​ភ្នំពេញៈ លោក ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងឱ្យដឹងថា នៅ​អំឡុង​​ពេល​កើតមាន​វិបត្តិ​ផ្សេងៗ​ក្រសួង​សង្គមកិច្ច បាន​អនុវត្ត​កិច្ច​អន្តរាគមន៍​ជំនួយ​សង្គម​ចំនួន​​ ៥ ដែល​សរុប​ទឹកប្រាក់​ជាង​ ១ ៤០០ ​លាន​ដុល្លារ ដែល​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​លាន​នាក់ និង​ជាង​ ៧២ ​ម៉ឺន​គ្រួ​​សារ​។ លោក​រដ្ឋមន្ត្រីបាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​ស​ន្និ​បាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ទីស្ដីការក្រសួង កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​


​លោក ជា សុ​មេធី បាន​បញ្ជាក់ថា កិច្ច​អន្តរាគមន៍​ជំនួយ​សង្គម​ចំនួន ៥ នៅក្នុង​ដំណាក់កាល​នៃ​ការកើតមាន​នូវ​វិបត្តិ​ផ្សេងៗ ដែល​ក្រសួង​បានធ្វើ​ទាំងនោះ​រួមមាន​៖ ទី​១ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆ្នាំ ដោយបាន​ផ្តល់​សេវា​ជូន​អ្នកទទួលផល​សរុប​ចំនួន​ជាង ៣៦ ម៉ឺន​នាក់ ចំណាយ​ថវិកា​អស់ ៣២ លាន​ដុល្លារ ហើយ​កម្មវិធី​នេះ​ជា​កម្មវិធី​អចិ​ន្រៃ្ត​យ៍​។​

​ដោយឡែក​កម្មវិធី​ទី​២ លោក​បាន​បញ្ជាក់ថា​៖ «​ជា​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ដោយ​អនុវត្តបាន​ចំនួន ៤២ ​លើក គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២៤ និង​បាន​បើក​ផ្តល់​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​រង្វង់ ៧១ ម៉ឺន​គ្រួសារ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ១ ៣០៦ លាន​ដុល្លារ​»​។​


​ចំពោះ​កម្មវិធី​ទី​៣ លោក​រដ្ឋ​មន្ត្រី​បានលើកឡើង​ថា ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​, ប្រជាពលរដ្ឋ និង​គ្រួសារ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព​, និងគ្រួសារ ប្រជាពលរដ្ឋ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ​ ២០២១ ដែល​បាន​អនុ​​វត្ត​ពីថ្ងៃ​ទី​ ១០ ខែកក្កដា និង​បាន​បិទ​បញ្ចប់​ក្នុង​ខែតុលា ឆ្នាំ​ ២០២១ ដោយបាន​បើក​ផ្ដល់​ដល់​អ្នកទទួលផល​ចំនួន ១២៩ ៦៦៦ គ្រួសារ និង​ចំណាយ​ថវិកា​ចំនួន ៦,៦៨ លាន​ដុល្លារ​។​

​លោក​បាន​បន្តថា៖ «​សម្រាប់​កម្មវិធី​ទី​៤ គឺ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ដែល​បាន​អនុវត្ត​នៅ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២២ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ​ ២០២៣ ដែល​បើក​ផ្ដល់​ដល់​អ្នកទទួលផល​សរុប​ចំនួន ៩៩ ១៦៩ គ្រួសារ ដោយ​ចំណាយ​ថវិកា​សរុប ១១,៧០​ លាន​ដុល្លារ​»​។


រីឯទី​៥ ជា​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​ដែល​បានចាប់ផ្ដើម​អនុវត្ត​នៅ​ខែធ្នូ ឆ្នាំ ២០២២ និង​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០២៣ មាន​អ្នកទទួលផល​សរុប​ចំនួន ៤៩៥ ៣០៧ គ្រួសារ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន ៤៤ លាន​ដុល្លារ​»​។ នេះ​បើតាម​លោក ជា សុ​មេធី បញ្ជាក់បន្ថែម​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ប្រាប់ឱ្យដឹង​ដែរ​ថា វា​គឺ​រឿង​គួរឱ្យ​សាទរ ដែល​ពលរដ្ឋ​រង​ហា​និ​​ភ័យ​ពី​វិបត្តិ​ទាំងនោះ ត្រូវបាន​លើកកម្ពស់ និង​យកចិត្ត​ទុក​ដាក់ ដោយ​រាជរដ្ឋាភិបាល តាមរយៈ​ការផ្ដល់​ជំនួយ​សង្គ្រោះ​ទាន់ពេលវេលា​។​

​ទោះជា​យ៉ាងណា លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​ដែល​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ត្រូវធ្វើឡើង​ដោយ​ស្មើភាព មិន​ពុករលួយ បក្ខពួកនិយម ឬ​កេង​បន្លំ និង​ជួយ​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ពិតប្រាកដ ដើម្បី​កុំឱ្យ​មានការ​រិះគន់ ហើយ​រាជរដ្ឋាភិបាល​ក៏ត្រូវ​បន្ត​តាម​​ដាន​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​នោះ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ដែល​សំខាន់​គឺ​មន្ត្រី​ដែល​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បីឱ្យ​រាជរដ្ឋាភិបាល​ទទួលបាន​ការអបអរសាទរ​ពី​ប្រជាពលរដ្ឋ នោះ​ត្រូវតែ​ធ្វើ​ដោយ​ស្មើភាព និង​គ្មាន​អំពើពុករលួយ​។​ធ្វើយ៉ាងណា​ឱ្យប្រាក់​ជំនួយ​ឧបត្ថម្ភ​ទាំងនោះ បាន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ពិតប្រាកដ​ខ្វះខាត​ពិតប្រាកដ​»​។​

​យោងតាម​របាយការណ៍​របស់លោក ទៀវ សុគន្ធ រដ្ឋលេខា​ធិ​ការ​ក្រសួង​សង្គមកិច្ច បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២៣ ក្រសួង​សម្រេចបាន​លទ្ធផល និង​ផ្តល់​សេវា​មួយចំនួន​ដូចជា សេវា​គាំពារ​មនុស្ស​ចាស់ និង​អតីតយុទ្ធជន​, សេវា​កិច្ចការពារ​កុមារ កន្លែង​ថែទាំ​កុមារ​មាន​ចំនួន ២៧០,​ សេវា​កិច្ចការ​គ្រួ​សារ​,​សេវា​គាំពារ​ជនរងគ្រោះ​,​សេវា​ស្តារនីតិសម្បទា​អនីតិជន​,​សេវា​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន បច្ចុប្បន្ន ម​ជ្ឈ​​មណ្ឌល​រដ្ឋ មណ្ឌល​ឯកជន​និង​អង្គការ​ចំនួន ១៥​ កន្លែង​។​

​លោក​បន្តថា​សេវា​សុខុមាល​​ភាព​ជនពិការ​, ការ​កៀរគរ និង​ការប្រើប្រាស់​មូលនិធិ​សង្គមកិច្ច​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ជូន​ជន​មាន​ពិការភាព និង​ការ​អនុ​​វត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ក្នុង​ឆ្នាំ ​២០២៣ រដ្ឋាភិបាល​បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ​ថ្មី​ជាង​ ៥ ​ម៉ឺន​នាក់​ផងដែរ​៕