​តាមរយៈ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​បឋម​របស់​ក្រសួង​កិច្ចការនារី និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​បង្ហាញថា ការរៀប​ការ​នៅ​វ័យ​កុមារ ការរៀប​ការ​ដោយ​បង្ខំ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​វ័យក្មេង (CEFMU) មុន​អាយុ ១៥​ឆ្នាំ មាន​អត្រា​ថយចុះ​ប្រមាណ ០,៥%​។​


ក្រសួង​កិច្ចការនារី និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ស្ថានភាព​ការរៀប​ការ​នៅ​វ័យ​កុមារ ការរៀប​ការ​ដោយ​បង្ខំ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​វ័យក្មេង (CEFMU) ដោយមាន​ការចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ផ្សេងទៀត​ផងដែរ នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា និន្នាការ​ថយចុះ​អត្រា​ការរៀប​ការ​នៅ​វ័យ​កុមារ ការរៀប​ការ​ដោយ​បង្ខំ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​វ័យក្មេង (CEFMU) បើ​ធៀប​ជាមួយនឹង​ទិន្នន័យ​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា (CDHS)​នៅ​ឆ្នាំ​២០២១-២០២២ បានបញ្ជាក់​ពី​ការថយចុះ​អត្រា​ប្រេ​វ៉ាឡង់ CEFMU មុន​អាយុ ១៥​ ឆ្នាំ ជាមួយនឹង​អត្រា​ថយចុះ​ពី​១,៨% ទៅ ០.៥%​។​


ជាងនេះទៅទៀត មានការ​ថយចុះ​នៃ​អត្រា​ប្រេ​វ៉ាឡង់​ក្នុងចំណោម​ស្ត្រី​ដែល​រៀបការ​មុន​អាយុ ១៨​ ឆ្នាំ ថយចុះ​ពី ១៩% ទៅ ១៤,៤៤%​។ ចំពោះ​បុរស​វិញ ភាគរយ​នៃ​បុរស​ដែល​រៀបការ​មុន​អាយុ ១៥​ឆ្នាំ បាន​ថយចុះ​ពី ១,៨% ​ទៅ ០,២២%​។ លើសពីនេះ​ទៀត​មានការ​ថយចុះ​នៃ​អត្រា​ប្រេ​វ៉ាឡង់​នៃ​បុរស​ដែល​បាន​រៀបការ​នៅ​ចន្លោះ​អាយុ​ពី ១៥ ឆ្នាំ ដល់ ១៨​ ឆ្នាំ ពី ៦% ទៅ ២,៩៦%​។​

របាយការណ៍​ដដែល​នេះ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ខេត្ត​ចំនួន​៩ រួមមាន​៖ ខេត្តរតនគិរី មាន​អត្រា​ខ្ពស់បំផុត​នៃ​ស្ត្រី​ដែល​បាន​រៀបការ​មុន​អាយុ​ ១៨​ ឆ្នាំ គឺ ៣៧,៣%, ខេត្តព្រះវិហារ​មាន​អត្រា​ខ្ពស់​ជាងគេ​ទី​២​ គឺ ១៦,៧%​។ ខេត្តស្ទឹងត្រែង ១៤,៧%, ខេត្តកំពត ​១៤​ ភាគរយ​, ខេត្តសៀមរាប ​១២ ​ភាគរយ​, ខេត្តព្រៃវែង​ ១០,៧%​។ ខេត្ត​ព្រះសីហនុ ៩,៣%, ខេត្តបាត់ដំបង ៨​ ភាគរយ ហើយ​និង​ខេត្តតាកែវ មាន​អត្រា​លំដាប់​ទាប​ជាងគេ​គឺ ៧,៣%​។​


លោកស្រី គ្វី​ន​នេ​ត វ៉ង នាយិកា​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​កម្ពុជា បានលើកឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​របាយការណ៍​ថា ទោះបីជា​ប្រទេស​កម្ពុជា បាន​កាត់បន្ថយ​តិចតួច​នូវ​ការរៀប​ការ​វ័យ​កុមារ ការរៀប​ការ​ដោយ​បង្ខំ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​វ័យក្មេង​ក៏ដោយ ក៏​ទម្រង់​នៃ​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ​នេះ នៅតែ​កើតមាន​ជា​បន្ត ដោយបាន​បង្កឱ្យមាន​កា​រ​លំបាក​ចំពោះ​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សិទ្ធិ​កុមារ​នៅក្នុង​ប្រទេស​។

 លោកស្រី​ថា ប្រេ​វ៉ាឡង់​នៃ​អំពើហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល ត្រូវបាន​សង្កេតឃើញ​មាននៅ​ឡើយ ដោយ​ក្នុងនោះ​ស្ត្រី ១​នាក់​ក្នុងចំណោម​ស្ដ្រី​កម្ពុជា ១០​ នាក់ ​បាន​ជួបប្រទះ​អំពើហិង្សា​បែបនេះ​។ 

