​ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ថៃ​នៅ​ថ្ងៃទី ​៧ ខែកុម្ភៈ​ដើម្បី​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ហើយ​លោក​នឹង​ចូលគាល់​ព្រះ​មហាក្សត្រ​ថៃ និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ថៃ​មួយចំនួន រួមទាំង​ប្រមុខ​រដ្ឋាភិបាល​ថៃ​លោក​សេដ្ឋា ថា​វី​ស៊ីន ផងដែរ​។​


​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​ ​៥ ខែកុម្ភៈ បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ ខណៈ​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​, លោក​ស៊ុន ចាន់ថុល អនុប្រធាន​ទី​ ១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ព្រមទាំង​ឥស្សរជន​ជាន់​​ខ្ពស់ និង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏​នឹង​អមដំណើរ​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ ហ៊ុន ម៉ា​ណែ​ត នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ថៃ ព្រះបាទ​មហា​វ៉ា​ជី​រ៉ា​ឡុងកន ព្រះ​វ៉ា​ជី​រ៉ា​ក់​ក្លៅ​ចៅ​យូ​ហួរ នា​ព្រះបរមរាជវាំង នា​រាជធានី​បាងកក និង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ផន​ភេត វិ​ឈិ​ត​ឆុ​ល​ឆៃ ប្រធានព្រឹទ្ធសភា​ថៃ និង​លោក​វ៉ាន់​មូ​ហា​ម៉ា​ត់ណ មៈ​ថា ប្រធានរដ្ឋសភា​ថៃ​។​


​ក្រសួងការបរទេស​បាន​បញ្ជាក់ថា​៖«​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​នាយករដ្ឋមន្ត្រី​ថៃ នឹង​ជួប​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ឈរលើ​ផល​ប្រយោជន៍​ទៅវិញទៅមក​ដោយ​នឹងមាន​ការចុះហត្ថលេខា​លើ​ឯក​សារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​»​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ហ៊ុន ម៉ា​ណែ​តទៅ​កាន់​ប្រទេស​ថៃ​នេះ ក៏​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង ​២ ​ស្របតាម​ស្មារតី​«​ការពង្រឹង​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុល​​ភាព​»​ ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​ក្នុង​សហគមន៍​អាស៊ាន​និង​អន្តរ​​ជាតិ​។ ប្រភព​ដដែល​បន្តថា ក្រៅពីនេះ​លោក​ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ផងដែរ​។​


​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប៉ែន បូ​ណា ប្រធាន​អង្គ​ភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើងថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​ថៃ មាន​សារៈសំខាន់​ដោយ​ប្រទេស​ទាំង ​២ ជា​ប្រទេស​ជិត​​ខាង​គ្នា ខណៈ​កន្លងទៅ អតីត​ប្រ​មុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បានប្រែក្លាយ​ព្រំដែន​ប្រទេស​ជិត​ខាង រួមមាន​ថៃ​ផងដែរ​នោះ ទៅជា​ព្រំដែន​មិត្តភាព សន្តិភាព​កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ដើម្បី​ផ្លាស់ប្តូរ​ទេសចរ ទំនិញ​ចេញចូល ដែល​ត​មកដល់​ប​ច្ចុ​ប្បន្ន​នេះ​។​

​លោក​ឱ្យដឹងថា​៖«​ដំ​ណើ​រ​ទស្សនកិច្ច​របស់​សម្តេច​ធិបតី​ទៅកាន់​ថៃ​លើក​នេះ ដូច​រាល់ដង​គឺ​រក្សា​កិច្ច​សហប្រតិបត្តិ​ការ​ដែលមាន​ស្រាប់​ដែល​កសាង​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ខិតខំ​បន្ត​ពូន​ជ្រំ​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​និង​ស៊ី​ជម្រៅ​»​។ លោក​បន្តថា ៖ «​យើង​មាន​ប្រធានបទ​ជជែក​ច្រើន​ក្នុងន័យ​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អ​និង​ជិតស្និទ្ធ​ក្នុងនាម​ប្រទេសជិតខាង ហើយ​ហុច​ផល​ប្រ​យោ​ជន៍​ដល់​គ្នា​ទៅវិញទៅមក​»​។​

លោកនាយ​ករដ្ឋ​មន្ត្រី​​ ហ៊ុន ម៉ាណែត​​។ រូបថត STPM

​លោក ប៉ែន បូ​ណា បាន​លើក​​ឡើង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក្រៅពី​បំណង​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​ការទូត​គឺ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ដែលជា​កិច្ច​ការដែល​លោក​ហ៊ុន ម៉ា​ណែ​ត​តែង​អនុវត្ត​ជាប្រចាំ​ពេល​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស ពោលគឺ​ការទាក់ទាញ​វិនិយោគិន​។​

