ភ្នំពេញៈ គ្រាន់តែក្នុងរយៈពេល ២ ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៥ នាក់ និងរងរបួស ៣៣ នាក់ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿន ១ ករណី នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ បានបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ទៅ ៥ នាក់ និងរងរបួសធ្ងន់ ២ នាក់។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានកើតឡើងចំនួន ១១ លើក បណ្តាលឱ្យមនុស្ស ស្លាប់ ៩ នាក់ (ស្រី ៤ នាក់) របួសសរុប ១៩ នាក់ក្នុងនោះរបួសធ្ងន់ ១៥ នាក់ របួសស្រាល ៤ នាក់។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៧ លើក (ស្លាប់ ៧ នាក់ របួសធ្ងន់ ១១ នាក់ ស្រាល ២ នាក់) មិនគោរពសិទ្ធិ ១ លើក (ស្លាប់ ១ នាក់) ប្រជែង ១ លើក (ស្លាប់ ១ នាក់ របួសធ្ងន់ ១ នាក់ ស្រាល ១ នាក់) និងកត្តាយានយន្ត ២ លើក។
ជាមួយគ្នានេះបើតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥ នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯ ២ នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុករបាំងផ្លូវល្បឿនលឿនក្រឡាប់ផ្ងារជើងនៅចន្លោះគីឡូម៉ែត្រលេខ ២០ ហួសច្រកចេញកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្ត Alpha ពណ៌សដឹកមនុស្សលក្ខណៈគ្រួសារសរុប ៧ នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ។
ចំណែកគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ៦ ខែកុម្ភៈ បានកើតឡើងចំនួន ១២ លើក បណ្តាលឱ្យស្លាប់ ៦ នាក់ របួសសរុប ១៤ នាក់ ក្នុងនោះរបួសធ្ងន់ ១០ នាក់ របួសស្រាល ៤ នាក់៕