បាត់ដំបងៈ​ អាជ្ញា​ធរ​មីន និង​អង្គ​ភាព​ស៊ីម៉ាក់ បា​ន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ករណី​ផ្ទុះ​គ្រាប់មីន​នៅក្នុង​ខេត្ត​បាត់​ដំបង​ដែល​បណ្ដាល​ឱ្យ​រង​របួស​ដៃជើង​ធ្ងន់​ធ្ងរ​ហើយ​អង្គភា​ព​ទាំង២​ក៏​បាន​អំពាវ​នាវ​ជាថ្មី​ឱ្យ​ពល​រដ្ឋ​ទាំង​អស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​


​កា​រអំ​ពាវនាវ​ជាថ្មី​នេះ​ធ្វើឡើង​ ក្រោយពី​មាន​ករណី​ផ្ទុះ​មីន​បណ្តាល​ឱ្យ​បុរស​អាយុ​ ៥៥​ ឆ្នាំ ម្នាក់​រងរបួស​ជើង​ទាំង​២ និង​របួស​ដៃ ​បន្ទាប់​ពី​ជនរ​ងគ្រោះ​ដើរ​ទៅ​ចម្ការ​ដើម្បី​គាស់​ល្មៀតយក​ទៅលក់​ផ្គត់​ផ្គង់​ជីវភា​ព​គ្រួសារ​ ហើយ​បាន​ប៉ះ​គ្រាប់​មីន ​នៅ​ចំណុច​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ​ស្រុក​សំឡូត ​ខេត្តបា​ត់ដំបង​។ នេះ​បើតាម​យោង​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញា​ធរ​មីន ​កាលពី​​ថ្ងៃទី​៤ ​ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​អាជ្ញា​ធរ​មីន​បាន​ឱ្យដឹ​ង​ទៀត​ថា គ្រាប់​មីន​ដែល​ផ្ទុះ​នេះ​ជា​ប្រភេទ​មីន ​៦៩ ​ខណៈ​បច្ចុប្បន្ន​ ជន​រងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ដបាត់​ដំបង ដោយ​រថ​យន្ត​យោធា​។

​លោក ​លី ធុជ​ អនុប្រ​ធាន​ទី​១ អាជ្ញា​ធរ​មីន បាន​ថ្លែង​ថា ទាំង​រាជ​រដ្ឋាភិ​បាល ក៏ដូចជា​​អាជ្ញាធ​រ​មីនបាន​ខិតខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​លើ​ការងារ​បោស​សម្អាត​មីន ​ពីព្រោះ​គ្រាប់​មីន​មាន​ភាព​កាចសា​ហាវ​ជាង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ផ្សេងៗ​។ ក្នុង​នាម​ជា​អាជ្ញា​ធរ​មីន គឺ​លោក​ពិត​ជា​មិន​ចង់​ឱ្យមាន​ករណី​ផ្ទុះ​មីន​បែប​នេះបន្ត​កើត​ឡើង​ចំពោះ​ប្រជា​ជន​កម្ពុជា​នោះឡើ​យ​។​


​លោក​បាន​ថ្លែង​ថា​៖ «​អាជ្ញា​ធរ​មីន​ នឹង​បន្ត​អនុវត្ត​ការងារ​បោសស​ម្អាត​មីន​ឱ្យ​អស់ពី​កម្ពុជា​ឆាប់ៗ​ដោយ​ជំរុញ​ឱ្យ​ប្រតិ​បត្តិ​ករ​ជាតិ​យើង ​ក៏ដូ​ចជា​អាជ្ញាធរ​ដែនដី​ជួយ​ផ្សព្វ​ផ្សាយ​​អំពី​គ្រោះថ្នាក់​ដោយ​សារ​មីន​ហ្នឹង​ទៅកាន់​សហ​គមន៍​ដែល​មាន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​ដើម្បី​ឱ្យ​បង​ប្អូន​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ត​ទៀត​»​។​

​ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ឱ្យ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​ដោយសា​រ​មីន​ហើយ​ លោក​ លី ធុជ ក៏​បាន​ស្នើឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​មាន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​កុំ​ចូល​ទៅ​តំបន់​ណា​ដែល​មិន​ដឹង​ប្រវត្តិ​ច្បាស់​លាស់​ឬ​ប្រសិន​បើ​ បាន​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះសូម​កុំ​ប៉ះ​ពាល់ ហើយ​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថ​កិច្ចនិង​ប្រតិ​បត្តិ​ករ​បោស​សម្អាត​មីន ​ដែល​នៅ​ជិត​ទី​នោះ​ដើម្បី​យក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេច​ចោល​។​


