ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​លើកឡើងថា ន​យោ​បាយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​​៧ ​នេះ​នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក្នុង​រយៈពេល​ខ្លី​ដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក ហើយ​នយោបាយ​គាំពារ​សង្គម​មិនមែន​បង្កើត​វប្បធម៌​ពឹងផ្អែក​នោះទេ តែ​ជាការ​បង្កើត​វប្បធម៌​ម្ចាស់ការ​។​


​លោក​បានលើកឡើង​ដូចនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោក​បាន​បន្តថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​គ្រប់​អាណត្តិ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កាន់តែ​រីកចម្រើន​តាមរយៈ​ធ្វើឱ្យ​ពលរដ្ឋ​រីកចម្រើន កាត់​បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​«​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នេះ​គឺ​យើង​នៅ​បន្ត​កិច្ចការងារ​នេះ និង​ពង្រីក​បន្ថែម ហើយ​រៀបចំ​គោលនយោបាយ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​សំណាញ់​សុវត្ថិភាព​សង្គម​ក្នុងការ​​ជួយ​ពួកគាត់​ក្នុង​រយៈពេល​ខ្លី​ណាមួយ រហូត​គាត់​មាន​លទ្ធ​ភាព​ជួយ​ខ្លួនឯង​វិញ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​អះ​អាង​ផងដែរ​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​គឺ​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ ដោយ​មិនមាន​ការថែទាំ​នោះទេ​។


លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនមែន​ប្រទេស​អ្នកមាន យើង​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​យើង​ចាប់​​ផ្តើម​ពី​ប្រទេស​ក្រីក្រ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​ទិសដៅ​យើង​នឹង​ទៅជា​ប្រទេស​អ្នកមាន ប៉ុន្តែ​យើង​បានដាក់​គោលនយោបាយ​ជួយ​ប្រជា​​ពលរដ្ឋ​ចាប់ពី​ប្រទេស​យើង​មិនទាន់​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​»​។​

​ជាមួយគ្នានេះ លោក​បាន​ពន្យល់​ដែរ​ថា នយោបាយ​គាំពារ​សង្គម​មិនមែន​បង្កើត​វប្បធម៌​ពឹងផ្អែក​នោះទេ ផ្ទុយទៅវិញ​ជាការ​បង្កើត​វប្បធម៌​ម្ចាស់ការ ជា​ការជួយ​ពលរដ្ឋ​ពេល​មាន​បញ្ហា កុំឱ្យ​ជីវភាព​ធ្លាក់​ក្នុងស្ថានភាព​លំបាក​។ នៅពេល​ពួក​គាត់​មាន​ជីវភាព​ធូរធារ រដ្ឋ​ដក​ការជួយ​នោះ​ទៅ​ជួយ​អ្នកផ្សេង​ដែល​លំបាក​។ ដូចនេះ រដ្ឋ​មិនមាន​ការសន្យា​ជួយ​អស់ ​១​ ជីវិត​​នោះទេ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា​៖ «​ជាក់ស្តែង​អាណត្តិ​ទី​៧​ នេះ កម្មវិធី​នយោបាយ​អាទិភាព ​៦ ដែល​ខ្ញុំ​ដាក់ចេញ​នៅក្នុងពេល​ចាប់ផ្តើម​ដែល​យើង​បានគ្រោង​ថវិកា​ជិត​ ៤៥០​ លាន​ដុល្លារ​ ដើម្បី​អនុវត្ត​កម្មវិធី​អាទិ​ភាព​ទាំងនេះ​»​។​

​កម្មវិធី​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានដាក់​ចេញ​ឱ្យ​អនុវត្ត មិនមែនជា​កម្មវិធី​ដែលមាន​ចរិត​ពឹងផ្អែក​ទេ គឺជា​ការបង្កើត​កម្មវិធី​ម្ចាស់ការ ប៉ុន្តែ​រដ្ឋ​ត្រូវ​ទទួលស្គាល់ថា ពលរដ្ឋ​ខ្លះ​ត្រូវ​ការឱ្យ​រដ្ឋ​ជួយ​ក្នុងពេល​មានការ​លំបាក ហើយ​ត្រូវ​ជួយ​យ៉ាងណា​ដើម្បី​ទប់​ការប្រែប្រួល​ជា​គំហុក​ជា​អវិជ្ជមាន​ដោយ​ប្រការ​ណាមួយ​ដូចជា​ករណី​ជំងឺឆ្លង​កូ​វីដ ​១៩ អតិ​ផរ​ណា សង្គ្រាមជាដើម ដែលមាន​ការប៉ះពាល់​ដ​ល់​កម្ពុជា​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។​

