ភ្នំពេញៈ ​លោក ​ហ៊ុន ម៉ា​នី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារ​ណៈ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​រៀបចំ​កា​រ​ប្រឡង​ប្រជែង បាន​លើក​ឡើង​ថា ការ​ប្រឡង​ជ្រើស​រើស​គ្រូ​បង្រៀន​ឯក​ទេស​អប់រំ​កាយ និង​កីឡា បាន​បញ្ចប់​ដោយ​ជោគ​ជ័យ ដោយ​លទ្ធ​ផល​បេក្ខ​ជន​បាន​ជាប់​ជា​ស្ថាពរ​មាន​ចំនួន​ ១០០ ​នាក់​។​


​លោក​ ហ៊ុន ម៉ា​នី បាន​ថ្លែង​តាម​រយៈ​​បទ​សម្ភាសន៍ស្តីពី​ការ​ប្រកាស​លទ្ធ​ផល​កា​រប្រឡង​ប្រជែង​ជ្រើស​រើស​គ្រូប​ង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា កាល​ពី​ថ្ងៃទី​ ៥ ខែ​កុម្ភៈ​ថា ក្រោយ​ពី​ការ​ប្រឡ​ងប្រជែង​ប្រកប​ដោយ ​គុណា​ធិប​តេយ្យ ​តម្លា​ភាព យុត្តិ​ធម៌ បរិ​យាប​ន្ន និង​ប្រសិទ្ធ​ភាព ក្រសួង​មុខ​ងារ​សាធា​រណៈនិង​ក្រសួង​អប់រំ ​យុវជ​ន និង​កីឡាជ្រើស​រើស​បាន​គ្រូ​បង្រៀន​ឯក​ទេស​អប់រំ​កាយនិង​កីឡាចំនួន ១០០​ នាក់ ចេ​ញពី​បេក្ខជន​ប្រឡ​ងប្រជែងចំនួន ១ ៨៩២ ​នាក់ (​ស្រី្ត ៥៧៩ ​នាក់​) ។​

​លោក​បាន​បញ្ជាក់​ថា​៖ «​បេក្ខ​ជន​ដែល​ជាប់​ជា​ស្ថាពរ​ទាំង ​១០​០ នាក់​ ក្នុង​គោល​ដៅ​ខេត្ត​ចំនួន​ ២១ មាន​ដូចជា កម្រិត​បណ្តុះ​បណ្តាល ១​២+២​ ចំនួន ​៧៥ ​នាក់ (​ស្ត្រី​ ៧ នាក់​) បែង​​ប​ចែក​តាម​បណ្តា​ខេត្ត​ចំនួន​ ២០ ​ក្នុង​នោះ​ មាន​វិទ្យា​ល័យ​ចំនួន​ ២១ ​និង​អនុ​វិទ្យា​ល័យ​ចំនួន​ ៥៤»​។​ រីឯកម្រិត​បណ្តុះ​បណ្តាល ១២+៤​ ចំនួន​ ២៥​ នាក់ (ស្ត្រី​ម្នាក់​) និង​បែង​ចែក​តាម​បណ្តា​ខេត្ត​ចំនួន ១៣ ក្នុងនោះ​មានវិទ្យាល័យចំនួន​ ១៥ និង​អនុវិទ្យាល័យចំនួន ១០​។​


​លោក ហ៊ុន ម៉ា​នី ក៏បាន​បញ្ជាក់​ដែរថា គ្រូ​ឯក​ទេស​អប់រំ​កាយ​ដែល​ទើប​ប្រឡង​ជាប់​ទាំង​ ១០០ ​នាក់​នេះ​ នឹង​ទទួល​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម​ពី​ក្រសួង​អប់រំ​រ​យៈពេល ​២​ ឆ្នាំ និង​ ៤ ​ឆ្នាំ ​មុននឹ​ង​ចេញ​ទៅ​តំបន់​គោ​លដៅ​បង្រៀន​របស់​ខ្លួន​។​

