អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី ​២៩ ខែមករា ដល់​ថ្ងៃទី ​៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤ សមត្ថកិច្ច​នគរបាល​ជាតិ​បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ទូទាំងប្រទេស បាន​ចំនួន​ ៥៤​ ករណី ក្នុងចំណោម​ករណី​ព្រហ្មទណ្ឌ​ ដែល​បាន​កើតឡើង​សរុប​ចំនួន ​៦១​ ករណី ដែលជា​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​។​


លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ថា ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ១​សប្តាហ៍​ចុងក្រោយ​នេះដែរ​មន្ត្រីនគរបាល​ជាតិ​បាន​ក្រសោប​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​ព្រៃឈើ និង​ជលផល​ជាច្រើន​ករណី​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទាំងប្រទេស​ទាំង ៥៤ ​ករណីនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៧៦​ នាក់ ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ហិង្សា ឃាតកម្ម បទល្មើស​លួច ឆក់ ប្លន់ ជាដើម​។​


លោក ទូច សុ​ខៈ បាន​បញ្ជាក់ថា៖ «​បេសកកម្ម​របស់​កម្លាំង​សមត្ថកិច្ច​នេះ​ ជាការ​បន្ត​យកចិត្តទុកដាក់​ជំរុញ និង​អនុវត្ត​យ៉ាងសកម្ម​លើ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ​ដែល​បន្ត​ដាក់ចេញ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត បន្ត​ពី​រដ្ឋាភិបាល​អាណត្តិ​មុនៗ​»​។​

លោក​ថា ចំពោះ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព បានកំណត់​ពី​ការ​គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿង​ញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរា​ចរណ៍ គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង នៅ​គ្រប់​ភូមិ​-​ឃុំ​-​សង្កាត់​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ សាទរ​ចំពោះ​ការបំពេញភារកិច្ច​រប​ស់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​នេះ ដែល​លោក​លើកទឹកចិត្ត​ឱ្យ​បន្តសកម្មភាព​នេះ​កាន់តែ​សកម្ម​ដោយ​គ្មាន​ការយោគយល់​ណាមួយ​ចំពោះ​បទឧក្រិដ្ឋ និង​បទមជ្ឈិម ចៀសវាង​មានការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​ណាមួយ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ ដែល​ទាមទារ​ការ​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។

​​លោក​ប្រាប់ថា​៖ «​តួនាទី​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវតែ​អនុវត្ត​ការទប់ស្កាត់​និង​ការបង្ក្រាប​ទៅលើ​បទល្មើស ឬ​ការអនុវត្ត ការស្វែងរក​យុត្តិធម៌ យក​ជន​ដែល​ប្រព្រឹត្ត​ខុស​ទៅ​អនុវត្តតាម​ផ្លូវច្បាប់ ដោយ​មិនមាន​ការយោគយល់ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ផ្លូវច្បាប់ និង​ចៀសវាង​មាន​បញ្ហា​អំពើពុករលួយ​»​។​

លោក​បន្តថា ដើម្បី​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព រដ្ឋាភិបាល​ត្រូវ​ធានា​ធ្វើយ៉ាងណា​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ឆ្ងាយ ឬ​មិន​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​បទល្មើស​នានា​តួយ៉ាង​ល្បែងស៊ីសង ករណី​គ្រឿងញៀន ជាដើម​។​

សូម​បញ្ជាក់ដែរថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ដោយ​លោក​ថា សន្តិសុខ​គឺជា​កត្តា​ចម្បង​សម្រាប់​ការអភិវឌ្ឍ តំបន់​ទេស​ចរណ៍ និង​តំបន់ឧស្សាហកម្ម ដែល​ដាច់ខាត​ត្រូវ​ធានា​ឱ្យបាន ជុំវិញ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​។​

​ជាមួយគ្នានេះដែរ ចាប់ពី​ដើម​អាណត្តិ​ទី​៧​នេះ លោ​កស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ទិសដៅ​អាទិភាព​ចំនួន​៦ ក្នុងនោះ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ផងដែរ និង​តែងតែ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​អគ្គស្នងការ​នគរបាលជាតិ​បង្កើន​ការយកចិត្តទុកដាក់​ប​ង្កា​រ ទប់ស្កាត់ និង​បង្ក្រាប រាល់​បទល្មើស​ក្នុងសង្គម តាម​ទិស​ស្លោក «​ធ្វើ​អ្វីៗ​ដើម្បី​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​»៕