កំពតៈ​ ជម្លោះ​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ​វាង​ប្តី-​ប្រពន្ធ​ (គ្មាន​សំបុត្រ​អាពាហ៍​ពិពាហ៍​)​ ក្នុង​គ្រួសារ​មួយ ដែល​ស្ថិត​ក្នុងភូមិ​រលួស ​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំព​ត កើត​ឡើង​ដោយ​សារ​ការ​មិន​ចុះ​សម្រុង​គ្នា មិន​យល់​ចិត្ត​គ្នា និង​ខ្វះ​ការ​ទទួល​ខុសត្រូវ​ក្នុង​គ្រួសារ ​ទីបំផុត​ប្តី​-ប្រពន្ធ​ទាំង​ ២​ នាក់​ នោះ ​បាន​សម្រេច​ទៅ​ឱ្យ​អាជ្ញា​ធរ​ឃុំ​ជួយ​ដោះ​ស្រាយ​ ដើម្បី​បញ្ចប់​បញ្ហា​របស់​ពួក​គាត់​ដោយ​ការ​លែង​លះ​។ 


​លោក ​ស៊ុន ណូន ចៅសង្កាត់​បឹង​ទូក ក្រុង​បូក​គោ ខេត្ត​កំពត​បាន​ឱ្យដឹ​ងថា ជម្លោះ​រវាង​ប្តី​ប្រពន្ធ​មួយគូ​នេះ​កើត​ឡើង​ប្រមាណ​ ៦​ ឆ្នាំ​មក​ហើយ ​ក្រោយ​ពី​បាន​ចុះ​ស្រាវ​ជ្រាវ​សាកសួ​រ​គ្រប់​មជ្ឈដ្ឋា​ន​ជុំវិញ ​មាន​មេភូមិ ​ប្រជាព​លរដ្ឋ និង​កូន​របស់​អ្នក​ទាំង​ ២​ នោះ ​រួមទាំង​មា​នការ​បញ្ជាក់​អះអា​ង​ក្នុ​ងការ​យ​ល់ព្រម​រវាង​ប្តី-​ប្រពន្ធ​នោះ​ផង​ ក្នុ​ងនាម​អាជ្ញាធរ​ក៏​សម្រេច​ធ្វើ​លិខិត​ព្រមព្រៀង​បញ្ចប់​រឿង​ជូន នៅ​ត្រឹម​សង្កាត់​តែ​ម្តង​។​

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ព័ត៌​មាន​មកពី​គ្រប់​មជ្ឈ​ដ្ឋាន​មក​វា​យតម្លៃ ឃើញថា​​គាត់​នៅ​ជាមួយ​គ្នា​ទៀតនឹ​ងមាន​ហានិ​ភ័យ​ ព្រោះ​មើល​តាម​ចរិត​ខាង​ប្តី​បើ​នៅ​ជា​មួយ​គ្នា​ទៀត ​អាច​បណ្តាល​ឱ្យ​មាន​ហិង្សា​របួស​ស្នាម​ដល់​ប្រពន្ធ​មិន​ខាន​»​។

បើតាម​លោក​ចៅ​សង្កាត់​បឹង​ទូក​ ក្រៅពី​ការ​ដោះ​ស្រាយ​ទំនាស់​ក្នុង​គ្រួសារ​ប្តី​-ប្រពន្ធ​ គ្មាន​សំបុត្រ​អាពាហ៍​ពិពាហ៍​លែង​លះគ្នា​​នេះ ក៏មាន​ជម្លោះ​ប្តី​-ប្រពន្ធ​ដែល​មាន​សំបុត្រ​អា​ពាហ៍ពិ​ពាហ៍​សុំ​លែង​លះគ្នា​តែ​ត្រូវ​បាន​លោក​ផ្សះផ្សា​គ្នាវិ​ញផងដែរ​។


លោក​បញ្ជាក់​ថា ដើម្បី​ដោះ​ស្រាយ​រឿង​នេះ ​លោក​បាន​ចែក​រំលែក​បទ​ពិសោធន៍​ជីវិត និង​មេរៀន​ជីវិត​ជោគ​ជ័យ​ក្នុង​គ្រួសារ​ដោយ​លើក​ជា​ឧទា​ហរណ៍​ជា​ច្រើន​ដើម្បី​ពន្យល់​ក្នុង​នោះ​ភាគី​វិវាទ​គាត់​ស្តាប់​បាន​និង​នាំគ្នា​ទៅផ្ទះ​វិញ​កសាង​ជីវិត​ដោយ​សុភ​មង្គល​ជាថ្មី។​

