ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃពុធ ទី ៧ ខែកុម្ភៈនេះ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោក ហ៊ុន ម៉ាណែត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាថៃផងដែរ។ លើសពីនោះ លោកនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយនឹងលោក សេដ្ឋា ថាវីស៊ីន។
នាយករដ្ឋមន្ត្រីទាំង ២ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី ៥ ខែកុម្ភៈ។
ក្រសួងបានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង ២ ស្របតាមស្មារតីនៃ ‘ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព’ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ»៕