​ភ្នំពេញៈ ​កម្ពុជា​ និង​អ៊ូ​ហ្គ​ង់​ដា ឯក​ភាពគ្នា​ជំរុញ​កិច្ចសហ​ប្រ​តិប​ត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ ​និង​ទេសច​រណ៍ ខណៈ​ភាគី​ទាំង​ ២ ​កំពុង​ជំរុញ​ទំនាក់ទំ​នង​រវាង​​សភា​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ ២​ និង​ការ​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជា​តិស្រ​បពេល​ដែល​ភាគី​ទាំង​ ២ កំពុង​ពិចា​រណា​ត​ភ្ជាប់​កិច្ច​សហ​ប្រតិប​ត្តិការ​ក្រប​ខ័ណ្ឌ​ក្រសួង​ការ​បរទេស​។​


​កា​រឯកភាព​រវាង​ប្រទេស​ទាំង​ ២ ធ្វើឡើ​ង​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​លោក ​ជុំ ​សុន្ទរី​ រ​ដ្ឋលេខា​ធិការ​នៃ​ក្រសួង​ការ​បរទេស និង​សហប្រ​តិបត្តិ​ការ​អន្តរ​ជាតិ និង​លោក O​kello Henry Oryem​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ នៃ​សាធារ​ណរដ្ឋ​​អ៊ូ​ហ្គ​ង់​ដា ​នៅ​ថ្ងៃទី​ ៦ ​ខែកុម្ភៈ ឆ្នាំ​ ២០២៤​ ខណៈ​អនុរ​ដ្ឋមន្ត្រី​ការប​រទេស​អ៊ូ​ហ្គ​ង់​ដា​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​ប្រកាស​ពី​ក្រសួង​ការ​បរទេស​។​

​ក្រសួង​បាន​បន្ត​ថា ភាគី​ទាំង​ ២ បាន​ពិភាក្សា​គ្នា​ពី​បំណង​លើកក​ម្ពស់​កិច្ចស​ហប្រ​តិប​ត្តិ​ការ​ទ្វេភា​គីហើយ​បាន​ឯកភា​​ពគ្នា​ថា ប្រទេស​ទាំង​ ២ គួរ​សម្រេច​ទៅរក​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទ្វេភាគី​មួយ​ចំនួ​ន ព្រម​ទាំង​អនុស្ស​រណៈ​យោគយល់​​គ្នា​ពី​កិច្ច​ពិគ្រោះ​យោបល់​​ទ្វេភាគី​រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​ក្លាយ​ជា​វេទិកា និង​យន្ត​ការ​ជំរុញ​កិច្ច​សហ​ប្រ​តិប​ត្តិការ​។​


​ក្រសួង​បាន​បញ្ជាក់​ថា​៖ «​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ ២ បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​​រួម​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម វិនិយោ​គ និង​ទេស​ចរណ៍ ​ក៏ដូចជា​ជំរុញ​ទំនាក់ទំ​នង​ផ្ទាល់​រវាង​ស​ភា​ពាណិ​ជ្ជ​កម្ម​នៃ​ប្រទេស​ទាំង ​២»​។ 

​ទន្ទឹម​នឹងនេះពី​ភាគី​កម្ពុជា​ លោក​ ជុំ សុន្ទ​រី បានប​ង្ហាញ​ការគាំទ្រ​ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ​ដ៏​ជោគជ័យ​​របស់​អ៊ូហ្គ​ង់​ដា​លើ​កិច្ចប្រជុំ​កំពូល G77 ​លើក​ទី៣ និង​កិច្ចប្រជុំ​កំពូល​លើក​ទី​១៩ នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ (NAM) នាទី​ក្រុង ​Kam​pala​ នាពេល​កន្ល​ងទៅ​ថ្មីៗ​នេះ​។​