លោកស្រី​លើកឡើង​ទៀតថា លទ្ធផល​បឋម​ដែល​បាន​រកឃើញ​ពី​ការសិក្សា​ស្រាវជ្រាវ​នេះ បានបញ្ជាក់​ឡើងវិញ​ថា ការ​រៀបការ​កុមារ ការ​រៀបការ​វ័យក្មេង និង​ការ​រៀបការ​ដោយ​បង្ខំ នៅតែមាន​ផលប៉ះពាល់ និង​មាន​ឥទ្ធិពល​ទៅលើ​ក្មេងស្រី​នៅឡើយ ហើយ​និង​ក្មេងប្រុស​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោកស្រី ​គ្វី​ន​នេ​ត វ៉ង បាន​មានប្រសាសន៍ថា​៖ «​ការរៀប​ការ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​វ័យក្មេង គឺជា​ការអនុវត្ត​ប្រកបដោយ​គ្រោះថ្នាក់ និង​ជាការ​រំលោភសិទ្ធិ​របស់​កុមារ ព្រមទាំង​សិទ្ធិ​របស់​ក្មេងស្រី និង​ស្ដ្រី ហើយ​វា​ក៏​ជាការ​បង្ក​នូវ​ឧបសគ្គ​ជា​មូលដ្ឋាន​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​ផងដែរ​»​។​

លោកស្រី​បាន​អះអាងថា ការសិក្សា​ស្រាវជ្រាវ​នេះ​បានធ្វើ​ការវិភាគ​ស៊ីជម្រៅ​ទៅលើ​មូលហេតុ​ចម្បង​នៃ​ការ​រៀបការ​វ័យក្មេង និង​ការ​រៀបការ​ដោយ​បង្ខំ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​វ័យក្មេង វា​ជា​ប្រពៃណី​មួយ​ប្រកបដោយ​គ្រោះថ្នាក់ ដែល​ទទួលរង​ឥទ្ធិពល​ពី​បទដ្ឋាន​វប្ប​ធម៌ ជាតិ​សាសន៍ និង​ប្រព័ន្ធ​បិតា​ធិបតេយ្យ ដែល​នៅ​តេ​បន្ត​បង្កើត​បទដ្ឋាន​យេនឌ័រ​អវិជ្ជមាន​។ 

លើសពីនេះទៅទៀត ក្នុង​ការវិភាគ​ស៊ីជម្រៅ​នេះដែរ ក៏​ពាក់ព័ន្ធ​ជាមួយនឹង​កត្តា​មួយចំនួន​រួមមាន​៖ កត្តា​ទីតាំង​ភូមិសាស្ត្រ សេដ្ឋកិច្ច​គ្រួសារ ភាពក្រីក្រ វិសមភាព​សង្គម​សេ​កិច្ច ការអប់រំ ការបោះបង់​ការសិក្សា កង្វះ​ចំណេះដឹង​ពី​សុខភាព​បន្ត​ពូជ ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់ កង្វះ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​ឥទ្ធិពល​នៃ​អ៊ីនធឺណិត និង​ប្រព័ន្ធ​បណ្ដាញ​សង្គម​។

​លោកស្រី​ថា ទាំងនេះ​គឺជា​បុព្វហេតុ ឬ​កត្តា​ពាក់ព័ន្ធ​នៃ​ការរៀប​ការ​នៅ​វ័យ​កុមារ ការរៀប​ការ​ដោយ​បង្ខំ និង​ការរស់នៅ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​វ័យក្មេង (CEFMU) នៅក្នុង​ប្រទេស​កម្ពុជា​។

 ​ចំណែក លោកស្រី ហ៊ូ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ក៏បាន​ថ្លែង​ដែរ​ថា ក្រសួង​កិច្ចការនារី និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានរៀបចំ​របាយការណ៍​នេះ​ឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​ការ​រៀបការ​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​។​

លោកស្រី​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧​ នេះ នៅតែ​បន្ត​ផ្ដល់​អាទិភាព​ខ្ពស់ និង​បង្កើន​ការវិនិយោគ​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ដ្រី លុបបំបាត់​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​អប់រំ និង​ឌីជីថល ព្រមទាំង​លុបបំបាត់​អំពើហិង្សា​លើ​ស្ដ្រី និង​ក្មេងស្រី ដែលជា​ការរំលោភ​សិទ្ធិ​មនុស្ស ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស លើកកម្ពស់​សីលធម៌​សង្គម​។​

លោកស្រី​បាន​ថ្លែងថា​៖ «​កិច្ចការពារ​កុមារ ការលើកកម្ពស់​សិទ្ធិ​កុមារ ជាពិសេស​ការចូលរួម​ទប់ស្កាត់​បង្ការ​ការរៀប​ការ​វ័យ​កុមារ និង​ការអភិវឌ្ឍ​ខ្លួន​ក្លាយជា​មនុស្សពេញវ័យ ជាការ​ងារ​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។​

លោកស្រី ហ៊ូ សា​មិត្ត បាន​បន្តថា ៖ «​កិច្ចការងារ​នេះ ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ គោលនយោបាយ ផែនការ​សកម្ម​ភាពជា​តិ លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​ធានាឱ្យមាន​ភាពល្អប្រសើរ​ឡើង​នូវ​បរិយាកាស​រៀនសូត្រ​ល្អ​ក្នុង​សាលារៀន ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការបោះបង់​ការសិក្សា​ផងដែរ​»​។​

អាពាហ៍ពិពាហ៍​ក្នុង​វ័យ​កុមារ វា​គឺជា​ទម្រង់​មួយ​នៃ​ការកេងប្រវ័ញ្ច និង​ជា​អំពើហិង្សា​លើ​កុមារ ទោះបី​អត្រា​នៃ​ការ​រៀបការ​ក្នុង​វ័យ​កុមារ​ក្នុងប្រទេស​កម្ពុជា មិន​ខ្ពស់បំផុត​នៅក្នុង​តំបន់​ក៏ដោយ ប៉ុន្តែ​វា​ជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់ ដែល​គួរឱ្យ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​។ នេះ​បើតាម​ការបន្ថែម​របស់​លោកស្រី ហ៊ូ សា​មិត្ត​៕