​ភ្នំពេញៈ ការបង្កើតឱ្យមាន​ក្លិប​សិក្សា​ក្រៅ​ម៉ោង នឹង​ជួយ​ពង្រឹងសមត្ថភាព និង​ក្រម​សីល​​ធម៌​របស់​សិស្សានុសិស្ស​កាន់​តែមាន​គុណភាព ខណៈ​បច្ចុប្បន្ន​ក្រសួង​បាន​បង្កើតឱ្យមាន​ក្លិប​សិក្សា​ក្រៅ​ម៉ោង​សិក្សា​លើ​ការអប់រំ​បច្ចេកវិទ្យា (ICT) និង​សហគ្រិនភាព​នៅតាម​សាលារៀន​កម្រិត​អនុវិទ្យាល័យ​។


​ក្លិប​សិក្សា​ក្រៅ​ម៉ោង​ដែល​សិក្សា​លើ​ការអប់រំ​បច្ចេកវិទ្យា (ICT) និង​សហគ្រិនភាព តាម​សាលារៀន​កម្រិត​អនុវិទ្យាល័យ​នេះ គឺ​បាន​ធ្វើឡើង​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ ដោយមាន​គ្រូ​​ដឹកនាំ​ប្រចាំ​សាលា សម្រាប់​ជួយ​ណែនាំ​ដល់​សិស្ស​។ គ្រូដឹកនាំ​ប្រចាំ​សាលា ណែនាំ​លើ​ជំនាញ​សរសេរ​កូដ​បង្កើត​កម្ម​វិធី​ទូរស័ព្ទដៃ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​របស់​​ពួកគេ ក៏ដូចជា​បញ្ហា​កើតមាន​នៅលើ​សកល​​លោក​ផងដែរ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ នៅ​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ​​ ២០២៤​។​

​ក្រសួង​អប់រំ​ឱ្យដឹងទៀតថា ក្លិប​សិក្សា​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ជំរុញ​លើកទឹកចិត្ត​សិស្ស​ឱ្យ​ចាប់អារម្មណ៍​ក្នុងការ​ជ្រើស​រើសយក​ជំនាញ​បច្ចេកវិទ្យា​ដែល​ស្របតាម​បរិបទ​នៃ​​បរិវត្ត​កម្ម​ឌីជីថល​នៃ​ការអប់រំ និង​បំ​ណិ​នស​ត​វត្សរ៍​ទី​២១ ព្រមទាំង​ជួយ​លើកកម្ពស់​ការអប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា​។​


​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានឱ្យដឹងថា ការបង្កើតឱ្យមាន​ក្លិប​សិក្សា​ក្រៅ​ម៉ោង​នេះ​ក្រសួង​មិនមែន​គ្រាន់តែ​បង្រៀន​តែ​មុខវិជ្ជា​បច្ចេកវិទ្យា (ICT) និង​សហគ្រិន​ភាព​ប៉ុណ្ណោះ​ទេ ពោល​ក្រសួង​បាន​បង្រៀន​មុខវិជ្ជា​ជាច្រើន​ទៀត ដូចជា​៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា ភាសាបរទេស អប់រំ​កាយ និង​មុខ​វិទ្យា​ជាច្រើន​ទៀត ដែល​ក្រសួង​មើលឃើញថា​មាន​ភាពចាំបាច់​។​

​លោកស្រី​បន្តថា​៖ «​ការបង្កើតឱ្យមាន​ក្លិប​សិក្សា​ក្រៅ​ម៉ោង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំណុច​គន្លឹះ​ទាំង ​៤ ដែល​សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​នៅក្នុង​អាណត្តិ​ទី​ ៧ ​នេះ រួមមាន​ការពង្រឹង​អភិបាលកិច្ច ការយកចិត្តទុកដាក់​ការ​សិក្សា​ក្រៅ​ម៉ោង​សិក្សា សុខភាព​សិក្សា​របស់​សិស្ស និង​ការសហការ​រវាង​ដៃគូ​ជាមួយ​សហគមន៍​»​។ ក្លិប​សិក្សា​ក្រៅ​ម៉ោង ដែល​បាន​បង្រៀន​នៅមុខ​វិទ្យា​ជាច្រើន​នេះ គឺ​ឆ្លើយតប​ទៅនឹង​គន្លឹះ​ទី​២ ដែល​ធ្វើឡើង​ក្នុងទិសដៅ​ពង្រឹងសមត្ថភាព បំ​ណិ​ន ចរិយា​សម្បត្តិ  កាយ​សម្បទា និង​សីលធម៌​របស់​សិស្សានុសិស្ស​។​


​ជាមួយគ្នានេះដែរ​លោក គង់ សំនៀង​ ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​សាទរ​ចំពោះ​ការដាក់​អនុវត្ត​ក្លិប​សិក្សា​ក្រៅ​ម៉ោង ដើម្បី​ជំរុញ​ឱ្យ​សិស្ស​បាន​អនុវត្ត​ស្វ័យ​សិក្សា​ឱ្យបាន​ច្រើន ដែលជា​ការឆ្លើយតប​តាម​តម្រូវ​ការជាក់ស្តែង​។ «​ខ្ញុំ​គាំទ្រ​ទាំងស្រុង​លើ​ការបង្កើតឱ្យមាន​ក្លិប​សិក្សា​ក្រៅ​ម៉ោង​បន្ថែម ហើយ​ខ្ញុំ​ក៏​សូម​ស្នើឱ្យ​លោកនាយក​សាលា​នីមួយៗ ត្រូវមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង ចេះ​ដឹកនាំ​ខ្លួនឯង កុំ​រង់ចាំតែ​ក្រសួង​សម្រេច ព្រោះ​កាល​ណា​សាលារៀន​នីមួយៗ​មាន​ភាពម្ចាស់ការ​ច្បាស់​លាស់​នឹង​ជួយ​ឱ្យ​សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​ដើរ​ទាន់​សតវត្សរ៍​ទី​២១»​។​

​បើតាម​ក្រសួង​អប់រំ ក្នុងអំឡុងពេល​ដាក់ឱ្យ​សាកល្បង​ក្លិប​សិក្សា​ក្រៅ​ម៉ោង រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយនេះ ​មាន​សាលារៀន​ជាច្រើន​នៅ​គ្រប់​ខេត្ត​ក្រុង​បាន​អនុវត្ត​កម្មវិធី​ក្លិប​សិក្សា​ក្រៅ​​ម៉ោង​នេះ ពិសេស​សាលា​ជំនាន់​ថ្មី សាលា​ធន​ធាន និង​សាលា​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ វិស័យ​អប់រំ​កម្រិត​ម​ធ​ម្យ​មសិ​ក្សា​។ លើសពីនេះ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ក្រសួង​ក៏បាន​ដាក់បញ្ចូល កម្ម​វី​ធី​ក្លិប​សិក្សា​ទៅក្នុង​ស្តង់ដា​សាលារៀន​គំរូ ដែល​តម្រូវឱ្យ​សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស​ត្រូវតែ​អនុវត្ត​៕