ភ្នំពេញៈ​ក្រសួង​សុខាភិ​បាលបាន​ក្រើន​រំឭក​ជាថ្មី​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ឱ្យ​មា​នការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​អុត​ស្វា​ដោយ​អនុវត្ត​បង្ការ​ខ្លួន​តាម​វិធាន​ការ​ណែនាំ​របស់​ក្រសួង​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឬ​អាល់​កុល​លាង​ដៃ ខណៈ​ដែល​ក្រសួង​បន្ត​រក​ឃើញ​ជំងឺ​នេះ១​ករណី​ទៀតដែល​ជា​ករណី​ទី​៥​ហើយ​។​


​ក្រសួង​បាន​ក្រើន​រំឭក​បែប​នេះ តាម​រយៈ​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃទី​៥ ​ខែកុម្ភៈ​ ដោយ​បាន​លើក​ឡើង​ថា ​មាន​ករណី​ជំងឺ​អឹម​ផ​ក (Mpox)​ ឈ្មោះ​ដើម​ជំងឺ​អុត​ស្វា​​១​ករណី​បន្ថែម​ទៀតទៅ​លើ​បុរស​ម្នាក់ដែល​សរុ​បមក​ទល់​ពេល​នេះ ​កម្ពុ​ជា​មាន​ករណី​ជំងឺ​អុត​ស្វា ​ដែល​បាន​រក​ឃើញចំនួន​៥​ករណី​ហើយ​។ 

​ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយពី​​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា១​ករណី​ទៀត ​តាមរ​យៈ​លទ្ធផល​ទទួល​ស្គាល់​ពី​វិទ្យា​ស្ថាន​ជាតិ​សុខ​ភាព​សា​ធារណៈ និង​វិទ្យាស្ថា​ន​ប៉ាស្ទ័រ​កម្ពុជា ​គឺ​អ្នកជំ​ងឺ​អុត​ស្វា​នេះ ​ត្រូវ​ដាក់​ឱ្យ​នៅ​សម្រាក​ព្យា​បាល​ដាច់​ដោយ​ឡែក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បាន​យ៉ាង​ត្រឹម​ត្រូវ​។ 


​ក្រសួង​សុខាភិ​បាលបាន​បញ្ជាក់​ថា​៖«​សូម​អំពាវ​នាវ​ក្រើន​រំឭក​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ជាថ្មី​ទៀត​ថា សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ផ្ទាល់​ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​បង្ការ​នូវ​ការ​ចម្លង​ជំងឺ​អឹម​ផ​ក ដោយ​ត្រូវ​ស្វែង​យល់​របៀប​ឆ្លង និង​ត្រូវ​អនុវត្ត​វិធាន​ការ​បង្ការ​នានា​»​។​

​ជុំវិញ​ការប​ន្ត​រក​ឃើញ​ជំងឺ​អុត​ស្វា​នេះ លោ​ក អ៊ី លី​ម៉ា អ្នក​ជំនាញ​សុខភា​ព​សាធា​រណៈនិង​ជា​សាកល​វិទ្យាធិ​ការរងនៃ​សា​កល​វិទ្យាល័យ​ចេន​ឡាបា​ន​ឱ្យដឹង​ថា ​ប្រសិន​បើ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​នោះ​ជា​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ជា​មនុស្ស​ចាស់ ​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​ជា​កុមារ​ ហើយ​ថែម​ទាំង​មិន​ទទួល​សេវា​ព្យា​បាល​ឱ្យទាន់​ពេល​វេលា​នោះ​ជំងឺ​នេះ ​វា​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​ឆ្លង​បាត់​បង់​ជីវិត​ផង​ដែរ​។ 


​លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​ដ្បិត​តែ​វា​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​​ក៏ពិតមែ​ន ប៉ុន្តែ​ត្រឹម​ករណី​ឆ្លង​ម្នា​ក់ ឬក៏​២​នាក់​ វា​មិន​មែន​ជា​ការបង្ក​ឱ្យ​ភ័យ​ខ្លាច និង​ធ្វើឱ្យ​ប្រជាជ​ន​យើង​មិន​អាច​ចេញ​ទៅ​ប្រកប​មុខ​របរ​បាន​នោះទេ​​»​។​

​ទាក់​ទង​នឹង​កា​រការពារ​ពី​ជំងឺ​អុត​ស្វា​នេះ​ក្រសួងសុ​ខាភិបាល​បាន​ណែនាំ​ពី​វិធាន​ការ​បង្ការ​ផ​ងដែរ​រួមមាន​ ត្រូវ​ចៀស​វាង​ការប៉ះ​ពាល់​ផ្ទាល់​ដូច​ជា ឱប ​ថើប​ ម៉ាស្សា និ​យាយ​ជិត​គ្នា​ជា​មួយ​អ្នក​ដែល​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​អុត​ស្វា​។ ចៀស​វាង​ការ​ប៉ះពា​ល់​ផ្ទាល់ ឬ​ប៉ះ​ពាល់​ជាមួយ​សម្លៀក​បំពាក់ ​កម្រាល​ពូក ​ខ្នើយ ​ឬ​កន្សែង​ពោះគោ​ ឬ​ចាន ស្លាប​ព្រា ឬ​ពែង ឬ​ផ្ទៃ​នៃ​ទី​តាំង ដែល​អ្នក​មាន​ជំងឺ​អុត​ស្វា​ប្រើ​ប្រាស់​។ 

​ក្រសួង​បន្ត​ថា ​ត្រូវ​ចៀស​វាង​ការ​ប៉ះពាល់​ជា​មួយ​តំណ​ក់ទឹក​ចេញ​ពី​ផ្លូវ​ដង្ហើ​ម ឬ​សារធា​តុ​រាវ​តាម​មាត់​របស់​អ្នក​ជំងឺ​អុត​ស្វា ​ក៏ដូ​ចជា​ត្រូវ​ពាក់​ម៉ាស់ ​ប្រសិនបើ​នៅ​ជិត​អ្នក​មាន​រោគស​ញ្ញា​ជំងឺ​អុត​ស្វា​ហើយ​ជាពិសេ​ស គឺ​ត្រូវ​រក្សា​អនាម័​យ​ផ្លូវ​ដង្ហើមនិង​អនុវត្ត​អនា​ម័យ​ដៃ​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​និង​សាប៊ូជែ​ល​លាងដៃឬ​អាល់​កុល​លាងដៃ​។
 
​ដោយ​ឡែក ​ចំពោះ​បុគ្គលិក​សុខាភិបា​ល​វិញ ​ក្រសួង​បាន​ណែនាំ​ឱ្យ​គ្រប់​មន្ទីរ​ពេទ្យ ​និង​មណ្ឌល​សុខភា​ព​ត្រូវ​ប្រុងប្រ​យ័ត្ន និង​តាម​ដាន​យ៉ាង​ហ្មត់​ចត់ចំពោះ​អ្នក​ជំងឺដែល​មាន​ចេញ​រោគ​សញ្ញាក​ន្ទួល​ពង​រមាស់​លើ​ស្បែក​ លើ​មុខ បាត​ដៃ ​ជើង​ ដង​ខ្លួន ​ភ្នែក ​មាត់ ឬ​ប្រដាប់​ភេទ​ គ្រុន​ក្តៅ ហើម​កូន​កណ្តុរ ​ឈឺ​ក្បាល ​ឈឺ​សាច់​ដុំ និង​ឈឺ​ចង្កេះ អស់​កម្លាំង​ជា​ដើម​៕