បន្ទាប់ពី​បានដាក់​ឱ្យ​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ កម្មវិធី​រៀបចំ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជាថ្មីទៀត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នេះ​។​


​នេះ​ជាការ​ថ្លែង​ឱ្យដឹង​តាមរយៈ​លោក កែ រឹទ្ធិ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ដល់​គណ​បក្សនយោបាយ មន្ត្រី គ​.​ជ​.​ប និង​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ស្ដីពី​របៀប​ប្រើប្រាស់​កម្មវិធី​រៀបចំ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​បានឱ្យដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការធ្វើ​ទំនើបកម្ម​ការងារ​បោះឆ្នោត​នេះ គ​.​ជ​.​ប បានចេញ​សេចក្ដីសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ដែលមាន​កម្មវិធី ចំនួន ៣​។​


សេចក្តីប្រកាស​បន្តថា កម្មវិធី​ទាំងនោះ​រួមមាន​៖​កម្មវិធី​គ្រប់គ្រង​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​និង​កម្មវិធី​គ្រប់គ្រង​សំណុំរឿង និង​របាយការណ៍​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​។​

ទាក់ទង​នឹង​កម្មវិធី​នេះដែរ លោក កែ រឹទ្ធិ បាន​បញ្ជាក់ថា​៖«​ការដាក់ឱ្យ​ប្រើប្រាស់​កម្ម​វិធី​រៀបចំ​បញ្ជី​គណបក្ស គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​បញ្ចៀស​នូវ​កំហុសឆ្គង​មួយចំនួន ដូចជា បេក្ខជន​ខុស​ឈ្មោះ និង​ទិន្នន័យ​, មិន​គ្រប់​អាយុ​សម្រាប់​ការ​ឈរឈ្មោះ​, ឈរឈ្មោះ​ច្រើនជាង​មួយ​គណបក្សនយោបាយ​, ឈរឈ្មោះ​ច្រើន​មណ្ឌល និង​បេក្ខជន​មិនបាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជា​សកល​លើកចុងក្រោយ​ជាដើម​»​។​


លោក​បាន​បន្ថែមថា គណបក្សនយោបាយ​អាច​រៀបចំ​ការចុះបញ្ជី​ដោយ​ដៃ ឬ​តាម​កម្មវិធី​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ដាក់ឱ្យ​ដំណើរការ​នេះ​ក៏បាន​។​

បើតាម លោក កែ រឹទ្ធិ គណបក្សនយោបាយ​ដែលមាន​បំណង​បង្កើត​គណនី​ប្រើប្រាស់​កម្មវិធី​រៀបចំ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នេះ ត្រូវដាក់​ពាក្យស្នើសុំ​មក គ​.​ជ​.​ប ចាប់ផ្ដើម​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​២៧ ខែកុម្ភៈ​។​ដោយឡែក កាលបរិច្ឆេទ​នៃ​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៤ នៅតាម​គណៈកម្មការ ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​)​។​

លោក លី សុធា​រ៉ា​យុ​ត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​ថា ការរៀបចំ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត ក្នុង​ទម្រង់​ណាមួយ​នោះ មិនជា​សំខាន់​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​គណបក្សនយោបាយ​នីមួយៗ ត្រូវ​ទទួល​ព័ត៌មាន​ឱ្យបាន​ច្បាស់​ពី​គ​.​ជ​.​ប​។​

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​យល់ថា​មិនជា​បញ្ហា​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គណបក្សនយោបាយ​នីមួយៗ  ត្រូវ​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់ រួមទាំង​សេចក្តីណែនាំ​ច្បាស់លាស់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ព្រោះ​នៅពេល​ទទួលបាន​ព័ត៌មាន​ច្បាស់​មុន​កាលបរិច្ឆេទ​គឺជា​រឿង​សំខាន់ ដើម្បីឱ្យ​គណបក្សនយោបាយ​នីមួយៗ មាន​ពេលវេលា​គ្រាប់​គ្រាន់​ក្នុងការ​ស្វែងយល់ និង​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​គ​.​ជ​.​ប​»៕