​ភ្នំពេញៈ ក្រសួងកសិកម្ម នឹង​រៀបចំ​ការតាំងពិព័រណ៍​កសិកម្ម​វាល​បៃតង និង​អាហារ ដែល​នឹង​ប្រព្រឹត្តទៅ​ចំនួន ៣​ ​ថ្ងៃ ចាប់​​ពីថ្ងៃ​ទី ​១៦ ដល់ទី​ ១៨ ខែកុម្ភៈ ឆ្នាំ ​២០២៤ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ផលិតផល​ក្នុងស្រុក និង​ជំរុញ​ឱ្យ​សាធារណ​ជន​ចូលរួម​គាំទ្រ​ផលិតផល​កសិកម្ម​កម្ពុ​ជា​។​


​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា នេះ​គឺជា​លើក​ទី ​២ ​ហើយ ដែល​ក្រសួងកសិកម្ម រៀបចំ​កម្មវិធី​កសិកម្ម​វាល​បៃតង ដោយ​កម្មវិធី​លើក​ទី​១ រៀបចំ​ធ្វើ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម កាល​ពី​ចុង​ឆ្នាំមុន ដែល​កម្មវិធី​កសិកម្ម​វាល​បៃតង​ធ្វើឡើង​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​កសិផល​សក្តានុពល​រប​ស់​កម្ពុជា ទាំង​កសិផល​មិនទាន់​កែច្នៃ និង​កែច្នៃ​រួច​។ 

​កញ្ញា​បញ្ជាក់ថា​៖ «​តាមរយៈ​កម្មវិធី​នេះ ក្រសួង​សូម​គោរព​អញ្ជើញ​បង​​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ឱ្យបាន​ច្រើន​កុះករ​ដើម្បី​បានឃើញ​ពី​ផលិតផល​កសិកម្ម​រប​ស់​ខ្មែរ ទាំង​កសិផល​មិនទាន់​កែច្នៃ និង​កែច្នៃ​រួច​។ អ្នកចូលរួម​នឹង​បាន​ភ្លក្ស​រសជាតិ និង​គុណភាព នៃ​កសិផល​ខ្មែរ​ដែល​វិ​វ​ឌ្ឍ​កាន់តែ​ប្រសើរឡើង​ពី ១ ​ថ្ងៃ​ទៅ ១ ​ថ្ងៃ​»​។​


​សមិទ្ធផល​នៅក្នុង​វិស័យ​ក​សិ​កម្ម​ដែល​ទទួលបាន​នាពេលនេះ មិនអាច​សម្រេច​បានឡើយ ប្រសិនបើ​គ្មាន​ការចូលរួម​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រជា​កសិករ​ដែលជា​អ្នក​ផលិត និង​ដាំ​ដុះ​កសិផល​ព្រមទាំង​ការគាំទ្រ​ពី​ដៃគូ​វិនិយោគ សហគ្រាស​កែ​ច្នៃ អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា ដែល​បាន​ចូលរួម​សហការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ការ​បណ្តុះបណ្តាល​ដល់​មន្ដ្រី​នៃ​ក្រសួង និង​ប្រជាកសិករ​។​

​កញ្ញា អ៊ឹម  រចនា បន្ថែមថា​៖«​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​មានគុណ​ភាព​រឹងរឹត​កាន់តែ​ប្រសើរឡើង និង​ធានាបាន​និរន្តរភាព​ទាំង​បរិស្ថាន និង​សេដ្ឋកិច្ច​។ នាពេល​អនាគត តាមរយៈ​គុណភាព​នៃ​ផលិតផល​កសិកម្ម​ខ្មែរ យើង​សង្ឃឹមថា ផលិតផល​របស់​ខ្មែរ​អាចឈាន​ទៅកាន់​ទីផ្សា​របរ​ទេស​កាន់តែច្រើន​ថែមទៀត ដើម្បី​ជីវ​ភាព​កាន់តែ​ប្រសើរឡើង​របស់​ប្រជាកសិករ និង​កិត្យានុភាព​នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នៅលើ​ឆាក​អន្ដរជាតិ​»​។​