យ៉ាង​ណាក៏​ដោយ ​មាន​គ្រួសារ​ខ្លះ​មិន​ស្តាប់​តាម​ការ​សម្រ​បសម្រួលហើ​យបាន​​ជម្នះ​យក​ឈ្នះ​ដាច់​ខាត​ថា ត្រូវតែ​បែក​គ្នា ​ហេតុ​នេះ​សម្រាប់​អ្នក​មាន​សំបុត្រ​អាពាហ៍​ពិពាហ៍​អាជ្ញា​ធរសង្កាត់​មិន​អាច​សម្រេច​ជូន​បាន​ទេ​គឺមា​ន​តែ​ឱ្យ​ពួក​គាត់​ប្តឹង​ទៅ​តុលា​ការ​ប៉ុណ្ណោះ​។
 
​លោក​ថ្លែង​ថា​៖ «​រឿង​ដែល​យើង​សម្រួល​បាន​មាន​ន័យ​ថា​យើង​ជោគ​ជ័យ ​ព្រោះ​កាល​ណា​គាត់​ឈប់​ឈ្លោះ​គ្នា​នៅត្រឹម​មូលដ្ឋា​នគឺ​កាត់​បន្ថយ​ការ​ប្តឹង​ផ្ដល់នៅ​តុលា​ការ​ហើយ​ ប៉ុន្តែ​រឿង​ខ្លះ​គិត​មិន​ព្រម​តាម​ការ​សម្រុះ​សម្រួល គឺមាន​តែ​ឱ្យ​គាត់​ទៅ​តុលា​ការ​»​។
    
នេះ​ជាការ​ដោះ​ស្រា​យ​ការ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាកា​រនៅ​តាម​មូល​ដ្ឋាន ​ដែល​តាម​ឃុំ​សង្កាត់ ​ស្រុក​ ខេត្ត​ ធ្វើជា​ប្រចាំ ក្នុង​ការ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​។ បំពេញ​បន្ថែម​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​នេះ  អាជ្ញា​ធរ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ (​អ​.​ដ​.​ក​.) ត្រូវ​បាន​បង្កើត​ឡើង​ដែល​ជា​យន្ត​ការ​ថ្មី​ ១​ ទៀត​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​កាន់តែ​ងាយ​ស្រួល ​សម្បូ​របែប​ ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ក៏​នឹង​ទទួល​បាន​ការ​លើកក​ម្ពស់​សមត្ថ​ភាព និង​ជំនួយ​បច្ចេក​ទេសផងដែរ​។​


​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ កើត រិ​ទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ធ្លាប់បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​ស្តីពី​ការ​អនុវត្ត​យុទ្ធនា​ការ​ពង្រឹង​និង​លើក​កម្ពស់​សេវា​យុត្តិ​ធម៌​ និង​គុណ​ភាព​យុត្តិ​ធម៌​កាលពី​ថ្ងៃទី​៩ ​ខែមករា​ថា អាជ្ញា​ធរ​នេះ​បង្កើត​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ​កាល​ពីដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣​។ ការ​បង្កើត​បាន​អាជ្ញា​ធរ​ជាតិ​នេះ​គឺជា​ការ​បោះ​ជំ​ហាន​ថ្មី​មួយ​ដ៏​សំខាន់​ក្នុង​ការ​កែ​ទម្រង់ប្រ​ព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា និង​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​ការ​ដោះ​ស្រាយ​វិវាទ​ឱ្យ​ក្លាយ​ជា​សសរ​ស្តម្ភ​មួយ​នៃ​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​នៅ​កម្ពុជា​។ ជំ​ហាន​ដំបូង ​អាជ្ញាធរ​នេះ​នឹង​ចាប់​ផ្តើម​ទទួល​ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី​ ១​ ខែមីនា ​ឆ្នាំ ​២០២៤​។ 

