មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា កសិករខ្នាតតូចភាគច្រើន តែងរងហានិ ភ័យខ្លាំងជាងគេពីការប្រែប្រួលអាកាសធាតុ បញ្ហាការចំណាយខ្ពស់ ខ្វះដើមទុន ខ្វះកម្លាំងពលកម្ម ខ្វះបច្ចេកទេសដាំដុះ ជាហេតុក្រសួងជំរុញឱ្យមានការចងក្រងកសិកម្មទំនើប ដើម្បីការពារកសិករពីហានិភ័យទាំងនេះ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈថា ក្រសួងបានពិនិត្យមើលឃើញពីការលំបាករបស់កសិករមួយចំនួន ជាពិសេសអ្នកបន្តធ្វើកសិកម្មជាលក្ខណៈគ្រួសារ បាននិងកំពុងជួបបញ្ហាច្រើន ជាពិសេសការរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ខណៈដែលប្រទេសកសិកម្មផ្សេងទៀតនៅលើពិភពលោក ក៏កំពុងជួបនូវបញ្ហានេះដូចគ្នា។
លោកបានបន្ថែមថា នៅអំឡុងពេលដឹកនាំក្រុមការងារ ចុះជួបកសិករ ពិនិត្យសក្តានុពល ក្នុងការរៀបចំសហគមន៍កសិកម្ម នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅនេះ លោកបានសង្កេតឃើញថា មានប្រជាកសិករប្រមាណជាង ៧០គ្រួសារ បានចាប់អារម្មណ៍ស្នើសុំឱ្យក្រសួងកសិកម្ម ជួយរៀបចំសហគមន៍ផលិតកម្មស្រូវ ដើម្បីបានជួយដល់ប្រជាកសិករ ដោយអាចដោះស្រាយនូវបញ្ហាការចំណាយខ្ពស់ ខ្វះដើមទុន ខ្វះកម្លាំងពលកម្ម ខ្វះបច្ចេកទេសដាំដុះ ដែលតែងតែបណ្តាលឱ្យមានការខាតបង់ មិនទទួលបានផលចំណេញ នៅពេលធ្វើផលិតកម្មស្រូវ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖«ដោយសារបញ្ហាទាំងអស់នោះហើយ បានជាយើងតែងតែជំរុញឱ្យមានការចងក្រងគ្នា ឱ្យទៅជាសហគមន៍កសិកម្មទំនើប ដើម្បីការពារកសិករពីហានិភ័យទាំងអស់នេះ។ ជាពិសេសយើងផ្តល់នូវការគាំទ្រលើផ្នែកបច្ចេកទេស ទុន ទីផ្សារ ការជំរុញធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយថ្លៃដើមផលិតនិងការពារខ្លួនគាត់ម្នាក់ៗពីហានិភ័យ នៃការប្រែប្រួលអាកាសធាតុ»។
លោកបន្តថា៖«ការជំរុញនេះ យើងនឹងធ្វើឡើងតាមរយៈការរៀបចំឱ្យមានការធ្វើកសិកម្មរួម ការគ្រប់គ្រងរួម ដោយគាត់យកការប្រើប្រាស់ដីរបស់គាត់ ដែលមិនប៉ះពាល់ដល់កម្មសិទ្ធិ ដើម្បីដាក់ធ្វើជាដើមទុន ធ្វើយ៉ាងណាឱ្យគាត់បង្កើតទៅជាសហគមន៍មួយដ៏រឹងមាំ ដែលមានចរិតជាសហគមន៍ ជោគវាសនាតែមួយ ហើយនៅពេលបានលទ្ធផល គាត់នឹងបែង ចែកភាគលាភក្នុងចំណោមសមាជិករបស់គាត់ទៅវិញ ក្រោមទម្រង់នៃសមធម៌ និងយោងទៅតាមទំហំនៃដីផលិតកម្មដែលគាត់មាន»។
អ្នកនាំពាក្យដដែលបានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរឡើង ដើម្បីធានាឱ្យបាននូវការបែងចែកផ្លែផ្កាសេដ្ឋកិច្ចដោយសមធម៌ តាមយន្តការសំខាន់ចំនួន៣ នៃសហគមន៍កសិកម្មទំនើប គឺកាត់បន្ថយថ្លៃដើមផលិត, បង្កើនស្តង់ដាគុណភាពដំណាំ និងធានាស្ថិរភាពទីផ្សារដល់ប្រជាកសិករ។
«តាមរយៈយន្តការនេះ ថានឹងអាចជួយដល់ប្រជាកសិកររបស់សហគមន៍ រួមផ្សំនឹងបច្ចេកទេសកសិកម្ម ក៏ដូចជាការប្រឹក្សាលើយុទ្ធសាស្ត្រទីផ្សារ ដោយប្តូរពីផលិតកម្មមុនទីផ្សារ ហើយប្តូរមកជាការផ្សារភ្ជាប់ទីផ្សារមុនធ្វើផលិតកម្ម ដោយចងក្រងដៃគូហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារ និងការគាំទ្រសម្របសម្រួលទូទៅ ជាមួយនឹងសហគមន៍»។ នេះបើតាម លោក ឃឹម ហ្វីណង់បញ្ជាក់បន្ថែម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈថា វិស័យឯកជនមានការគាំទ្រ យ៉ាងខ្លាំង ក្នុងការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើបនេះ ដើម្បីជួយដោះស្រាយបញ្ហារបស់កសិករ និងជំរុញការនាំចេញទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេសបាន។
លោកបានបន្ថែមថា បើសិនជាគ្មានការចងក្រងគ្នាជាសហគមន៍នោះទេ វានឹងធ្វើឱ្យមានការចាល់ផលិតផលកសិកម្ម នៅលើទីផ្សារ លក់បានក្នុងតម្លៃថោក ខណៈដែលការធ្វើកសិកម្ម មិនស្របតាមការវិវត្តនៃកសិកម្មទំនើប វាអាចនឹងនាំឱ្យថ្លៃដើមខ្ពស់ថែមទៀតផង។
លោក លឹម ហេង បានបញ្ជាក់ថា ៖ «បើយើងធ្វើកសិកម្មបែបទំនើប ហើយមានការចងក្រងគ្នាជាសហគមន៍ទៀត វានឹងធ្វើឱ្យការចំណាយថ្លៃដើមទាប ទោះលក់ក្នុងតម្លៃសមរម្យ នៅតែចំណេញ។ ដូច្នេះខ្ញុំគិតថា ការបង្កើតឱ្យមាននេះជារឿងល្អ ដូចជាការដាក់មន្ត្រីកសិកម្មនៅតាមឃុំដែរ ដែលជាចំណុចគួបផ្សំនឹងការរៀបចំឱ្យមាន ការចងក្រងជាសហគមន៍កសិកម្មទំនើបនេះ នឹងជំរុញឱ្យកសិករយល់ដឹងកាន់តែច្រើនពីអត្ថប្រយោជន៍ចងក្រងគ្នាជាសហគមន៍បែបនេះ»។
សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយអាទិភាពទី៦ គឺរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
គោលនយោបាយអាទិភាពនេះមានគោលដៅក្នុងការប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព៕