​ភ្នំពេញៈ មន្ដ្រី​ក្រសួងសុខាភិបាល​បាន​ក្រើនរំឭក​ និង​ជំរុញ​ដល់​ឱសថការី​ទាំងអស់​ឱ្យចូល​​រួម​លុបបំបាត់​ឱសថ​ក្លែងក្លាយ​អន់​គុណភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន​និង​សង្គមជាតិ ដើម្បី​ជំរុញ និង​លើកកម្ពស់​វិស័យ​សុខាភិបាល​កម្ពុជា​។​


​ការជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ដែន​កំណត់​វិជ្ជា​​ជីវៈ​ឱសថការី​ដល់​សមាជិក​ឱសថ​​ការី​រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​គណៈ​ឱសថការី​កម្ពុជា កាល​ថ្ងៃទី​ ៤​ ​ខែកុម្ភៈ ​ឆ្នាំ​ ២០២៤​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នាឱកាស​នោះ​លោក ​វ៉ា សុខ​គា អនុ​ប្រធាន​ទី​២ ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ​ឱ្យដឹងថា កម្មវិធី​ផ្សព្វផ្សាយ​ដែន​កំណត់​វិជ្ជាជីវៈ​ឱសថការី ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពី​ដែន​កំណត់​វិជ្ជាជីវៈ​របស់​ឱសថការី នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ ដោយបាន​កំណត់​ក្នុង​សៀវភៅ​និយាម​វិជ្ជា​ជីវៈ​ឱសថការី និង​ដែន​កំណត់​វិជ្ជាជីវៈ​ឱសថការី​។​


លើសពីនេះ លោក​បាន​រំឭក​ដល់​ឱសថការី ត្រូវគោរព​ដែន​កំណត់​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​កុំឱ្យ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​ក្នុងករណី​ឱសថ​ការី​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​ខណៈ​លោក​ក៏បាន​ជំ​រុញឱ្យ​ឱសថការី​ត្រូវ​ចូលរួម​លុបបំបាត់​ឱសថ​ដែល​នាំ​ប៉ះពាល់​ដល់​សុខភាព​។​

​លោក ​វ៉ា សុខ​គា ​ថ្លែងថា​៖ «​យើង​ត្រូវតែ​រួម​សាមគ្គី​គ្នា​លុបបំបាត់​ឱសថ​ក្លែងក្លាយ ឱសថ​អន់​គុណភាព​ឱសថ​ញៀន ឬ​សារធាតុ​ប៉ះពាល់​ដល់​សរសៃប្រសាទ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​សុខុមាលភាព​របស់​យុវជន​យើង​ហើយ​យើង​ត្រូវ​នាំគ្នា​ទប់ស្កាត់​និង​លុបបំបាត់​ឱ្យខាងតែបាន​»​។​


​ជាមួយគ្នានេះដែរ លោក ងី​ មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញថ្លែងថា លោក​សង្កេតឃើញ​ឱសថដ្ឋាន​ដែល​បាន​ដំណើរការ​អាជីវកម្ម​នៅ​ភ្នំពេញ គឺ​បាន​បំពេញ​បានល្អ ប៉ុន្តែ​ក៏ត្រូវ​ការពង្រឹង​នូវ​សមត្ថ​ភាព​បន្ថែមទៀត​ដែរ​។ «​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​ឱសថ​ដ្ឋា​ន​ចំនួន​ ១ ៥៤០​ ទទួលបាន​ការអនុញ្ញាត​បើក​អាជីវកម្ម​ពី​មន្ទីរ​សុខាភិបាល​រា​ធានី​ភ្នំពេញ ទោះបី​គាត់​អនុវត្ត​បានល្អ​ហើយក៏​យើង​ត្រូវ​ការពង្រឹង​បន្ថែម​នូវ​ចំណុច​ខ្វះខាត និង​ខ្វះចន្លោះ​របស់​ឱសថស្ថាន​ទាំងនោះ ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​»​។​

​លោក​នុត សម្បត្តិ​ប្រធាន​វិទ្យា​ស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​គាំទ្រ​លើ​ការជំរុញ​ឱ្យមាន​ការរួម​លុបបំបាត់​ឱសថ​ក្លែងក្លាយ​អន់​គុណភាព ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​។ «​ខ្ញុំ​សូម​គាំទ្រ​នូវ​ការជំរុញឱ្យ​រួមគ្នា​ទប់ស្កាត់ និង​លុបបំបាត់​ឱសថ​ក្លែងក្លាយ​នានា​ដែល​កំពុងផ្តល់​ផលប៉ះពាល់​ដល់​សុខភាព ព្រោះថា បើ​យើង​លុបបំបាត់​ឱសថ​ទាំង​នោះបាន​ជោគជ័យ នឹងធ្វើ​ឱ្យ​សង្គម​យើង​លែងមាន​ឱសថ​ក្លែងក្លាយ ថ្នាំញៀន​ដែល​បំផ្លាញ​អាយុជីវិត​ប្រជាជន​យើង​ទៀត​»​។​

​បន្ថែម​ពីនេះ លោក វ៉ា សុខ​គា ក៏បាន​អំពាវនាវ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល ត្រូវមាន​សេចក្តីថ្លៃថ្នូរ ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​ប្រកបដោយ​កាត​ព្វ​កិច្ច​ក្នុង​វិជ្ជាជីវៈ​ឱសថ​អម​វេជ្ជសាស្ត្រ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ថែមទៀត​៕