​លោក សុខ គឹម​ឈិន ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សេដ្ឋ​កិច្ច​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ និង​ជា​អ្នកសម្របសម្រួល​រួម​កម្មវិធី​ពិព័រណ៍​នេះ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា សាកលវិទ្យាល័យ​​ភូមិន្ទ​កសិកម្ម​ក្រោម​គំនិត​ផ្តួច​ផ្តើម និង​គាំទ្រ​ពី​ក្រសួងកសិកម្ម គ្រោង​នឹង​រៀបចំ​ពិព័រណ៍​កសិកម្ម​វាល​បៃតង និង​អាហារ​សម្រាប់​ឆ្នាំ​ ២០២៤​ នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ផលិតផល​កសិកម្ម​ដែលមាន​សក្ដានុពល​រប​ស់​កម្ពុជា តាមរយៈ​ពិព័រណ៍​ផលិតផល​កសិកម្ម​ពី​សហគ្រាស សហ​គម​ន៍​កសិកម្ម វិទ្យាស្ថាន​និង​សា​​កល​វិទ្យាល័យ​នានា ក្រុមហ៊ុន​ឯកជន ដែលមាន​ស្តង់​ប្រមាណ​ជិត​ ៨០ ​ស្តង់​។​

​លោក​បាន​លើកឡើងថា​៖ «​យើង​ចង់ឱ្យ​មានការ​រ​យកចិត្ត​ទុកដាក់​បន្ថែមទៀត ពីសា​ធា​​រណ​ជន លើ​ផលិតផល​ក​សិ​កម្ម​របស់​យើង ដើម្បីឱ្យ​ពួកគាត់​ដឹងថា អ្វី​ទៅជា​កសិកម្ម​ល្អ ក​សិ​កម្ម​សុវត្ថិភាព​ឬក៏​កសិកម្ម​សរី​រា​ង្គ​ហ្នឹង​ឱ្យបាន​កាន់តែ​ទូលំ​ទូ​លាយ​។ យើង​ក៏​ចង់​ធ្វើឱ្យ​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​រប​ស់​សហគមន៍ របស់​និស្សិត និង​គ្រូបង្រៀន​នៅក្នុង​សាលា​យើង ព្រមទាំង​ក្រុមហ៊ុន​ទាំងអស់នោះ​អាច​ជួបគ្នា ធ្វើការ​ដោះដូរ​ក្នុង​ទីផ្សារ​មួយ​បាន​»​។​

​ចំណែក លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន CARDI បានឱ្យដឹង​ដែរ​ថា វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ចូលរួម​ពិព័រណ៍​កសិកម្ម​វាល​បៃតង និង​អាហារ​នៅពេល​ខាងមុខ​ដោយ​វិទ្យាស្ថាន​ CARDI នឹង​បង្ហាញ​នូវ​ផលិតផល​ពូជស្រូវ​ថ្មីៗ​ដែល​វិទ្យាស្ថាន​ផលិត​បាន​ជូន​ដល់​សាធារណជន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់​ជំរុញ​ឱ្យ​កសិករ និង​អ្នក​ពាក់​​ព័ន្ធ​ឱ្យបាន​ស្គាល់​ពី​ផលិតកម្ម និង​ផលិតផល​របស់​យើង ជា​ពិសេស​ពូជស្រូវ​ដែល​ផលិត​ចេញ​ជា​អង្ករ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​ថា មាន​គុណភាព​កម្រិតណា​»​។​

​បើតាម ​ឡោ ប៊ុណ្ណា កន្លងទៅ​វិទ្យាស្ថាន CARDI តែងមាន​ការផ្សព្វផ្សាយ​នៅតាម​ផ្សារ​ទំនើប​នានា​អំពី​ពូជស្រូវ​ល្អៗ ដែល CARDI ផលិត​បាន និង​បាន​ដាក់ឱ្យ​លក់​សាកល្បង​នៅតាម​ទីផ្សារ​ទាំងនោះ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ក្រោយពី​ប្រជាពលរដ្ឋ​បាន​ស្គាល់​និង​ដឹង​ពី​រសជាតិ ក៏ដូចជា​គុណភាព​អង្ករ​នោះ​ហើយ វិទ្យាស្ថាន​នឹង​ដកខ្លួន​ចេញ និង​ជំរុញ​ឱ្យ​សហគ្រាស​ឯកជន​ផ្សព្វ​ផ្សាយ​លក់​ជា​ផ្លូវការ​តែម្តង​៕