ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង កសាងព្រំដែនពេញលេញ ច្បាស់លាស់ឱ្យជាព្រំដែនមិត្តភាព និងចរចាធ្វើការខណ្ឌសីមាបោះបង្គោលព្រំដែនគោក និងធ្វើការកំណត់ព្រំដែនសមុទ្រ។
នេះបើយោងតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមាន ១៣ ជំពូក និង ៣៧ មាត្រា។ អនុក្រឹត្យនេះបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានមុខងារនិងភារកិច្ច ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងច្បាប់អន្តរជាតិ កសាងព្រំដែនពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងចរចាជាមួយប្រទេសជិតខាង ដើម្បីធ្វើការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក និងធ្វើការកំណត់ព្រំដែនសមុទ្រ។
អនុក្រឹត្យបញ្ជាក់ថា៖ «រៀបចំបង្កើតបទដ្ឋានបច្ចេកទេស ស្តីពីការងារវាស់វែង ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ការផលិតផែនទីទាំងព្រំដែនគោកនិងសមុទ្រ និងគោលការណ៍ណែនាំនានាដែលពាក់ព័ន្ធ ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផលិតផែនទីព្រំដែន បង្គោលព្រំដែន និងសញ្ញាសម្គាល់ព្រំដែនជាមួយប្រទេសជិតខាង»។
ក្រុមការងារនេះ ក៏មានតួនាទី ថែរក្សាការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន និងសញ្ញាសម្គាល់ព្រំដែននៅតាមតំបន់ឯកភាព ព្រមទាំងថែរក្សាស្ថានភាពដើមនៅក្នុងតំបន់ដែលមិនទាន់ឯកភាព ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជាប់ព្រំដែន។
ពាក់ព័ន្ធបញ្ហាព្រំដែននេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលសកម្មក្នុងការចុះពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែន មើលឃើញទិដ្ឋភាពចំនួន ៣ ដោយក្នុងនោះ ទី១ កម្ពុជាគួរតែបញ្ចប់ការបោះបង្គោលព្រំដែន១៦ភាគរយដែលនៅសេសសល់ជាមួយវៀតណាម ទោះបីជាយើងយកពីភាគី២ ឬទី៣ ណាមកចូលរួមដោះស្រាយបញ្ចប់ក៏ដោយ។
ទី២ ក្រោយបញ្ចប់បោះបង្គោល ត្រូវតែផ្តល់ឱកាសឱ្យកុមារា កុមារី យុវជន និស្សិត បានទៅស្គាល់ព្រំដែននោះ និងទិដ្ឋភាពទី៣ កម្ពុជាពិតជាចង់បានណាស់ការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព ព្រំដែនកិច្ចសហប្រតិបត្តិការ និងព្រំដែនទីផ្សាររួម។
លោកបានថ្លែងនៅថ្ងៃទី ៧ ខែកុម្ភៈថា៖ «ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺត្រូវតែបង្កើតហើយ ប៉ុន្តែមិនត្រូវគិតត្រឹមការបង្កើតរដ្ឋលេខាធិការដ្ឋាននេះទេ គឺត្រូវឱ្យប្រជាជនបានដឹងបានយល់ទាំងអស់គ្នា កុំឱ្យអ្នកនយោបាយបកស្រាយតាមចិត្តរៀងៗខ្លួន ហើយពេលវិស្សមកាលយើងផ្តល់ឱកាសឱ្យកុមារាកុមារី យុវជន និស្សិតទៅបោះជំរំនៅតាមព្រំដែនដើម្បីឱ្យគាត់បានស្គាល់»។
បើយោងតាមអនុក្រឹត្យដដែលនេះ ក្រុមការងារក៏មានតួនាទីដោះស្រាយបាតុភាពនានាពាក់ព័ន្ធកិច្ចការព្រំដែនដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែនសិក្សានិងវាយតម្លៃហេតុប៉ះពាល់និងផលប៉ះពាល់ដែលកើតចេញពីកិច្ចការព្រំដែន គម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានានៅតាមតំបន់ព្រំដែន។
ក្រុមការងារ ត្រូវរៀបចំមជ្ឈមណ្ឌលតម្កល់និងថែទាំឯកសារ ផែនទី និងទិន្នន័យកិច្ចការព្រំដែន និងសហការជាមួយភាគីពាក់ព័ន្ធ ទាំងក្នុងវិស័យសាធារណៈនិងឯកជន ដើម្បីលើកកម្ពស់ចលនា កសាងនិងអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចតាមតំបន់ព្រំដែន។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។
ក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ថា៖ «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ»។
លោកស្រី កុយ ពិសី អតីតអនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននិងបច្ចុប្បន្នជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ធ្លាប់បានថ្លែងថា ការបោះបង្គោលព្រំដែនមានលក្ខណៈស្មុគស្មាញ មិនអាចធ្វើលឿនបានដូចការចង់បាននោះទេ ព្រោះវាជារឿងបូរណភាពទឹកដី។
លោកស្រីក៏បានស្នើឱ្យប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ ប្រទេសជិតខាង។
លោកស្រីស្នើថា៖ «សូមបងប្អូនប្រជាពលរដ្ឋមានការទុកចិត្តមើលរដ្ឋាភិបាលកម្ពុជា និងក្រុមការងារធ្វើកិច្ចការព្រំដែនសុទ្ធតែជាកូនខ្មែរ យើងខ្ញុំមានមនសិការស្នេហាជាតិមិនចាញ់បងប្អូននោះទេ»។
សូមរំឭកថា ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងហ្សូរិក ប្រទេសស្វ៊ីស កាលពីខែឧសភា ឆ្នាំ ២០២២ កន្លងទៅ អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានថ្លែងឱ្យដឹងថា ការកំណត់ព្រំដែនរបស់កម្ពុជាជាមួយប្រទេសឡាវ បានប្រមាណ ៨៦ ភាគរយ, ជាមួយប្រទេសវៀតណាម បាន ៨៤ ភាគរយ និងជាមួយប្រទេសថៃ ទទួលស្គាល់បង្គោលចាស់ ដែលបានរកឃើញ ហើយបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបន្ដការងារនេះ៕