហ្ម​លេខ​ ២៧ ​រួមទាំ​ង​ធ្លាក់​ពី​ថែវ​ទី​២ ដែល​នៅ​ទល់​មុខនឹង​គំនរ​ថ្ម​នេះ​តែ​ម្តង​។ 

​លោក ​ញ៉ុ​ក ឡូ បាន​បញ្ជាក់​ថា៖ «​ចំពោះ​ដុំថ្ម​ដែល​អាច​កំណត់​អត្ត​សញ្ញាណ​បាន ​គឺ​ត្រូវ​រៀប​ទុក​មួយ​ផ្នែក​សម្រាប់​យក​មក​ផ្គុំ​គ្នា​ឡើង​វិញ​។ រីឯ​ថ្ម​មួយ​ចំនួ​នទៀត​ មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​បាន​ត្រូវ​ទុក​ដាច់​ដោយ​ឡែក​ជា​បណ្តោះ​អា​សន្ន​សិន​»​។​

​សូមរំឭ​ក​ដែរ​ថា កាល​ពី​ថ្ងៃទី​ ៣១ ​ខែមករា​ ក្រុម​អ្នក​ជំនាញ​របស់​នាយក​ដ្ឋា​ន​អភិ​រក្ស​ប្រា​សាទ និង​បុរាណ​វិទ្យា​ នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​រើ​គំនរ​ផ្ទាំង​ថ្ម​ជាច្រើន​រយ​ដុំដើម្បី​ជួស​ជុល​កម្រាល​ដែល​ស្រុត ​ព្រម​ទាំង​រៀបចំ​ប្រព័ន្ធ​បង្ហូរ​ទឹក​បុរាណ​ឡើង​វិញ​នៅ​រោង​ទង​ទី​១ផ្នែក​ខាង​ត្បូង​ឆៀង​ខាង​លិច​របស់​ប្រា​សាទ​បា​យ័ន​។

ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​វិញ មិន​ដំណើរ​ការ​យូរ​ឆ្នាំ​មក​ហើយ ​ហើយ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ ស្ទះ​ទឹក​ ទើប​ក្រុម​អ្នក​ជំនាញ​ជួស​ជុល​ឡើង​វិញ​ដើម្បី​ឱ្យ​មាន​ដំណើរ​ការ​រំដោះ​ទឹក​ចេញពី​ប្រាសាទ​បាយ័ន​ទៅខាង​ក្រៅ ​ដើម្បី​បញ្ចៀស​ភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​គ្រឹះ​ប្រា​សាទ​ច្រើន​ អាច​នាំឱ្យ​ដី​ល្បាប់​ខ្សាច់​ហូរ​ចេញ​ទៅ​តាម​ទឹក​ភ្លៀង ដែល​វា​នឹង​ធ្វើឱ្យ​គ្រឹះ​ប្រា​សាទ​ខ្សោយ​៕