​ជុំវិញ​រឿង​នេះ លោ​ក គង់ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ​គ្រូ​ឯកទេស​អប់រំ​កាយ​ កីឡា​ដែល​ទើប​ប្រឡង​ជាប់ គឺ​សុទ្ធតែ​ធន​ធាន​ដែល​មាន​គុណ​ភាព និង​បង្ហាញពី​កា​រចាប់​ផ្តើម​ដ៏​ល្អ​សម្រាប់​ជំរុញ​ដល់​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​កម្ពុជា​។​


​លោក​បាន​ប្រាប់​ថា​៖ «​ដើម្បី​ជំរុញ​ឱ្យ​ធន​ធាន​មនុស្ស​ដែល​ជ្រើស​រើស​បាន​ក្លាយ​ជា​គ្រាប់ពូ​ជ​ល្អ​បាន គឺ​យើង​ត្រូវតែ​ពិនិត្យ​មើល​ទៅ​លើ​គុណ​ភាព​នៃ​វគ្គ​បណ្តុះ​បណ្តា​លថា ​តើ​មាន​ប្រសិទ្ធ​ភាព​ដែរ​ទេ និង​ក្រោយ​ការប​ណ្តុះប​ណ្តាល​ច​ប់​តើ​ពួក​គាត់​អនុវត្ត​ដូច​ម្តេច​ដែរ ​ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ចូល​បំពេញ​ការ​ងារ​ តើ​បាន​អនុវត្ត​តាម​អ្វី​ដែល​បាន​បណ្តុះ​បណ្តាល​ដែរ​អត់​? ទាំង​នេះ ​គឺ​ជា​អ្វី​ដែល​ក្រសួង​មុខ​ងារសា​ធា​រណៈ​ចាំ​បាច់​ត្រូវ​ពិនិត្យ​បន្ថែម​»​។​

​ទាក់​ទិន​លទ្ធ​ផល​ប្រឡង​នេះដែ​រ ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ ម៉ា​ណែ​ត នៅថ្ងៃ​ទី​ ៦ ​ខែកុម្ភៈ ​លោកបាន​ចាត់​ទុក​​គ្រូ​ឯក​ទេស​អប់រំ​កាយនិង​កីឡា​ទាំង​ ១០០​ នាក់ ដែល​ទើបតែ​ប្រឡង​ជាប់​នេះថា ​នឹង​ក្លាយ​ជា​កា​តាលី​ករ​ដ៏​មាន​សក្តានុ​ពល និង​ចូល​រួម​ជាមួយ​រាជរ​ដ្ឋាភិ​បាល ​នីតិ​កាល​ទី​៧ ​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ ក៏​ដូច​ជា​កសាង​នូវ​មូល​ធន​មនុស្ស​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​គ្រូ​ទាំង ១០០​ រូប​នេះ ​ត្រូវ​បំពេញ​តាម​សេចក្តីណែ​នាំ​របស់​ក្រសួង​មុខ​ងារ​សាធា​រណៈ ដើម្បី​អាច​ក្លាយ​ជា​កាតា​លីករ​ដ៏​មាន​សក្តា​នុពល ​និង​ចូល​រួម​ជាមួយ​រាជ​រដ្ឋា​ភិបាល​នីតិកាល​ទី​៧ ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​ ក៏​ដូច​ជា​កសាង​នូវ​មូលធ​ន​មនុស្ស​ក្លា​យជា​ប្រជា​ជនសកល
ពោរ​ពេញ​ដោយ​សក្តានុ​ពលនិង​សមត្ថ​ភាព​ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ក្នុង​ឆ្នាំ​ ២០៣០ ​និង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​ឆ្នាំ​ ២០៥០»​។​

​សូម​រំឭក​ផង​ដែរ​​ថា ការ​ប្រឡងប្រ​ជែង​ជ្រើស​រើសគ្រូបង្រៀន​ឯក​ទេស​អប់រំ​កាយនិង​កីឡា​ជំនា​ន់ទី​៣១ ឱ្យ​ចូល​បម្រើ​ការ​ងារ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​ប្រព្រឹត្ត​ឡើង​កា​លពី​ថ្ងៃទី ​២៨ ​ខែមករា ឆ្នាំ​ ២០២៤​៕