​​​​​ភ្នំពេញៈ ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ និង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​​ចំនួន​ បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រុ​ង​ប្រយ័ត្ន ករណី​គ្រោះ​អគ្គិភ័យ ដោយហា​ម​ការ​​ដុត​ផាវ កាំ​ជ្រួច​គ្រប់​ប្រភេទ និង​ហាម​ការ​នាំចូ​ល​ផាវក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​​ប្រពៃណី​ចិន និង​វៀតណាម ដែលនឹងប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ថ្ងៃ​ទី១​១ ខែកុ​ម្ភៈ។​


ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ក្នុងឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​នេះស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អ​ធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ទាំង១៤ និង​សាធារណ​ជន​ទាំង​អស់​ក្នុង​រាជធានីភ្នំពេញ​ឱ្យមា​នកា​រ​ប្រុង​ប្រយ័​ត្ន​ខ្ពស់​ពីគ្រោះអគ្គិភ័យ ដោយ​បាន​ហាម​ដាច់​ខាត​មិន​​ឱ្យ​មាន​កា​រដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់ប្រ​ភេទ​ក្នុង​ឱកាស​ពិ​ធីបុ​ណ្យ​នេះឡើយ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ប្រភពដដែល​បន្តថា៖«​​នៅ​គ្រប់​ទីក​ន្លែង​កម្សាន្ត​សប្បាយ​នានា​ មន្ទីរអ​ង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សាធារណៈ ​​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ធូប ក្រ​ដាស​សែន ភ្លើង​ចង្ក្រាន ចរន្ត​អគ្គិសនី ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​ជា​យថាហេតុ​។ ដោ​យ​ឡែក​ការ​ដុត​ក្រដាស​សែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំង​ដី ដើម្បី​ដុត ហាម​ដាច់​ខាត​មិន​ឱ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ​សាធារណៈ​ឡើយ​»​។


ចាប់​ពីពេ​ល​នេះ​ត​ទៅ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​ម៉ឺង​ម៉ាត់​បំផុត កុំ​ឱ្យ​មាន​ការ​នាំ​ចូល​ផាវ កាំ​ជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រក​ចូ​ល​រាជ​ធានី​ភ្នំពេញ នឹងត្រូ​វ​ត្រួត​ពិនិត្យ​ដក​ហូតវ​ត្ថុ​ទាំង​នេះ ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទី​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​»។​

​ស្នង​ការ​ដ្ឋាន​បញ្ជាក់​ថា ៖ «​ក្នុង​ករណី​ចំពោះ​ជន​ណា​បំពាន​លើ​សេចក្តី​ណែនាំ​នេះ​ ឬ​ប្រព្រឹត្ត​ល្មើស​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម សន្តិសុខ ​សុវត្ថិភាព និង​របៀប​រៀប​រយ​សាធារណៈ ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ នឹងអ​នុវ​ត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​ជន​ល្មើស​ត្រូវទទួល​ទោស​តាម​ច្បាប់​ជា​ធរ​មាន»​​។


ដោយឡែក លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ ក៏បា​ន​ចេញ​សេចក្ដី​ណែនាំ​​ផង​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​​​នេះ ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ក៏​ដូចជា​​វិស័យ​ឯកជន អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល និង​សាធារណជន​ ត្រូវ​ជំរុញ​ចលនា​អនុវត្ត​គោល​នយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុ​វត្ថិភាព​។

​លោក​លើកឡើង​ថា៖​ «អាជ្ញាធរ​ដែនដី ត្រូវ​រំឭក​ដាស់​តឿន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ អគ្គិភ័យ ជា​ពិសេស​ទៀន​ធូប នៅ​ពេល​សែន​ព្រេន ភ្លើង​ចង្ក្រាន ចរន្ត​អគ្គិ​សនី  ព្រម​ទាំង​ហាម​ឃា​ត់​ដាច់​ខាត​មិន​ឱ្យមា​នកា​រដុ​តផាវ កាំជ្រួ​ច និង​គ្រឿង​ផ្ទុះ​ផ្សេង​ទៀត​ឡើយ​»​។

បន្ថែម​ពីនេះ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ក៏​ត្រូវ​ពង្រឹង​បន្ថែមលើ​ការ​ងារ​ប្រចាំ​ការ និង​ការ​ងារ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ដោះ​ស្រា​យបញ្ហា​កកស្ទះ​ចរាចរណ៍ ឬ​​ហេតុការណ៍​កើត​មាន​ជា​យថាហេតុ ឱ្យ​បាន​ទា​ន់​ពេលវេលា និង​មាន​ប្រសិទ្ធ​ភាព។ នេះ​បើ​តាម​លោកលោក វ៉ី សំណាង។