​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិសម្បទា លោក​ ជា សុ​មេធី បាន​ថ្លែង​នាឱកាស​នោះដែរ​ថា ក្រសួង​បាននិងកំពុង​ចូលរួម​កែលម្អ​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​សំដៅ​ជំរុញ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​គ្រួសារ​,​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​កាត់​បន្ថយ​ភាពក្រីក្រ តាមរយៈ​ការ​គាំពារ​គ្រួសារ​ក្រីក្រ​,​ក្រុម​ជន​ងាយ​រងគ្រោះ​ក្នុង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថា ទន្ទឹមនឹង​ការទទួលបាន​សមិទ្ធផល​នេះ ក្រសួង​ក៏​ជួប​បញ្ហា​ខ្លះ​ផងដែរ​ដែល​លោក​ស្នើសុំ​ការគាំទ្រ​ពី​នាយករដ្ឋមន្ត្រី​។​ លោក​បាន​ថ្លែងថា​៖ «​ស្នើសុំ​បង្កើន​របបហូបចុក​ស​ម្រា​ប់​ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​មណ្ឌល​រដ្ឋ​ពី​ ៥ ​ពាន់​រៀល ​ទៅ ​១២ ០០០​ រៀល​ សម្រាប់​ជនរងគ្រោះ​ម្នាក់​ក្នុង​ ១ ​ថ្ងៃ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ និង​កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​ករណី​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ជនអនាថា កុមារ​រងគ្រោះ និង​កុមារ​ដែល​ដាក់​ជា​ទម្រង់​នៃ​ការ​ថែទាំ​ដោយ​សាច់ញាតិ និង​គ្រួ​សារធម៌​ក្នុង​សហគមន៍​»​។​

​លោក​ក៏បាន​ស្នើសុំ​របប​គោល​នយោបាយ​ចំពោះ​ជន​មាន​ពិការ​ភាពក្រីក្រ​នៅតាម​សហគមន៍​សម្រាប់​អាហារ​ក្នុងអំឡុងពេល​មក​ទទួល​សេវា​ក្នុង​ ១ ​ថ្ងៃ​ពី​អត្រា ៣​ ពាន់​រៀល​ទៅ​ ១​ ម៉ឺន​រៀល និង​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​មក​ទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ពី​អត្រា​ ១ ​ម៉ឺន​រៀល ​ទៅ​ ២ ​ម៉ឺន​រៀល​ឱ្យបាន​សមស្រប​តាម​លទ្ធ​ភាព​សង្គម​សេដ្ឋកិច្ច​។​

​ក្រៅពីនោះ​លោក ជា សុ​មេធី ក៏បាន​ស្នើ​ឱ្យមាន​ការកែ​សម្រួល និង​បង្កើត​មណ្ឌល​សំចត​សង្គមកិច្ច​នៅ​ថ្នាក់​តំបន់​ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ដោះស្រាយ​ជនអនាថា និង​ជនរងគ្រោះ​នានា រួម​នឹង​ស្នើ​ឱ្យមាន​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គម​នៅតាម​រដ្ឋបាល​ឃុំ​-សង្កាត់​ដើម្បី​ផ្តល់​សេវា​សង្គម និង​ជំនួយ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា​៖ «​ជារួម ក្រសួង​នឹង​បន្ត​អនុវត្ត​មុខ​ងារ​បេសកកម្ម​របស់​ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ ហ្មត់​ចត់ ឆន្ទៈ​មោះមុត និង​ការទទួល​ខុសត្រូវ​ខ្ពស់ ស្របតាម​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ឱ្យបាន​សមិទ្ធ​​ផល​ថ្មីៗ​បន្ថែមទៀត ក្នុងទិសដៅ​រួមចំណែក​ដល់​ការជំរុញ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​»​។​

​សូមបញ្ជាក់ថា នៅ​អំឡុងពេល​កើតមាន​វិបត្តិ​ផ្សេងៗ​ក្រសួង​សង្គមកិច្ច​បាន​អនុវត្ត​កិច្ច​អន្តរាគមន៍​ជំនួយ​សង្គម​ចំនួន ​៥​ ក្នុង​ទឹកប្រាក់​ជាង ​១ ៤០០​ លាន​ដុល្លារ​ដែល​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង​ ១​ លាន​នាក់ និង​ជាង​ ៧២ ​ម៉ឺន​គ្រួសារ​៕