ភ្នំពេញៈ ក្រសួង​សុខាភិបាល បានប្រកាស​រកឃើញ​អ្នកឆ្លងជំងឺ​អឹមផក (Mpox) ឈ្មោះដើម អុតស្វា ១ ករណីទៀត ដែលជា​ករណីទី៥ ខណៈក្រសួង​ក្រើនរំឭក​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការបង្ការ​នូវការឆ្លង​ជំងឺនេះ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​កាលពីយប់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។


ប្រភពដដែល​បានឱ្យដឹង​ថា ការរកឃើញ​ករណីថ្មី១​ទៀតនេះ គឺផ្អែក​លើលទ្ធផល​ដែលទទួលបាន​ពីវិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ និងវិទ្យាស្ថានជាតិ​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ដែលបានបញ្ជាក់​ថា បុរសម្នាក់​ដែលកំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មានជំងឺនេះ។

ក្រសួង​បានក្រើន​រំឭកឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុងការបង្ការ​ការឆ្លងជំងឺ​នេះ ដោយស្វែងយល់​​ពីរបៀបឆ្លង និងត្រូវចូលរួម​អនុវត្តវិធានការ​ដែលក្រសួង​ណែនាំ ដូចជា ចំពោះ​របៀបឆ្លង វីរុស​អុតស្វា​ឆ្លងតាម​រយៈការ​រួមភេទ ឆ្លងនៅកន្លែង​មានដំបៅ ទឹកមាត់ ផ្លូវដង្ហើម សម្លៀកបំបាក់ ស្លាបព្រា ជាដើម។


ដោយឡែកវិធានការ​ការពារ ក្រសួងបញ្ជាក់​ថា ត្រូវចៀស​វាង​រួមភេទ មានដៃគូ​ច្រើន កុំប៉ះពាល់ផ្ទាល់​ជាមួយរបស់​ដែលអ្នក​ជំងឺប្រើ និងត្រូវ​អនាម័យ​ល្អ លាងសម្អាត​ដៃ​ដោយ​សាប៊ូ ហើយអ្នកជំងឺ​ត្រូវដាក់នៅដោយឡែក​រហូតទទួល​លទ្ធផល​អវិជ្ជមាន៕