លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានផ្ដល់អនុសាសន៍ដោយឱ្យបន្តរឹតបន្តឹងវិន័យការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមសាលាបាលី ឆ្នាំ ២០២៤ ដែលមានរយៈពេល ៣ ថ្ងៃ ដោយចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែកុម្ភៈ ដោយមានបេក្ខសមណសិស្ស និងបេក្ខជន ជាង ១ ៣០០ នាក់ រួមទាំងព្រះសង្ឃ ដែលការប្រឡងបានរៀបចំឡើងនៅរាជធានីភ្នំពេញ បាត់ដំបង និងខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពេលដែលលោកបានអញ្ជើញចូលរួមសំណេះសំណាលជាមួយបេក្ខសមណសិស្សនិងកាត់វិញ្ញាសាប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ នៅឯមណ្ឌលប្រឡងវិទ្យាល័យព្រះសុរាម្រឹត ក្នុងរាជធានីភ្នំពេញ។
លោក ចាយ បូរិន ថ្លែងថា៖ «ដើម្បីរក្សាឱ្យបាននូវសុចរិតភាព និងកិត្តិនាមដ៏ផូរផង់ នៃការប្រឡងនានាក្នុងក្របខ័ណ្ឌពុទ្ធិកសិក្សា ក៏ដូចជាដើម្បីសម្រិតសម្រាំងបាននូវធនធានព្រះសង្ឃ ដែលអាចនឹងក្លាយទៅជាប្រជាពលរដ្ឋដ៏មានគុណភាព និងសមត្ថភាព សូមគណៈកម្មការ មេប្រយោគ អនុរក្ស និងមន្ត្រីប្រឡងគ្រប់ផ្នែក គ្រប់ឋានានុក្រមទាំងអស់ មេត្តាកុំបន្ធូរបន្ថយនូវវិន័យនៃការប្រឡងឡើយ»។
លោកបានបន្ថែមថា ចំណែកបេក្ខសមណសិស្ស និងបេក្ខជន ក៏យ៉ាងដូច្នោះដែរ ដោយលោកបានស្នើឱ្យរក្សាសណ្ដាប់ធ្នាប់ គោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យនៃការប្រឡង និងកុំធុញទ្រាន់ចំពោះការអនុវត្តបទប្បញ្ញត្តិ នៃការប្រឡង ដែលបានចេញនោះឡើយ។
ព្រះសង្ឃាលង្ការមុនី យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកបឋមសិក្សា បានមានថេរដីកាថា ចំពោះវិន័យ ឬបទប្បញ្ញត្តិ នៃការប្រឡងលើកនេះ ក៏មិនខុសពីការប្រឡងមុនៗ និងការប្រឡងនានាក្នុងក្របខ័ណ្ឌពុទ្ធិកសិក្សាឡើយ គឺមានភាពម៉ឺងម៉ាត់ដូចការប្រឡងរបស់សិស្សនៅសាលាចំណេះទូទៅដែរ។
ព្រះអង្គបានមានថេរដីកាដូច្នេះថា៖ «ការអនុវត្តយ៉ាងម៉ឺងម៉ាត់នោះរួមមានដូចជា សំណៅឯកសារគ្រប់ប្រភេទ ឧបករណ៍អេឡិចត្រូនិក និងទូរស័ព្ទដៃជាដើម ត្រូវបានហាមឃាត់ដាច់ខាត ខណៈការលួចមើល លួចចម្លង ជាដើម ប្រសិនបើត្រូវបានរកឃើញថាបានបំពាន នឹងត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃការប្រឡង ហើយក៏ពុំដែលធ្លាប់មានការយោគយល់ដែរ »។
ព្រះអង្គ ក្នុងនាមជាប្រធានផ្នែកពុទ្ធិកបឋមសិក្សា បានអះអាងទៀតថា កន្លងមក គេកម្របានឃើញថាមានការបំពានណាស់ ចំណែកមន្ត្រីប្រឡងក៏មានបទប្បញ្ញត្តិតឹងរ៉ឹងដូចជាការប្រឡង នៃសិស្សនៅសាលាចំណេះទូទៅដែរ។
សូមជម្រាបថា ប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមសាលាបាលី ឆ្នាំ ២០២៤ នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ៦-៧ និងទី ៨ ខែកុម្ភៈ ដោយមានបេក្ខសមណសិស្ស និងបេក្ខជនសរុប ១ ៣០៦ នាក់ រួមទាំងព្រះសង្ឃចែកជា ៣ មណ្ឌល ស្មើនឹង ៥៣ បន្ទប់។
ដោយឡែក ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបាលីវិញ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២១-២២-២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ចំពោះវិញ្ញាសានៃការប្រឡងមានចំនួន ១៣ វិញ្ញាសា គឺភាសាបាលី ភាសាខ្មែរ គីមីវិទ្យា ព្រះវិន័យ និងអភិធម្ម ភាសាសំស្ក្រឹត រូបវិទ្យា ផែនដីវិទ្យា ភូមិវិទ្យា គណិតវិទ្យា ជីវវិទ្យា ភាសាអង់គ្លេស ប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋវិទ្យា៕