​លោក​ថា រាជរ​ដ្ឋាភិ​បាល​បាន​ផ្តល់​អាទិ​ភាព​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ជូន​ប្រជា​ពលរ​ដ្ឋ ហើយ​យន្ត​ការ​នេះ​ក៏​មាន​លក្ខណៈ​ស្រប​ទៅ​នឹង​ការ​ដោះ​ស្រាយ​វិវាទ​ក្នុង​សង្គម​ជាតិ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ផង​ដែរ​។ អត្ថ​ប្រ​យោជន៍​ទាំង​នោះ​រួម​មាន​ទី​១​ការរួម​ចំ​ណែក​ក្នុងការ​កាត់​បន្ថយ​សំណុំ​រឿង​និង​ការ​កក​ស្ទះ​សំណុំរឿង​នៅ​តាម​តុលា​ការ​។​ទី​២​ការ​បង្ខិត​សេវា​ដោះ​ស្រាយ​វិវាទ​ឱ្យ​កាន់​តែ​ទៅ​ជិត​ប្រជា​ពលរដ្ឋ​ ពិសេស​សេវា​ដោះ​ស្រាយ​វិវាទ​មួយ​ដែល​ឆាប់​រហ័ស និង​ងាយ​ស្រួល​ប្រើ​ប្រាស់​។ ទី​៣​ ធានា​បាន​ភាព​សុ​ខ​ដុមរ​មនារ​បស់​ប្រជា​ជន​ និង​ធានា​បាន​ស្ថិរ​ភាព​សង្គម​តាម​រយៈ កា​រលើ​កកម្ពស់​វប្បធម៌​សន្តិ​ភាព​និយម​ ពន្លត់​បាន​នូវ​ភ្លើង​វិវាទ​នានា ​ក្នុង​សង្គម​ជាតិ​។
 
​លោក​ថ្លែង​ថា​៖«​ចំពោះ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នេះ ​អាជ្ញាធ​រ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​និង​កំពុង​បន្ត​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ដោយ​ស្វា​ហា​ប់និង​ឈាន​ទៅ​ធ្វើការ​ពិនិត្យ​និង​ដោះ​ស្រាយ​វិវាទ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​»​។ 

​បើតាម​លោក​ កើត រិ​ទ្ធ អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នឹង​ប្រកាស​គម្រោង​ចំនួន​២ សម្រាប់​ជា​ប្រយោ​ជន៍​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​ក្នុង​នោះ​ទី​១ គឺ​គម្រោង​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​សម្រាប់​តំបន់​ដាច់​ស្រ​យាល​របស់​កម្ពុជា ​និង​គម្រោង​១​ទៀត​គឺ​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​។​គម្រោង​ទាំង​២​នេះ ជា​ការ​បើក​ច្រក​សម្រាប់​អង្គ​ការ​ដៃ​គូ ​និង​អ្នក​ចង់​ចូលរួម​ជួយ​ប្រជា​ជន​ទាំង​អស់ ​អាច​បញ្ចេញ​សកម្ម​ភាព​ក្នុងការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រជា​រាស្ត្រ​នៅ​តំបន់​ទាំង​២​នោះ​។ 

​លោក​ស្រី ​អ៊ុន ចិន្តា មន្ត្រី​នៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន ​នៃ អ​.​ដ​.​ក​. បាន​ឱ្យ​ដឹង​ថា ​យន្ត​ការ​ថ្មី​នេះ ​នឹង​ផ្តល់​ជា​ជម្រើស​ថ្មី​មួយ​ដែល​កាន់​តែ​ងាយ​ស្រួល ​កាន់​តែ​សម្បូរ​បែប ​និង​កាន់​តែ​ខិត​ជិត​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ព្រម​ទាំង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ជូន​ប្រជា​ពល​រដ្ឋ​។ 

​លោក​ស្រី​បញ្ជាក់​ថា​៖«​យន្ត​ការ​នេះ​ទៅ"​បំពេញ​បន្ថែម​"តែ​នឹង​មិន​ជំនួស​ឱ្យ​យន្ត​ការ​ដែល​មាន​ស្រាប់​នោះ​ទេ​ហើយ​យន្ត​ការ​ដែល​មាន​ស្រាប់ ​(​ឧទា​ហរណ៍ៈ​ការ​ដោះ​ស្រាយ​ដោយ​អាជ្ញា​ធរ​មូល​ដ្ឋាន​) នៅតែ​បន្ត​អនុវត្ត​​តួនាទី​និង​ភា​រកិច្ច​របស់​ខ្លួន​ដដែល​»​។ 

