​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​នានា​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​បង្រៀន​ភាសា​ខ្មែរលើ​ការសរសេរ និង​ការអាន​ដល់​សិស្សានុសិស្ស​ដើម្បី​ជួយ​លើក​​កម្ពស់ អក្សរសាស្ត្រ​ជាតិ​។​


​លោក​បាន​ថ្លែង​អំពាវនាវ​បែបនេះ ក្នុង​ពិធី​សម្ពោធ​គ្រឹះស្ថាន​ឯកជន​មួយ នៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។

លោក​បាន​លើកឡើងថា ក្រសួង​កំពុង​ពង្រឹង​គុណ​ភាព​នៃ​ការអប់រំ​នៅ​កម្ពុជា ក៏ដូចជា​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ឥរិយាបថ​ល្អ​របស់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ក៏ដូចជា​ការពិនិត្យ​កែ​សម្រួល​កម្មវិធីសិក្សា សកម្មភាព​ក្រៅម៉ោង​សិក្សា ដើម្បី​ពង្រឹង​ទាំង​ចំណេះដឹង វិន័យ វិជ្ជា​សម្បទា ចរិយា​សម្បទា ក៏ដូចជា​បំ​ណិ​ន​សម្បទា​ផងដែរ​។​


​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា ការបង្រៀន​ភាសា​ខ្មែរ​មាន​សារៈសំខាន់​ដើម្បីឱ្យ​កូន​ខ្មែរ​ចេះ​ភាសា​ខ្មែរ​ឱ្យបាន​ច្បាស់លាស់ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​រៀបចំ​កញ្ចប់​អំ​ណាន​ដំបូង ដែលមាន​វិធីសាស្ត្រ​ថ្មីៗ​នៅក្នុង​ការ​រៀន​អាន និង​សរសេរ​ភាសា​ខ្មែរ​។ ជា​ពិសេស​យើង​ក៏​លើកទឹកចិត្ត​ឱ្យមាន​ការបង្រៀន​តែងសេចក្តី ក៏ដូចជា​សរសេរ​តាម​អាន​ផងដែរ​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​បាន​ជំរុញ​ការអនុវត្ត សេចក្តីណែនាំ​ស្តីពី​ការ​លើកកម្ពស់​ការសិក្សា​ភាសា​ខ្មែរ វប្បធម៌ អរិយធម៌​ខ្មែរ​នៅតាម​គ្រឹះស្ថាន​ចំណេះ​ទូទៅ​ឯកជន​ដែល​អនុវត្ត​កម្មវិធីសិក្សា​អន្តរជាតិ និង​សូម​លើកទឹកចិត្ត​ឱ្យមាន​ការអប់រំ​តាមបែប​ព្រះពុទ្ធសាសនា​នៅតាម​គ្រឹះស្ថាន​អប់រំ​ឯកជន​ទាំងអស់​ផងដែរ​។​


​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ក្រសួង​អប់រំ ក៏​សូម​លើកទឹកចិត្ត​ឱ្យមាន​ការសហការ​ក្នុងការ​អនុវត្ត​ការអប់រំ​តាមបែប​ព្រះពុទ្ធសាសនា​នៅក្នុង​សាលារៀន ដើម្បី​លើកកម្ពស់​ចរិយា​សម្បទា និង​យល់ដឹង​ពី​វប្បធម៌ ក៏ដូចជា​ពីសា​សនា បន្ត​លើកកម្ពស់​សុខភាព​សិស្ស និង​ជំរុញ​ដល់​មាតាបិតា​អាណាព្យាបាល​សិស្ស​ក្នុងការ​ធ្វើជា​ដៃគូ​ដើម្បី​ការអប់រំ​»​។​

​លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល Westline Education Group បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការអំពាវនាវ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ក្នុង​ការជំរុញឱ្យ​បង្កើន​ការពង្រឹង​លើ​ការអប់រំ​ភាសា​ខ្មែរ​នៅតាម​គ្រឹះស្ថាន​អប់រំ​ឯកជន​នេះ ខណៈដែល​កន្លងទៅ​លោក​សង្កេតឃើញថា សាលា​ឯកជន និង​អាណាព្យាបាល​ខ្លះ​ផ្តោត​ឱ្យ​ចេះតែ​ភាសាបរទេស​ជាង​ភាសាជាតិ​ខ្លួន​។​