​ទន្ទឹម​នេះ ​អាជ្ញា​ធរ​មីន នឹង​ព្យាយា​ម​ទម្លាក់​ធន​ធាន​ហិរញ្ញ​វត្ថុ និង​កង​កម្លាំង​បោស​សម្អាត​មីន​ឱ្យ​បាន​រហ័ស​ជាង​នេះ ​ដើម្បី​ឆ្លើយ​តប​ និង​អន្ត​រាគមន៍​ ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​កុំឱ្យ​ប្រជាព​លរដ្ឋ​មាន​គ្រោះថ្នា​ក់​ដោយ​សារ​គ្រាប់​មីន​។ នេះ​ជា​ការ​បន្ថែម​របស់​លោក ​លី ធុជ​។​

​ដោ​យឡែ​ក លោក ហេង រតនា អគ្គនា​យក​ម​ជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) ក៏បាន​លើក​ឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ដែរថា គ្រាប់​មីន​ដែល​ផ្ទុះ​នេះ ​ជា​គ្រាប់​មីន​សំណ​ល់​ពី​សង្គ្រាម​។​

​លោក​បាន​បញ្ជាក់ថា​​៖ «​នេះ​ជា​សោក​វិនាស​កម្ម​នៃ​មរតក​សង្គ្រាម​ដែល​បន្ត​គំរា​មកំហែង​ដល់​អាយុ​ជីវិត​ប្រជា​ជន​កម្ពុជា​។ ខ្ញុំ​សូម​ចូល​រួម​សោក​ស្តាយ​ជា​មួយ​ជន​រង​គ្រោះ និង​គ្រួសារ​»​។​

​លោក​ថា កា​រអភិ​វឌ្ឍ​ក្នុង​តំបន់​ចម្កា​រមីនឬ​តំបន់​សង្ស័យ​មាន​មីន​ឬ​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាមត្រូវតែ​ធ្វើការ​បោសស​ម្អាត​គ្រាប់មី​ន និង​សំណល់​ជាតិ​ផ្ទុះ​ជា​មុន​ ដើម្បី​ធានា​សុខ​សុវត្ថិ​ភាព និង​អនុ​លោម​តាមច្បា​ប់​រដ្ឋ​។ ហេ​តុនេះ​​ប្រសិន​បើ​មាន​ការ​អភិ​វឌ្ឍ​ក្នុង​ចម្ការ​មីនដោយ​គ្មាន​ការ​បោស​សម្អាត​មីន​ជា​មុន​ទេនោះ​វា​នឹង​ធ្វើ​ឱ្យមាន​មនុស្ស​ស្លាប់ ​និង​របួស​ ជាពិ​សេស​វា​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ទាំង​កំពុង​អភិវឌ្ឍ​និង​ការប្រើ​ប្រាស់​ដី​តំបន់​នោះ​ផង​ដែរ​។ 

​សូម​រំ​ឭក​ផង​ដែរ​​ថា កាលពី​ថ្ងៃទី​៣០ ​ខែមករា​ ឆ្នាំ​២០២៤​ កន្លង​ម​ក ​ក៏មាន​ករណី​ផ្ទុះ​មីន​បណ្ដា​លឱ្យ​ពលរដ្ឋ​ម្នាក់ រង​របួស​ធ្ងន់និង​២​នាក់​ទៀត​រង​របួស​ស្រាលផងដែរ​ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ​ស្រុក​វា​លវែ​ង ខេត្តពោធិ៍សា​ត់​។

​យោង​តាម​របាយ​ការណ៍​របស់​អាជ្ញា​ធរ​មីន​កាល​ឆ្នាំ​២០២៣ ​កន្លង​មក ​បាន​បង្ហាញ​ថា ជ​នរងគ្រោះ​ថ្នាក់​ដោយសា​​រ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​ ៣២​ នាក់​ ក្នុង​នោះ​មាន​អ្នកស្លា​ប់​ចំនួន ​៤ ​នាក់ ​រងរបួស​ ១៨ ​នាក់ និង​ពិការ​អវយវៈ​១០​នាក់​។ ជនរ​ងគ្រោះ​​ខាងលើ​នេះ ​ភាគច្រើន​បាន​ឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយមា​នជ័យ ​ខេត្ត​ឧត្តរ​មាន​ជ័យ ​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​រតន​គិរី​។​

​តួ​លេខ​ជនរ​ងគ្រោះ​ឆ្នាំ​២០២៣ កន្លង​មក ​មាន​ការ​ថយចុះ​ ២២​ ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២២​ ដែល​មាន​ជន​រ​ងគ្រោះ​ចំនួន​ ៤១​ នាក់​៕