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា មិន​តែ​ប៉ុណ្ណោះ អ​.​ដ​.​ក​. នឹង​ជួយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ក៏ដូច​ជា​កិច្ច​សហ​ការ​ជាមួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ដើម្បី​ជួយ​លើក​កម្ពស់​សមត្ថ​ភាព ​និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ថែម​ទៀត​ផង​។

​ចំពោះ​ការ​ដោះ​ស្រាយ​វិវាទ​ ដោយ ​អ​.​ដ​.​ក​. គឺ​ធ្វើ​ទ្បើង​តាម​រយៈ​មន្ត្រី​សម្រុះ​សម្រួល​ដោះ​ស្រាយ​វិវាទ ដែល​ប្រតិ​ប​តិ្ត​ការ ​ដោយ​ចុះ​ផ្ទាល់​ទៅ​ជួយ​ដោះ​ស្រាយ​វិវាទ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​។ មន្ត្រី​សម្រុះ​សម្រួល​ដោះ​ស្រាយ​ វិវាទ​នេះ ​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ហ្មត់​ចត់ ​ហើយ​ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ច្បាប់ ​និង​ជំនាញ​ដោះ​ស្រាយ​វិវាទ​ មុន​នឹង​អនុញ្ញាត​ឱ្យទៅ​ដោះ​ស្រាយ​វិវាទ​ជូន​ប្រជា​ពល​រដ្ឋ​។​

​ចំណុច​ពិសេស​ដោយ​ទ្បែក​មួយ​ទៀត ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដោយ​ អ​.​ដ​.​ក​. គឺ​កំណត់​ហេតុ​ព្រម​ព្រៀង​បញ្ចប់​វិវាទ​។ កំណត់​ហេតុ​នេះ​ធ្វើ​ទ្បើង​ដោយ ​អ​.​ដ​.​ក​.ត្រូវ​បាន​បំពាក់​​អំណាច​តាម​ផ្លូវ​ច្បាប់​មួយ​ដែល​មាន​តម្លៃ​គតិ​យុត្ត​ ដូច​ជា​សាល​ក្រម​ ឬ​សាល​ដីកា​ស្ថាពរ​របស់​តុលា​ការ​។ ចំណុច​នេះ​មាន​ន័យ​ថា កំណត់​ហេតុ​ព្រម​ព្រៀង​បញ្ចប់​វិវាទ​នេះ​ អាច​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ ដែល​នេះ​ជា​អ្វី​ដែល​ភាគី​ចង់​បាន​បំផុត ​ហើយ​អាច​ចៀស​វាង​ករណីដែល​ភាគ​ច្រើន​កើត​មាន​កន្លង​មក​ គឺវិវាទ​រឿង​មួយ​បាន​ដោះ​ស្រាយ​ចប់​ហើយ​តែ​បែរ​កើត​ទ្បើង​វិញ  ដោយ​សារ​តែ​ភាគី​ម្ខាង​មិន​ព្រម​អនុ​វត្ត​តាម​ការ​ព្រម​ព្រៀង​។​

​មន្ត្រី​ដដែល​លើក​ឡើង​ថា តាម​ព្រះ​រាជ​ក្រឹត្យ​ស្តីពី​ការ​បង្កើត​ ការ​រៀបចំ ​និង​កិច្ច​ដំណើរ​ការ​របស់​អា​ជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ ប្រព័ន្ធ​តុលា​ការ​ បង្ហាញ​ថា ​វិវាទ​ដែល​អាច​សម្រុះ​សម្រួល​ផ្សះ​ផ្សា​ក្នុង​ក្រប​ខ័ណ្ឌ នៃ អ​.​ដ​.​ក​. តាម​រយៈ​ការ​ដាក់​ពាក្យ​បណ្តឹង​រប​ស់​ភាគី​វិវាទ ​រួម​មាន វិវាទ​រដ្ឋ​ប្ប​វេណី ​វិវាទ​ពាណិជ្ជ​កម្ម ​និង​វិវាទ​ដទៃ​ទៀត ដូច​ជា ​វិវាទ​ការ​ងារ​ និង​វិវាទ​ដីធ្លី ​ជា​ដើម​។ 