​លោក ​គិ​ន ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដែល​រួម​​ចំណែក​ដល់​ការអភិវឌ្ឍ​ក្នុងការ​​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ជាដើម​។​

​លោក​ថ្លែងថា​៖«​ភាគី​ទាំង​ ២ មានការ​ផ្លាស់ប្តូ​រទស្ស​ន​កិច្ច​គ្នា​ញឹក​ញាប់ នេះ​ជា​សូចនាករ​បញ្ជាក់​ពី​កម្រិត​វឌ្ឍនភាព​ទំនាក់ទំនង​ប្រទេស​ទាំង​ ២»​។ លោក​គិ​ន ភា លើក​ឡើង​ថា កម្ពុជា​និង​ថៃ ជាទូទៅ​ផ្តោតលើ​ផលប្រយោជន៍​ពាណិជ្ជ​កម្ម​ទ្វេភាគី ការពិភាក្សាគ្នា​លើ​ពលករ​ឆ្លងដែន​ខណៈ​កម្ពុ​ជាមាន​ពលករ​ខ្លួន​ធ្វើការ​នៅ​ថៃ​ច្រើន​ហើយនឹង​អាច​ផ្តោតលើ​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​ទប់ស្កាត់​គ្រឿង​ញៀន​ការជួញដូរ​មនុស្ស ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​កិច្ចសហការ​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ​។

​ចំណែក លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរ​ជាតិ​និង​ជា​អ្នកតាមដាន​ន​យោ​បាយ​តំបន់​ក៏បាន​ថ្លែង​ដែរ​ថា នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្ត​ទុក​ដាក់​លើ​ទំនាក់ទំនង​ទ្វេភាគី​ពាក់​​ព័ន្ធ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ការ​​វិនិយោគ​។ លោក​ថា មេដឹកនាំ​ទាំង ២​ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​សង្គម និង​នយោបាយ ព្រមទាំង​ទំនងជា​ចរចា​ពី​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ​ផងដែរ​ដោយ​ភាគី​ទាំង ​២ មាន​គោលដៅ​ដូចគ្នា​។ 

​លោក​បន្ថែមថា នាយករដ្ឋមន្ត្រី​ថៃ​ ទទូច​ចង់​អភិវឌ្ឍន៍​វិស័យ​ឧស្ម័ន និង​ប្រេង នៅ​តំបន់​ត្រួត​​ស៊ីគ្នា​រវាង​ថៃ និង​កម្ពុជា​ដែល​ចង់ឱ្យ​ភាគី​កម្ពុជា​ចូលរួម​អភិវឌ្ឍន៍​រួមគ្នា​។ លោក​ ហ៊ុន ម៉ា​ណែ​ត ក៏​អាច​នឹង​លើកឡើង​ពី​ការចង់បាន​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ចំពោះ​លម្ហ​សេរីភាព​នយោបាយ​នៅក្នុង​ស្រុកថៃ ជាពិសេស​ចង់ឱ្យ​ថៃ ធានា​មិនឱ្យ​មានការ​ធ្វើ​នយោបាយ​ពី​ក្នុង​ស្រុកថៃ​ប្រឆាំង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឡើយ​។ ទោះយ៉ាងណា លោក​សេង វណ្ណ​លី ក៏​សង្ឃឹមថា បំណង​អភិវឌ្ឍន៍​រួមគ្នា​នេះ​អាច​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២​។​

​ទន្ទឹមនឹងនេះ ពលរដ្ឋ​ខ្មែរ​មួយ​​ចំនួន​ដែល​កំពុង​រស់នៅ​និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បានប្រកាស​ស្វាគមន៍​វត្ត​មាននៃ​ដំណើរ​ទស្ស​ន​កិច្ច​របស់លោក​ ហ៊ុន ម៉ា​ណែ​ត តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នានា​។​សូម​រំឭក​ដែរ​ថា កាលពី​ចុង​​ខែកញ្ញា ឆ្នាំ​ ២០២៣ នាយក​រដ្ឋមន្ត្រី​ថៃ​លោក​សេដ្ឋា ថា​វី​ស៊ីន ក៏​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវ​​រដ្ឋ​នៅ​កម្ពុជា ហើយ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ហ៊ុន ម៉ា​ណែ​ត ផងដែរ​៕