ភ្នំពេញៈ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋអំឡុងរដូវក្តៅដែលរាំងស្ងួត ការពុលអាហារ និងជំងឺរាករូស ដែលបណ្តាលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
លោករដ្ឋមន្ត្រីបានស្នើបែបនេះក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី ៥ ខែកុម្ភៈ ដោយមានការចូលរួមផ្ទាល់ពីមន្ត្រីក្រសួង និងថ្នាក់ដឹកនាំនៅតាមរាជធានី-ខេត្តតាមរយៈប្រព័ន្ធវីដេអូអនឡាញផងដែរ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសុខាភិបាលនៅថ្ងៃទី ៦ ខែកុម្ភៈ។
នាឱកាសនោះដែរ លោក ឈាង រ៉ា ក៏បានលើកឡើងពីការប្រើប្រាស់ឱសថដោយលោកណែនាំឱ្យពិនិត្យឱ្យបានត្រឹមត្រូវចៀសវាងការទុកឱសថហួសសុពលភាពប្រើប្រាស់ ដោយកន្លងមកនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន អាចគ្រប់គ្រងឱសថដែលមិនឱ្យផុតកំណត់សុពលភាព។
ក្រសួងបានបញ្ជាក់ថា៖ «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋអំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាករូសដែលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដោយត្រូវត្រៀមរៀបចំឱ្យបានទាន់ពេលវេលា ជាពិសេសឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានគ្រប់គ្រាន់»។
លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានប្រាប់នៅថ្ងៃទី ៦ ខែកុម្ភៈថា ក្នុងនាមមន្ទីរសុខាភិបាលលោកនឹងអនុវត្តទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងដោយឱ្យក្រុមការងារនៅតាមបណ្តាស្រុក ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពចុះណែនាំ និងផ្សព្វផ្សាយព្រមទាំងអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសុខភាពទៅតាមរដូវកាលនីមួយៗ គឺក្នុងរដូវវស្សាតែងតែផ្សព្វផ្សាយអប់រំដើម្បីបង្ការជំងឺគ្រុនឈាម និងរដូវប្រាំងនេះ អាចនឹងមានការខ្វះទឹកប្រើប្រាស់ ដែលទាមទារឱ្យមានអនាម័យល្អ។
លោកបានថ្លែងថា៖ «និយាយទៅនៅក្នុងរដូវក្តៅនេះ អាចនឹងមានជំងឺផ្សេងៗទៀត។ ដូច្នេះ យើងតែងតែផ្តល់សារអប់រំ ទៅតាមរដូវកាល តាមប្រភេទជំងឺនីមួយៗដែលអាចកើតឡើង។ ក្នុងរដូវប្រាំង មានការធ្លាក់ខ្យល់នេះ ជាទូទៅ គឺជំងឺរលាកផ្លូវដង្ហើមអាចនឹងងាយកើតឡើងច្រើន ហើយក៏មានជំងឺរាករូសមួយចំនួនផងដែរ ដោយសារការបរិភោគទឹកមិនល្អ»។
ជាមួយគ្នានេះដែរយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី ៦ ខែកុម្ភៈ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយ គ្របដណ្តប់លើតំបន់មាត់សមុទ្រ ខណៈដែលតំបន់វាលទំនាប និងតំបន់ខ្ពង់រាបទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយដែលធ្វើឱ្យកម្ពុជាអាចនឹងកើនកម្តៅឡើង។
សេចក្តីជូនដំណឹងរបស់ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ នៅតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអប្បបរមាពី ២៤-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤-៣៦ អង្សាសេ រីឯតំបន់ខ្ពង់រាបវិញនឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៦ អង្សាសេ។
ចំណែកនៅតំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៥ អង្សាសេ ដែលអាចធ្វើឱ្យមានភ្លៀងធ្លាក់លាយឡំនឹងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីពី ២០-៣០% និងរលកសមុទ្រដែលអាចមានកម្ពស់ពី ០,៥០-១,០០ ម៉ែត្រ៕