​ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​កម្មវិធី​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជា​​ជីវៈ និង​បច្ចេកទេស​ដល់​យុវជន មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ តាមរយៈ​អន​​ឡាញ​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​យុវជន​គ្រប់​ទីកន្លែង​។​


​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន មកពី​គ្រួសារ​ក្រីក្រ និង​គ្រួ​សារ​ងាយ​រង​ហានិភ័យ គឺ​ដើម្បី​ផ្ដល់ឱកាស​ស្មើគ្នា​ជូន​យុវជន​ក្នុង​ការទទួល​បានការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​កាន់តែ​ល្អប្រសើរ​ក្នុងការ​បង្កើន​ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​។​

​ក្រសួង​ការ​​ងារ​នៅ​ថ្ងៃទី​ ៥ កុម្ភៈ​ បានប្រកាស​ឱ្យដឹងថា​៖ «​ដើម្បី​កាន់តែ​ផ្ដល់​ភាពងាយស្រួល​ថែមទៀត​ដល់​យុវជន ដែលមាន​បំណង​ចុះ​ឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​នេះ ក៏​អាច​ចុះឈ្មោះ​បាន​តាមរយៈ Online ផងដែរ​ ដោយ​ចូលទៅ​កាន់​គេហទំព័រ Scholarship.TVET.gov.kh (https://scholarship.tvet.gov.kh/home) រួច​អាន​សេចក្ដី​ណែ​នាំ​ដើម្បី​បំពេញបែបបទ​នៃ​ការ​​ចុះឈ្មោះ​»​។​


​ទាក់ទង​នឹង​ការចុះឈ្មោះ​តាម​ប្រព័ន្ធ online នេះដែរ លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់ឱ្យដឹង​បន្ថែមថា ការ​ចុះឈ្មោះ​តាម online ផ្តល់​ភាពងាយស្រួល​ដល់​យុវជន​គ្រប់​ទីកន្លែង មិន​ថា​ទីក្រុង និង​ជនបទ ឬ​យុវជន​រវល់​ការងារ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​ចុះឈ្មោះ​។​

​លោក​បន្តថា គិត​ត្រឹម​ម៉ោង ៥ ​រសៀល ថ្ងៃទី​ ៤ ខែកុម្ភៈ មាន​អ្នក​ចុះឈ្មោះ​សរុប​មាន​ចំនួន​ ២៧ ១៨៦​ នាក់ (​ស្រី ៩ ៤១១​ នាក់​) ក្នុងនោះ រាជធានី​ភ្នំពេញ​ចំនួន ១០ ១២៨ ​នាក់​,​ ខេត្តបាត់ដំបង​ចំនួន ៣ ៣៧២ ​នាក់​, ខេត្ត​សៀមរាប​ចំនួន ១ ៩៣២​ នាក់​, ខេត្ត​ព្រះសីហនុ​ចំនួន ១ ០៧៩​ នាក់​, ខេត្តកណ្ដាល​ចំនួន ​៩៧០ ​នាក់ និង​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន ៩ ៧០៤ ​នាក់​។ 


​បើតាម​លោក កត្តា អ៊​ន​ ការបើក​វគ្គ​បណ្តុះបណ្តាល​គិត​ត្រឹម​ថ្ងៃទី ​៥ ខែកុម្ភៈ ក្រសួង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ចំនួន ៤៧៧ ​ថ្នាក់ ដែល​នៅ​ក្នុងនោះ​មាន វិស័យ​សំណង់ ​១១១​ ថ្នាក់​, អគ្គិសនី និង​ថាមពល ៥​ ថ្នាក់​, អេឡិចត្រូនិក ​១៩​ ថ្នាក់​, កម្មន្តសាល ​២០ ​ថ្នាក់​, មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត ៧៥ ​ថ្នាក់​, ធុរកិច្ច និង​ព័ត៌មានវិទ្យា​ ១០៥​ ថ្នាក់​, សេវាកម្ម​ ៣០ ​ថ្នាក់​, បរិក្ខារ​ត្រជាក់ និង​កម្តៅ ៥២ ​ថ្នាក់​, ទេសចរណ៍ ៣៤ ​ថ្នាក់ និង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ២៦​ ថ្នាក់​។

​លោក​ ជ័យ តិច អ្នកសិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បាន​ថ្លែង​នៅ​ថ្ងៃទី​ ៥ ខែកុម្ភៈ​ថា លោក​គាំទ្រ​ចំពោះ​វិធាន​ការបន្ថែម​នេះ គឺជា​រឿង​ល្អ ក្រៅតែពី​អនុញ្ញាតឱ្យ​យុវជន​ទៅ​ដាក់ពាក្យ​នៅ​ទីតាំង​រៀន​ដោយផ្ទាល់​។ លោក​ថា​៖ «​ការដាក់ចេញ​ជម្រើស​ច្រើន គឺ​កាន់តែ​ល្អ និង​ងាយ​ទទួលបាន​សម្រាប់​យុវជន​យើង​»​។​

​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់ចេញ​ដល់​ក្រុម​គោលដៅ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស ចំនួន ១,៥​ លាន​នាក់ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ទៀតផង​។​

​សូម​រំឭក​ផងដែរ​ថា វគ្គប​ណ្ដុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បានប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី ​១៥ ខែ​មករា ឆ្នាំ​ ២០២៤ នា​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា រាជ​​ធានី​ភ្នំពេញ ដោយ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​។​

​លោក ហេង សួរ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការសិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) គឺជា​ស្ពាន​មួយ ដែលមាន​ភាព​បត់បែន ងាយស្រួល និង​រយៈ​ពេល​ខ្លី​សម្រាប់​យុវជន​កម្ពុជា អាច​ចាប់យក​នូវ​ជំនាញ​មួយ ដែល​អាច​បង្កើន​ចំណូល​មួយ​សម្រាប់​ជួយ​ទ្រទ្រង់​ខ្លួនឯង​ផង និង​ដើម្បី​ជួយ​សម្រាល​បន្ទុក​គ្រួ​សារ​ផងដែរ​។​

​លោក​មានប្រសាសន៍ថា​៖ «​លទ្ធផល​ចុងក្រោយ ដែល​សម្តេច​ធិបតី​ចង់ឃើញ គឺ​គ្រប់គ្នា​ពេលដែល​រៀន​ចប់​គឺ​ចេះ ហើយ​មាន​ការងារ​ធ្វើ ទោះបីជា​បងប្អូន​បាន​ចូលរៀន បាន​ចុះ​កម្មសិក្សា ចុងក្រោយ​មានតែ​សញ្ញាបត្រ តែ​គ្មាន​ការងារ​ធ្វើ​នោះ​ក៏​មិនមែនជា​លទ្ធផល​ជោគជ័យ​សម្រាប់​ក្រសួង​ក្នុងការ​ឆ្លើយតប​ចំពោះ​សម្តេច​ធិបតី​ទេ​»៕