​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ការនាំ​ចូល​ថង់​ប្លា​ស្ទិ​កមាន​ការថយចុះ​ប្រមាណ ​៥០%​ កាលពី​ចុងឆ្នាំ​២០២៣ ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ការយល់ដឹង ​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។ លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ថ្លែង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។​


លោក​បានឱ្យដឹងថា ៖ «​ការនាំ​ចូល​ប្លា​ស្ទិ​ក​ នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ មានការ​ថយចុះ​ចំនួន ៣២ ២២៨,៧៣ ​គីឡូក្រាម ដែល​ស្មើនឹង​ប្រមាណ ​៥០% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​ដដែល​»​។ 

លោក​បាន​បន្តទៀតថា ការនាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ចំនួន ១២ ០៧៨,០៤​ គីឡូក្រាម នៅក្នុង​ខែមករា ឆ្នាំ​២០២៤ ថយចុះ​ប្រមាណ ៨០% ក្នុង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២៣ ដែលមាន​ចំនួន​សរុប ៦២ ២៨៤,០១​ គីឡូក្រាម​។


 ​លោក ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់ថា ៖ «​ទិន្នន័យ នៃ​ការនាំ​ចូល​ថង់​ប្លា​ស្ទិ​ក​នេះ ត្រូវបាន​កត់ត្រា ក្នុង​ឆ្នាំ​២០២៣ និង​នៅ​ដើមឆ្នាំ​២០២៤ ដែល​ក្រុមហ៊ុន​ឯកជន​បាន​ស្នើសុំ​ការអនុញ្ញាត​នាំចូល​ថង់​ប្លា​ស្ទិ​ក សម្រាប់​បម្រើសេវា​វេច​ខ្ចប់​ទំនិញ​ក្នុង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន សម្រាប់​ច្រក​សំរាម វេច​ខ្ចប់​អាហារ និង​ប្លា​ស្ទិ​ក​ដែល​ងាយ​ពុកផុយ​ក្នុង​បរិស្ថាន (Biodegradable Plastic Bag)»​។

 ចំពោះ​ថង់​ប្លា​ស្ទិ​ក​ ដែល​ក្រុមហ៊ុន​សុំ​អនុញ្ញាត​នាំចូល​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នេះ បាន​អនុលោមទៅតាម​លក្ខខណ្ឌ​អនុញ្ញាត​ឱ្យ​នាំចូល ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ ១៦៨ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក (​កម្រាស់​ចាប់ពី ០,០៣​ មី​ល្លី​ម៉ែត្រ ឡើងទៅ​)​។ នេះ​បើតាម​ការបន្ថែម​ពី​លោក ខ្វៃ អាទិ​ត្យា​។​


ជាមួយគ្នានេះ​ លោក​បាន​ចាត់ទុកថា ការថយចុះ​នៃ​ការនាំ​ចូល​ថង់​ប្លា​ស្ទិ​កមក​កម្ពុជា មាន​២​ករណី ដែល​ក្នុងនោះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​ការចូលរួម​នៅ​ទូទាំងប្រទេស ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដែល​បច្ចុប្បន្ន​មាន​អ្នកចូលរួម​ដោយផ្ទាល់ ជិត ​៥​ លាន​នាក់​។​

​ចំណែក មូលហេតុ​មួយទៀត​នោះ​គឺ លោក ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់ថា ៖ «​ការចូលរួម​បន្ថែម​ពី​វិស័យ​ឯកជន ធ្វើឱ្យ​កម្ពុជា​ដែលជា​ផ្ទះ​យើងទាំងអស់គ្នា​ស្អាត ជួយ​ថែរក្សា​ភពផែនដី គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ស្របតាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់ចេញ​ដោយ​រំលេច​ចេញ​លើ​មុម​អាទិភាព​ចម្បង​ចំនួន​៣ គឺ​ស្អាត បៃតង និង​ចីរភាព​»​។

 ​ទន្ទឹមនឹង​នេះដែរ លោក​ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្តសកម្មភាព​ជាប្រចាំ និង​អនុវត្ត​ឱ្យបាន ​១០០ ភាគរយ នៅតាម​គ្រប់​សាលារៀន បណ្តា​សហគមន៍ ទី​អារាម ទីប្រជុំជន រោងចក្រ សហគ្រាស នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដើម្បី​មូលដ្ឋាន​ស្អាត​គ្មាន​សំរាម ប្លា​ស្ទិ​ក ក្នុងឱកាស​ចូលឆ្នាំថ្មី​ផងដែរ​។

 ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​លោក ស៊ា សុផល ធ្លាប់បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការកាត់បន្ថយ ឬ​លុបបំបាត់​ការប្រើ​ថង់​ប្លា​ស្ទីក​គឺជា​រឿង​ល្អ ប៉ុន្តែ​ដើម្បីឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អ​ទៀត​នោះ លុះត្រាតែ​បញ្ឈប់​ឱ្យមាន​ការនាំ​ចូល​ប្លា​ស្ទិ​ក និង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ឱ្យបាន​កាន់តែ​តិច​។​

លោក​បានលើកឡើង​ដែរ​ថា ៖ «​ក្រៅពី​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក អង្គការ​យើងខ្ញុំ ​ក៏មាន​ការផ្តល់​ឯកសារ​ស្តីពី​គោលការណ៍​ស្តីពី​សាលា​មេត្រី​បរិស្ថាន និង​កិច្ចព្រមព្រៀង​ប្រមូលយក​ក្រដាស និង​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ​មក​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​ដែរ​»៕