ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី ៣ រូប បានដាក់ពាក្យបណ្តឹងទៅអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ប្តឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកពីបទ «ប្រមាថគណបក្សប្រជាជន» ដោយផ្អែកតាមខ្លឹមសារសម្រង់សម្តីផ្សាយក្នុងអត្ថបទសារព័ត៌មានក្រោមហេតុផល «បង្កាច់បង្ខូច និងប៉ះពាល់ដល់កិត្តិយសគណបក្ស» ដោយទាមទារសំណង ២ ពាន់លានរៀល ឬប្រមាណ ៥០ ម៉ឺនដុល្លារ។
ការសម្រេចដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងតបតាមការស្នើពីលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៤ ខែកុម្ភៈ ដែលលោកស្នើឱ្យក្រុមអ្នកច្បាប់របស់គណបក្ស សិក្សាលើទិដ្ឋភាពច្បាប់ដើម្បីប្តឹងលោក ស៊ឹង សែនករុណា ចំពោះ «សម្តីប្រមាថ» មកលើគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍ជូនវិទ្យុបារាំងអន្តរជាតិ (RFI) ហើយត្រូវបានស្រង់សម្ដីយកទៅប្រើប្រាស់បន្តដោយសារព័ត៌មានអនឡាញ The Cambodia Daily Khmer នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង ១ លានដុល្លារដើម្បីសងជំងឺចិត្តគណបក្សកាន់អំណាច»។
សូមបញ្ជាក់ថា នៅក្នុងអត្ថបទ Cambodia Daily បានដកស្រង់សម្តីលោក ស៊ឹង សែនករុណា ដែលសំដៅដោយមិននិយាយចំឈ្មោះគណបក្សណាមួយថា «លោកស្នើឱ្យអ្នកនយោបាយដោះស្រាយវិវាទរបស់ខ្លួនតាមផ្លូវនយោបាយ ជាជាងប្រើប្រព័ន្ធតុលាការមកដោះស្រាយ ហើយគណបក្សប្រជាជនកម្ពុជា គួរយោគយល់ចំពោះលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន»។
បន្ថែមពីនេះ The Cambodia Daily បានបន្ថែមទស្សនៈលើអនុប្រធាន Adhoc ដោយលើកសេចក្តីថា៖ «គណបក្សកាន់អំណាច តែងតែយកតុលាការ មកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកថា គណបក្សនយោបាយទាំងអស់ គួរតែប្រើវិធីចាស់ទុំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួនដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ»។
ត្រង់ចំណុចនេះ លោក ហ៊ុន សែន ចាត់ទុកជាការវាយប្រហារនិងប្រមាថមើលងាយ មកលើគណបក្សប្រជាជនកម្ពុជា ហើយដែលមិនអាចលើកលែងឱ្យបាន ដែលត្រូវទាមទាររកយុត្តិធម៌តាមប្រព័ន្ធតុលាការ។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?»។
នៅក្នុងពាក្យបណ្តឹងនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលចុះហត្ថលេខាដោយមេធាវីតំណាងគណបក្សប្រជាជនកម្ពុជាចំនួន ៣ រូបដែលមានលោកសាំំង វណ្ណៈ, លោក ថូ សុធាផល និងលោក ម៉ម ចាន់ណែត បានប្តឹងលោក ស៊ឹង សែនករុណា ដោយបានបញ្ជាក់ថា៖ «បុគ្គល ស៊ឹង សែនករុណា មានចេតនាបំភ្លៃផ្ទុយពីការពិតចំពោះការលើកឡើងថា គណបក្សប្រជាជនកម្ពុជា...ប្រើប្រព័ន្ធតុលាការមកដោះស្រាយ...និងតែងតែយកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ព្រមទាំងប្រើប្រាស់ វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន»។
មេធាវីទាំង ៣ រូប ចាត់ទុកការលើកឡើងរបស់លោក ស៊ឹង សែនករុណា «ជាការបំផ្លើស ជាចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសគណបក្សប្រជាជនកម្ពុជា ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ និងរើសអើងគណបក្សប្រជាជនកម្ពុជា ជាពិសេសប៉ះពាល់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥» ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។
បន្ថែមពីនេះ មេធាវីគណបក្សប្រជាជនសំណូមពរឱ្យអយ្យការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោស លើលោក ស៊ឹង សែនករុណា តាមនីតិវិធីជាធរមាន និងទាមទារសំណងជំងឺចិត្តជូនគណបក្សចំនួន ២ ពាន់លានរៀល។
ទាក់ទងនឹងករណីនេះ លោក ស៊ឹង សែនករុណា បានសរសេរសារលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៥ ខែកុម្ភៈថា ការបញ្ចេញមតិរបស់លោកក្នុងគោលបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យដោយមិនបម្រើផលប្រយោជន៍ដល់គណបក្សនយោបាយណាមួយឡើយ ហើយលោកក៏គ្មានចេតនាវាយប្រហារគណបក្សណាមួយដែរ។
លោកបានបន្ថែមថា៖ «រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូល វាយប្រហារចំៗ លើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ»។
យ៉ាងណាក្តី នៅថ្ងៃទី ៦ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍គាំទ្រពាក្យបណ្តឹង របស់ក្រុមមេធាវីតំណាង ដែលប្តឹងលោកស៊ឹង សែនករុណា ទៅសាលាដំបូងរាជធានីភ្នំពេញនេះ ហើយបានសំណូមពរឱ្យរកយុត្តិធម៌ជូនគណបក្សប្រជាជន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការនិយាយមួលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឱ្យប៉ះពាល់មុខមាត់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិអនុញ្ញាតដោយច្បាប់នោះឡើយ»។
គណបក្សប្រជាជនបន្តថា៖ «គេមិនអាចយកបញ្ហានយោបាយ មកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងទង្វើខុសច្បាប់របស់ខ្លួនដែរ»៕