​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មាន លោក ​នេត្រ ភក្ត្រា​ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​ការងារ ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន ដែល​ដឹកនាំ​ដោយ​លោក​ សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ​នេះ​។  


​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អ​ស្នា​រិ​ទ្ធ បានឱ្យដឹងថា គោលបំណង​នៃ​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ​គឺធ្វើឡើង ដើម្បី​ស្វែងយល់ និង​ពិគ្រោះ​យោបល់​លើ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន​។ កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ​ការងារ ដែលជា​សមត្ថកិច្ច​ទទួល​ខុសត្រូវ​របស់​គណៈ​កម្ម​ការ​ទី​៥ នៃ​រដ្ឋសភា រួម​សហការគ្នា​រវាង​ស្ថាប័ន​នីតិ​​ប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ ជំរុញ​ការអនុវត្ត​កម្មវិធី​ន​យោ​បាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើ​យោងតាម​រដ្ឋសភា​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ បាន​បន្តថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ ពី​ស្ថានភាព​ទូទៅ​នៃ​ដំណើរ​ប្រព្រឹត្ត​ទៅក្នុង​វិស័យ​ព័ត៌មាន ព្រមទាំង​ការអនុវត្ត​ការងារ​របស់​ក្រសួង​ព័ត៌មាន​ក្នុង​រយៈពេល​ជិត ​៥ ​ខែ ដើម​អាណត្តិ និង​ការកំណត់​ទិស​ដៅ​ការងារ​សម្រាប់​ពេលខាងមុខ ក្នុង​ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​វិស័យ​ព័ត៌មាន ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា​។​


 ​អង្គ​ប្រជុំបាន​ស្តាប់​លទ្ធផល​ការងារ​ជាក់​ស្តែង​ដែល​សម្រេចបាន​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ជា​​ពិសេស​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ការ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​សារព័ត៌មាន សន្តិ​សុខ​ព័ត៌មាន និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ការកសាង​មូលដ្ឋាន​គតិយុត្ត និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បីឱ្យ​ស្របទៅនឹង​កាលៈទេសៈ និង​ការ​​វិ​វ​ឌ្ឍ​របស់​សង្គម និង​ការលើក​កម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​ព័ត៌មាន​។ 

​ក្រៅពីនោះ អង្គប្រជុំ​ក៏បាន​ស្តាប់​ផងដែរ នូវ​ចក្ខុវិស័យ​របស់​ក្រសួង​ព័ត៌មាន ក្រោម​ការដឹកនាំ​ដ៏​វៃឆ្លាត និង​ប្រកបដោយ​ថាមពល របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្រាប់​ការរួមចំណែក​តម្រង់​ឆ្ពោះទៅ​គោលដៅ​ឆ្នាំ​ ២០៥០ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៥០​។ សម្រាប់​វិស័យ​ព័ត៌មាន​នោះ គឺ​ការ​ឈរលើ​មូលដ្ឋាន​ដំណើរ​ការ​នៃ​កំណែទម្រង់ និង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ដោយ​ផ្តោតលើ​ការធានា​គុណភាព និង​ប្រសិទ្ធភាព​ការងារ ការ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​ការរៀបចំ​សណ្តាប់ធ្នាប់​សារព័ត៌មាន ផ្អែកលើ​អភិក្រម «​ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកបដោយ​ជំនឿ​ទុកចិត្ត​ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​»​។


​លោក​ ទេព អ​ស្នា​រិ​ទ្ធ​ បាន​បញ្ជាក់ថា​៖ «​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការ​បោះជំហាន​ដ៏​ស្វាហាប់​ដើម្បី​ប្រែក្លាយ​ក្រសួង​ព័ត៌មាន​ឱ្យទៅជា​ស្ថាប័ន​កិច្ចការ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​បុ​រេ​សកម្ម​»​។​

​លោកថ្លែងថា ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​រដ្ឋមន្ត្រី​រួចមក គណៈកម្មការ​នៃ​រដ្ឋសភា​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រសួង​ព័ត៌មាន សម្រាប់​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ជិត ៥ ​ខែ នា​ដើម​អាណត្តិ​ទី​៧ ​នេះ​។ គណៈ​កម្ម​ការ​នៃ​រដ្ឋសភា​បាន​កោត​សរសើរ​អំពី​ភាព​សុខដុម​នី​យ​​កម្ម​ផ្ទៃក្នុង​របស់​ក្រសួង​ព័ត៌មាន ដោយបាន​ផ្សារភ្ជាប់​រវាង​អ្នក​ជំនាន់​មុន និង​ជំនាន់​ថ្មី សម្រាប់​ជាការ​តម្រង់ទិស​ក្នុង​ក្របខ័ណ្ឌ​នៃ​ការដឹកនាំ​ក្នុង​អាណត្តិ​ថ្មី និង​ធ្វើដំណើរ​ឆ្ពោះទៅមុខ​ប្រកប​ដោយ​គោលដៅ​ច្បាស់លាស់​។​

​បន្ទាប់មក កិច្ចប្រជុំ​បាន​បន្ត​ពិភាក្សា​ការងារ និង​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស ក្នុង​បរិយាកាស​ស្និទ្ធស្នាល ប្រកប​ដោយ​ស្មារតី​សហការ និង​ការ​ទទួលខុសត្រូវ​។ ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការផ្សព្វផ្សាយ​សកម្មភាព​ការងារ បទ​ប្បញ្ញត្តិ ច្បាប់ ដើម្បី​ពាំនាំ​សំឡេង​របស់​ស្ថាប័នរដ្ឋ​សភា និង​ព្រឹទ្ធសភា​ជូន​ដល់​សាធារណជន​, សារៈសំខាន់​នៃ​ការពង្រឹង​ទំនាក់ទំនង ក្នុង​ការផ្តល់​ព័ត៌មាន​ទាន់ពេល​​វេលា​សម្រាប់​ជា​អត្ថប្រយោជន៍​សង្គម និង​ភាពចាំបាច់​ក្នុងការ​ពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​ព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជា​​ជីវៈ ការលើកកម្ពស់​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ក្នុងចំណោម​អ្នក​សារព័ត៌មាន ការគ្រប់គ្រង​សណ្តាប់ធ្នាប់​សារព័ត៌មាន និង​ការធានា​សន្តិសុខ​ព័ត៌មាន ដូច​​ជា​៖ សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ គុណភាព​ព័​ត៌​​មាន និង​សុវត្ថិភាព​ព័ត៌មាន​។​

​លោក អ​ស្នា​រិ​ទ្ធ ថ្លែងថា​៖«​សុវត្ថិ​ភាព​ព័ត៌មាន វា​ជា​ភាពចាំបាច់​ក្នុងការ​កំណត់ និង​អនុវត្ត​យន្តការ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ រាប់បញ្ចូល​ទាំង​ការរៀបចំ​យុទ្ធនាការ​ព័ត៌មាន​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ ដោយ​បញ្ជ្រាប​ការយល់ដឹង​សាធារណៈ អំពី​គ្រោះថ្នាក់ និង​ផលវិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ ព្រមទាំង​វិធាន​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ រួមចំណែក​ដល់​ការធានា និង​គ្រប់គ្រង​លម្ហ​ព័ត៌មាន​»៕