​លោក​បាន​ប្រាប់ថា​៖ «​ចរន្ត​នៃ​សកល​ភាវូបនីយកម្ម តែងមាន​ការផ្លាស់ប្តូរ​ទៅ​វិញ​ទៅមក​រវាង​ភាសា វប្បធម៌ និង​ទំនាក់​ទំនង​នេះ​។ ដូច្នេះ​ប្រសិនបើ​មិន​ប្រឹង​ប្រែង​ជំរុញ​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរ​យើង​ទេ ច្បាស់​ណាស់ ភាសាបរទេស​អាច​ចូលមក​កាន់តែច្រើន​លើសលប់​ប្រចាំថ្ងៃ​»​។​

​លោក ​ប៉ិច បូ​ឡែ​ន បាន​បន្ថែមថា វា​ជា​កិច្ចការ​បន្ទាន់​ដែល​ត្រូវការ​ការចូល​​រួម​ពី​គ្រប់ភាគី​ទាំងអស់ ទាំង​ក្រសួង​អប់រំ ទាំង​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន រួម​ទាំង​អាណាព្យាបាល​សិស្ស​ផងដែរ​ក្នុងការ​បង្កើន​ការបង្ហាត់​ភាសា​ខ្មែរ​ដល់​កុមារ និង​យុវជន​យុវនារី​ឡើងវិញ ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កូន​ខ្មែរ​តែ​និយាយ​ខ្មែរ​មិន​ច្បាស់ បែរជា​ច្បាស់​តែ​ភាសា​គេ និង​សូមអ្នក​អាណាព្យាបាល​មេត្តា​លើកទឹកចិត្ត និង​បង្ហាត់បង្រៀន​កូន​នៅផ្ទះ​ឱ្យ​ច្រើន ក្នុង​ទំនាក់​ទំនងជា​​មួយ​កូន​ជា​ភាសា​ខ្មែរ​។​

​ទាក់ទង​នឹង​ការរៀន​ភាសា​ខ្មែរ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​លើកឡើង​ក្នុងអំឡុងពេល​លោក​នៅ​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក ដោយ​កាលនោះ​លោក​បាន​ស្នើឱ្យ​ក្រសួង​អប់រំ​សហការ​ជាមួយនឹង​គ្រឹះ​ស្ថាន​អប់រំ​ឯកជន​អន្តរជាតិ ដោយ​ជំរុញឱ្យមាន​ការពង្រឹង​កម្មវិធីសិក្សា​ភាសា​ខ្មែរ សីលធម៌ និង​ទំនៀមទម្លាប់ ដែល​ត្រូវ​បំប៉ន និង​បំពេញ​ឱ្យ​ខ្លាំង​ពី​កម្រិត​បឋម​សិក្សា ដល់​ថ្នាក់​ទី១២ ​តែម្តង​។​

​លោក​បានលើកឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ថ្មី និង​ប្រគល់​បណ្ណ​សរសើរ​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ ២០២២​ ដល់​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា៖ «​ខ្ញុំ​សូមឱ្យ​ក្រសួង​ពិចារណា ពីព្រោះ​ឥឡូវ​សាលា​អន្តរជាតិ​ខ្លះ កូន​ខ្មែរ​អត់​ចេះ​ខ្មែរ​ទេ តែ​ស្រុក​ខ្មែរ ភាសា​ខ្មែរ​គឺជា​ភាសាផ្លូវការ​។ ដូចនេះ ខ្ញុំ​សុំឱ្យ​បង [​លោក ហង់​ជួន ណា​រ៉ុ​ន​] មិនដឹង​អាច​លូក​បាន​យ៉ាងណា​ទៅក្នុង​សាលា​ឯក​​ជនបរទេស តែ​សុំឱ្យ​គាត់​ដាក់​តែម្តង​។ អ៊ីចឹង​! គួរតែ​ជា​កាតព្វកិច្ច​របស់​សាលា ទោះបីជា​សាលា​បរទេស សាលា​អា​មេ​រិ​ក សាលា​អង់គ្លេស​ក៏ដោយ ត្រូវដាក់​កម្មវិធីសិក្សា​ភាសា​ខ្មែរ​សម្រាប់​កូន​ខ្មែរ​ឱ្យ​រៀន​ភាសា​ខ្មែរ​»​។​

​ជាមួយគ្នានេះដែរ ក្រៅពី​ការស្នើ​ឱ្យមាន​ការដាក់​ក​ម្ម​វិធី​សិក្សា​ភាសា​ខ្មែរ​បញ្ចូល​ក្នុង​សាលារៀន​អន្តរជាតិ​ហើយ​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏​ស្នើឱ្យ​មានការ​បញ្ចូល​ទាំង​ចំណេះ​ទូទៅ និង​វប្បធម៌ ប្រពៃណី​ខ្មែរ ផងដែរ​៕