​លោក​ស្រី​ថ្លែង​ថា​៖«​ជា​គោល​ការណ៍​រឿង​ព្រហ្ម​ទណ្ឌ​មិន​អាច​យក​មក​ធ្វើការ​សម្រុះ​សម្រួល​ផ្សះ​ផ្សា​បាន​ទេ​លើក​លែងតែ​ករណី​មួយ​ចំនួន​តូច​ដែល​ច្បាប់​អនុ​ញ្ញាត ដូច​ជា ករណី​ប្រើ​ហិង្សា​ស្រាល ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួ​សារ​តិច​តួច​មួយ​ចំនួន​»​។​

​លោក​ស្រី​ អ៊ុន ចិន្តា ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ការ​ដាក់​និង​ការ​ទទួល​ពាក្យ​បណ្តឹង​ដំណាក់​កាល​ដំបូង​នឹង​ធ្វើ​ទ្បើង​ដោយ​ផ្ទាល់​នៅ​អគ្គ​លេខា​ធិការ​ដ្ឋាន​នៃ អ​.​ដ​.​ក​.ស្ថិត​នៅ​បរិវេណ​បណ្ឌិត្យ​សភា​ភូមិន្ទ​យុ​តិ្ត​ធម៌​កម្ពុជា​ហើយ​នៅ​ពេល​ខាង​មុខ​អាជ្ញា​ធរ​នឹង​គិត​គូរ​រៀបចំ​យន្ត​ការ​ទទួល​ពាក្យ​បណ្តឹង​នេះ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត។ទន្ទឺម​នេះអ​.​ដ​.​ក​.ក៏​មាន​រៀប​ចំ​បណ្តាញ​ទំនាក់​ទំនង Tele​gram និង​បណ្តាញ​សង្គម​សម្រាប់​ឱ្យ​ប្រជា​ពល​រដ្ឋ​អាច​សាក​សួរ​ព័ត៌​មានបាន​ផង​ដែរ​។​

​លោក ​ស៊ុន ​ណូន ចៅ​សង្កាត់​បឹង​ទូក ក្រុង​បូក​គោ ខេត្ត​កំពត​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោកថា​ ការ​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​អាជ្ញា​ធរ​មូល​ដ្ឋាន​តាម​រយៈ​ការ​សហ​ការ​និង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេ​កទេស​ពី​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការនឹង​ធ្វើ​ឱ្យ​ការ​ដោះ​ស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​ ជា​ពិសេស​បង្កើត​ទំនុកចិ​ត្ត​សម្រាប់​ប្រជា​ពល​រដ្ឋ​ចំពោះ​អាជ្ញា​ធរ​តែ​ម្តង​។ 

​លោក​បាន​ថ្លែង​ថា​៖«​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ​ខ្ញុំ​យល់​ឃើញ​ថា​ ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នៅ​មូល​ដ្ឋាន​ហ្នឹង ​បើ​ពលរដ្ឋ​គាត់​ទទួល​យក​បាន​ច្រើន​តាម​ការ​សម្រួល​តាម​វិធី​ឈ្នះ​ឈ្នះ ខ្ញុំ​យល់​ថា ​វា​មាន​ប្រយោ​ជន៍​សម្រាប់​ពលរដ្ឋ​ខ្លួន​ឯង​ផង​ និង​សម្រាប់​រាជ​រដ្ឋាភិ​បាល​ផង​ ព្រោះ​បើ​ពលរដ្ឋ​គ្មាន​ការ​ថ្នាំង​ថ្នាក់​ជា​មួយ​អាជ្ញា​ធរ​ស្មើ​នឹង​ការ​ដឹក​នាំ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​»​។ 

