​ភ្នំពេញៈ ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​កាកបាទក្រហមកម្ពុជា បានផ្តល់​ចំណេះដឹង​ពី​ការអប់រំ​ផ្សព្វផ្សាយ​លើ​ការលើកកម្ពស់​ការយល់​ដឹង​ស្តីពី​ «​សុខ​ភាព​មាតា ទារក និង​កុមារ សុខភាព​បន្ត​​ពូជ និង​ការថែទាំ​សុខភាព​បឋម​» ដល់​និស្សិត​ចំនួន ៨៦ ​នាក់ ដែលជា​ចំណេះដឹង បំ​ណិ​ន​ជីវិត និង​អាច​ផ្សព្វផ្សាយ​បន្តទៅ​កាន់​អ្នក​ដទៃទៀត​។​


​ពិធី​អប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់ដឹង​ស្តីពី «​សុខភាព​មាតា ទារក និង​កុមារ សុខភាព​បន្ត​ពូជ និង​ការថែទាំ​សុខ​​ភាព​បឋម​» នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី ​៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​កាកបាទក្រហមកម្ពុជា​។​

​លោកស្រី មុំ ច​ន្ធី តំណាង​លេខាធិការ​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បានលើកឡើង​នា​ពិធី​នោះ​ថា និស្សិត​ទាំងនេះ ទទួលបាន​ចំណេះដឹង​ពី​ស្ថានភាព​សុខ​ភាព​បន្ត​ពូជ សុខភាព​មាតា​ទារក និង​​កុមារ និង​ចំណេះដឹង​ពី​មូល​ហេតុដែល​បង្កឱ្យមាន​ជំងឺមហារីក​មាត់ស្បូន និង​ជំងឺមហារីក​សុដន់ រោគសញ្ញា រួមជាមួយ​វិធី​បង្ការ​ផងដែរ​។


លោកស្រី​ក៏​លើកឡើង​ពី​ស្ថានភាព​បច្ចុប្បន្ន និង​វិធី​បង្ការ​ខ្លួន​ពី​មេរោគ​​អេដស៍ ជំងឺអេដស៍ និង​ជំងឺ​កាមរោគ ផល​ប៉ះពាល់ និង​វិធី​ស្រា​ស្ត​ក្នុងការ​កាត់បន្ថយ​ជំងឺមិនឆ្លង​ដូចជា ជំងឺ​បេះដូង​សរសៃឈាម ជំងឺមហារីក ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម រួមជាមួយ​ចំណេះដឹង​ផ្សេងៗ​ស្តីពី​ការថែទាំ​សុខភាព​បឋម​។​

​ជាមួយគ្នានេះ​លោកស្រី​ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ក៏បាន​លើកឡើង​ដែរ​ថា បន្ថែម​ពី​កិច្ចការងារ​មនុស្សធម៌ ការងារ​អាទិភាព​លើ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពី​សុខភាព​ដល់​និស្សិត និង​យុវជន ពាក់ព័ន្ធ​ទៅនឹង​មេរោគ​អេដស៍ ជំងឺអេដស៍ ស្វាយ និង​កាមរោគ សុខភាព​មាតា​ទារក និង​កុមារ គឺជា​រឿង​សំខាន់​។ 


​លោកស្រី​ថា​៖ «​ការចុះ​អប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់ដឹង​ពី​សុខភាព​នេះ ដើម្បី​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​»​។

​បើតាម​កាកបាទក្រហម កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពី​សុខភាព​ដល់​និស្សិត​នេះ គឺធ្វើឡើង​ស្របទៅតាម​វិស័យ​អាទិភាព​ទាំង​ ៤ នៃ​យុទ្ធ​សាស្ត្រ ​២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា ជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រង​​គ្រោះ​បំផុត​នៅ​ទូទាំងប្រទេស ក្នុងឋានៈ​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌​។ 

​កាកបាទក្រហមក៏បាន​បង្ហាញ​ការ​ជឿជាក់ថា ចំណេះដឹង បំ​ណិ​ន​ជីវិត​ដែល​បាន​ផ្តល់ជូន​និស្សិត​នាពេលនេះ ពិតជា​មានគុណ​តម្លៃ ហើយនឹង​ក្លាយជា​មិត្ត​អប់រំ​មិត្ត​ដ៏​ល្អ គឺជា​គំរូ សម្រាប់ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្ត​​ភក្តិ​ដទៃទៀត និង​ក្រុមគ្រួសារ​របស់ខ្លួន​។​

​ការយល់ដឹង និង​ការរួមចំណែក​ផ្សព្វ​ផ្សាយ​បន្ត​របស់​យុវជន​គឺជា​ការចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល ដែល​ផ្តោតលើ​សុខភាព និង​ការអភិវឌ្ឍ​មូលធន​មនុស្ស គឺ​មនុស្ស​ដែលមាន​សុខភាព​ល្អ និង​មាន​សមត្ថភាព​៕