ជា​មួយ​គ្នា​នេះ លោក សឿម ប៊ុនរិទ្ធិ អភិបាល​​​រង​​ខេត្ត​​បាត់​ដំបង ក៏​បានប្រា​ប់​ឱ្យ​ដឹង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​​​​អាជ្ញាធរ​ខេត្ត​តែ​ង​តែ​​​ណែនាំ​ទៅ​កាន់សមត្ថកិច្ច ក៏​ដូច​ជា​​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​ខេត្ត ឱ្យមា​ន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​បញ្ហា​អគ្គិភ័យ ក៏​ដូច​ជា​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ដុត​ផាវ អុជ​កាំជ្រួច​ផ្សេង​ៗ​ដែល​​ជា​​ហេតុប​ង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​។ 
 
លោកបាន​ឱ្យដឹងទៀត​​​ថា ក្រៅ​ពីនេះ​​ ​អាជ្ញាធរ​ខេត្ត​ក៏​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​រក្សាឱ្យបា​ន​នូវសណ្ដាប់​ធ្នាប់ សន្តិ​សុខ និង​សុវត្ថិភាព​សង្គម ជាពិសេស​អាជ្ញាធរ ត្រូវ​​បង្កើនកា​រ​ពង្រឹង​សន្តិសុខ​សង្គម តាម​រយៈ​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។

លោក​សឿម ប៊ុនរិទ្ធិ ថ្លែងថា ​៖ «​ឆ្នាំ​នេះ យើង​ណែនាំ​ឱ្យ​ពលរដ្ឋ​អនុវត្ត​ដូច​ឆ្នាំ​មុនៗ​ដែរ ​ព្រោះ​ធម្មតា​ចូល​ឆ្នាំ​ចិន មិន​មែន​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​ទេ ប៉ុន្តែ​មាន​ពលរដ្ឋ​យើង​មួយ​ចំនួន​គាត់​កាត់​ចិន អ៊ីចឹង​ពួ​ក​គាត់​ក៏​មាន​ការ​រៀប​ចំ​តាម​ប្រពៃណី​​ហ្នឹង​ខ្លះ​ទៅ ខណៈ​ដែល​រដ្ឋ​យើង​ក៏​មិន​បាន​បង្អាក់​ឱ្យ​ពលរដ្ឋ​គោរព​ប្រពៃណី​នេះ​ដែរ​»​។

​ចំណែក​លោក​ សុខ សុទ្ធី អភិបាល​​រង​ខេត្ត​កោះកុង ក៏បាន​​ប្រាប់​​ឱ្យ​​ដឹងដែរ​ថា នៅ​​ឆ្នាំ​​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ គឺ​ថ្នាក់​ដឹ​ក​នាំ​ខេត្ត បាន​ណែនាំ​ឱ្យកង​កម្លាំង​គ្រប់​លំដាប់​ថ្នាក់ ក៏​ដូច​​ជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​តាម​មូ​លដ្ឋាន ត្រូវ​​ថែ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​បាន​ល្អ​ប្រសើរ​។
 
លោក​បញ្ជាក់​ថា៖ «ក្នុង​ឱកាស​បុណ្យចូ​លឆ្នាំ​​ថ្មី​ប្រពៃណី​ចិន និងវៀ​តណាម​ខាង​មុខ​នេះ យើងសូ​ម​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ដូច​ឆ្នាំ​មុន​ដែរ ជាពិសេស​ឆ្នាំ​នេះ​យើង​សូម​ក្រើន​រំឭក​បន្ថែម​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្នលើ​ការ​បើក​បរ និង​​គោរព​នូវ​ច្បាប់​ចរាចរណ៍​»​។​

​​ថ្នាក់​ដឹក​នាំ​ខេត្តកោះកុង ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ត្រូវ​បន្ត​ណែនាំ​ឱ្យប្រ​ជាពលរដ្ឋ​មាន​ប្រុ​ង​ប្រយ័ត្ន​ចំពោះ​ភ្លើង​ទៀន​ធូប ភ្លើង​ចង្ក្រាន និង​បណ្ដាញ​ចរន្ត​អគ្គិសនី ជាពិសេស​គឺ​ហាមដុ​ត​ផាវ និង​កាំ​ជ្រួច​គ្រប់​ប្រភេទ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និងវៀ​តណាម​ខាង​មុខ​​៕