​លោក ​សឹង សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមា​គម​អាដ​ហុក​ថ្លែង​ថា ការ​បង្កើត​ឱ្យមាន​អាជ្ញា​ធរ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាកា​រ​នេះ​ជា​យន្ត​ការ​ថ្មី តែ​នៅ​មិន​ទាន់​ដឹង​ថា​ការអ​នុវត្ត​មាន​ប្រសិទ្ធ​ភាព​ប៉ុន​ណា​នៅឡើយ​ទេ ព្រោះ​ទើប​ឃើញ​មាន​ការ​រៀបចំ​ដើម្បី​ចាប់​ផ្តើម​។ យ៉ាង​ណា​ក៏​ដោយ ​ជា​ការ​កត់​សម្គាល់ ​លោក​ថា​ ការកែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​ក្នុង​អា​ណត្តិ​ថ្មី​នេះ ​ពិតជា​មាន​ភាព​ដុត​ដៃដុតជើ​ង​ពី​សំណាក់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​គឺខ្លា​ចក្រែង​ការ​អនុវត្ត​មាន​វិសម​ភាព​ការ​ងា​រ ជាន់​តួនាទី​ក្នុង​ការ​អនុវត្ត​រវាង​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​។ 

​លោក​បាន​បញ្ជាក់​ថា​៖«​ការ​អនុវត្ត​ហ្នឹង​បាន​លទ្ធ​ផល​ល្អ ​យើង​ក៏​សាទរ​ជាមួយ​ដែរ​ ប៉ុន្តែប្រសិ​នបើ​អនុវត្ត​ទៅ​គ្មាន​អី​ប្រែប្រួល​ ហើយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​សំណុំ​រឿង​របស់​គាត់ ​អាហ្នឹង​វា​ជា​រឿង​មួយ​ដែល​នឹងរង​ការ​រិះ​គន់ពី​ប្រជា​ពលរដ្ឋ​ដែល​មាន​រឿង​រ៉ាវ​ក្នុង​រឿង​ក្តី​ផង និង​សហ​គមន៍​អន្តរ​ជាតិ​ផង​»​។​

​ដោយ​ឡែក ​លោក ​ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេ​យ្យ​កម្ពុជា​បាន​ថ្លែង​ថា ការ​បង្កើត​អាជ្ញា​ធរ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ក៏​ដូ​ចជា​ការ​ដាក់​ចេញ​គោល​ការណ៍​ផ្សេងៗ​អាច​ជា​យន្ត​ការ​ថ្មី​ក្នុង​ការ​ស្តា​រនីតិរដ្ឋ​និង​ការ​ផ្តល់​ជូន​យុត្តិ​ធម៌​ដល់​ប្រជា​ពលរ​ដ្ឋ​។ 

​ប៉ុន្តែ​ទោះ​យ៉ាង​ណា​តាម​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ស្ថា​ប័ន​មួយ​ចំនួន​បង្ហាញ​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​កម្រិត​ទាប ​បើ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​។ ហេតុ​នេះ​ទាម​ទារ​ឱ្យ​រាជរ​ដ្ឋាភិ​បាល​​អាណត្តិ​ថ្មី​នេះ​មាន​ការ​កែ​ទម្រង់​ស៊ី​ជម្រៅលើ​​វិស័យ​យុត្តិ​ធម៌​ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​នៅ​ក្នុង​សង្គម​ទើប​អាច​លុប​បំបាត់​និ​ទ្ទណ្ឌ​ភាព​និង​លើក​កម្ពស់​នីតិរដ្ឋ​ក្នុង​សង្គម​និង​ផ្តល់​យុត្តិ​ធម៌​ជួន​ប្រជា​ពលរដ្ឋ​បាន​។​

​លោក​ថ្លែង​ថា​៖«​ខ្ញុំ​មើល​ឃើញ​ថា​ការប​ង្កើត​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការក៏ដូច​ជា​ការ​ដាក់​ចេញ​គោល​ការណ៍មួយ​ចំនួន​របស់​ក្រសួង​យុត្តិ​ធម៌​អាច​ជា​យន្ត​ការ​ថ្មី​ដើម្បី​ស្តា​នីតិ​រដ្ឋ​និង​លើក​កម្ពស់​ដំណើរ​ស្វែងរក​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ប៉ុន្តែលុះ​ត្រា​តែ​ឃើញ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​ងារ​ជាក់​ស្តែង​ទើប​អាច​វាយ​តម្លៃ​បាន​»​៕