​បន្ថែម​ពីនេះ ​លោក​បញ្ជាក់​ប្រាប់​ភាគី​អ៊ូ​ហ្គ​ង់​ដា​ថា​៖ «​កម្ពុជា​ក្នុងនា​ម​ជា​សមាជិក​ស្ថាបនិក​​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ត្រៀមខ្លួ​ន​រួចជា​ស្រេច​ក្នុង​ការ​ផ្តល់​កា​រគាំទ្រ និង​កិច្ចស​ហប្រតិ​បត្តិកា​រ​ពេញទំហឹ​ង ដើម្បី​ធ្វើយ៉ាង​ណា​ជួយ​អ៊ូ​ហ្គ​ង់​ដា​ឱ្យ​អនុវ​ត្ត​បេសក​កម្ម​ដ៏​ថ្លៃថ្នូរ​រប​ស់ខ្លួន​ជា​ប្រធាន​ NAM ពី​ឆ្នាំ ២០២៤​ ដល់​ឆ្នាំ ២០២៧​ ប្រកបដោយ​ជោគជ័យ​»​។

​លោក ​គិ​ន ភា ប្រធាន​វិទ្យាស្ថា​ន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិ​ត្យ​ស​ភាកម្ពុ​ជាបាន​លើក​ឡើង​នៅ​ថ្ងៃទី ​៧ ខែកុម្ភៈ​ថា ​ការជំរុញ​ទំនាក់ទំ​នង​រវាង​កម្ពុ​ជា​និង​អ៊ូ​ហ្គ​ង់​ដា ជា​ជំហាន​នៃ​ពិពិធ​កម្ម​ការទូត​ដ៏​សំខាន់​របស់​រដ្ឋាភិបា​ល​ថ្មី​កម្ពុជា ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។​

​លោក​បាន​ថ្លែង​ថា​ការព​ង្រឹង​ទំនាក់​ទំនង​នឹង​អ៊ូ​ហ្គ​ង់​ដា ជា​ការ​បោះជំហា​ន​ការទូត​ទៅ​ទ្វីបអា​ហ្វ្រិក​បន្ថែម​ទៀត ដោ​យសារ​កន្លង​មក ​ទំនា​ក់ទំនង​កម្ពុជា​នឹង​តំបន់​អាហ្វ្រិក​មិន​ទាន់​ស៊ី​ជម្រៅ​នៅ​ឡើយ​ទេ​។​

​លោក គិ​ន ​ភា បាន​បន្តថា​៖ «​ទំនាក់​ទំនង​នឹង​ទ្វីប​អាហ្វ្រិក​សំខាន់​ទៅលើ​ផ្នែក​ពាណិជ្ជកម្ម ​ជា​ពិសេ​ស​ពាក់ព័ន្ធ​វិស័យ​ស្បៀង ​ដែល​តំបន់​អាហ្វ្រិក​ជា​ក្រុម​ប្រទេស​ខ្វះ​ខាត​ស្បៀ​ង​ខ្លាំង​ ខណៈ​កម្ពុជា​ជា​ប្រទេស​ស្បៀ​ងស​ម្រាប់​ការ​នាំចេញ​»​។ 

លោក​ថា ៖ «​នេះ​ជា​កាលានុ​វត្ត​ភាព​ដែល​ប្រទេស​ទាំង​ ២ អាច​ធ្វើការ​ជាមួ​យគ្នា​លើ​វិស័យ​ស្បៀ​។ ក្រៅពីនេះ ​ពាក់ព័ន្ធ​​វិស័យ​ទេស​ចរណ៍​ពី​ខាង​អាហ្វ្រិក​ដែល​កម្ពុជា​មិនទា​ន់​ទទួល​ទេសចរ​ច្រើន​ពី​តំបន់​នេះ​ ហើយ​យើង​អាច​ចាប់ផ្តើ​ម​បាន​»​។​

​ជា​មួយ​គ្នានេះលោក​ គិ​ន ភា បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ការត​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ជាពិសេស​បើ​អាច​ដាក់​ស្ថាន​តំណាង​ទូត​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន សម្រាប់​ពេលអ​នាគ​ត ដើ​ម្បី​នៅពេល​​កម្ពុ​ជាមាន​សក្តា​នុព​ល​​សេដ្ឋកិច្ច​និង​នយោបា​យដែល​កម្ពុជា​អាច​ពង្រីក​ការទូត​រប​ស់ខ្លួន​នៅ​អ៊ូ​ហ្គ​ង់​ដាដែលជា​​ជំហាន​វិជ្ជមា​ន​មួយ​នៃ​នយោ​បាយ​ការទូ​ត​កម្ពុជា​៕