ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងឱ្យដឹងកាលពីម្សិលមិញថា ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្តទាំងអស់ សម្រាប់នីតិកាលទី៧ នេះអាចនឹងមានភាពធ្ងន់ជាងឆ្នាំមុនៗទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
លោកបានបន្តថា គិតចាប់ពីដើមខែកុម្ភៈ ឆ្នាំ ២០២៤ នេះតទៅ កម្ពុជានៅសល់តែរយៈពេលជាង ៦ ឆ្នាំទៀតប៉ុណ្ណោះ នៅក្នុងការឈានទៅសម្រេចបានផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ដោយឱ្យសម្រេចបានការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ក្នុងឆ្នាំ ២០៣០។
លោកបានថ្លែងដូចនេះ នាថ្ងៃទី ៧ ខែកុម្ភៈ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស សុខា ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងនោះថ្លែងថា៖ «ការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មិនចាំបាច់ទាល់តែសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីស្រែក ចង្អុល បានយើងនាំគ្នាទៅធ្វើទេ»។
លោកបានបន្តថា ៖ «យើងឃើញហើយ កាលពីប្រមាណ ១០ ឆ្នាំមុន បញ្ហាដែលធ្វើឱ្យមានមនុស្សស្លាប់ច្រើនជាងគេគឺ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការឆ្លងជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងការឆ្លងជំងឺអេដស៍ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
លោក ស សុខា បានស្នើឱ្យអភិបាលរាជធានីខេត្តទូទាំងប្រទេសត្រូវអនុវត្តឱ្យបានគត់មត់នូវការចុះត្រួតពិនិត្យដែលកន្លងមកលោកក៏បានណែនាំឱ្យមានការចុះពិនិត្យលើបណ្ណបើកបរ និងជាពិសេសឡានកុងតឺន័របិទស្ទីកឃើ ឬអក្សរផ្សេងៗលើឡានដែលធ្វើឱ្យអ្នកបញ្ជាឡានបាត់បង់ ១០០% នូវអ្វីដែលគាត់អាចមើលឃើញ។
លោកបានថ្លែងថា៖ «ការណ៍នេះទាមទារឱ្យយើងមានការចូលរួម និងខិតខំប្រឹងប្រែងបន្តទៀតពីសំណាក់ក្រសួងស្ថាប័ន ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងនោះមានទាំងប្រជាពលរដ្ឋទូទៅតាមរយៈការរឹតបន្តឹងច្បាប់អនុវត្តចរាចរណ៍ និងការគោរពច្បាប់របស់ប្រជាពលរដ្ឋទាំងអស់គ្នាប្រកបដោយស្មារតីខ្ពស់»។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុប ៣៣១៧ លើក (យប់ ៥៥%) ក្នុងនោះមានអ្នកស្លាប់ចំនួន ១ ៥៩០ នាក់ និងរបួស ៤ ៥១៥ នាក់កើន ៣៤១ លើក ស្មើ ១១% បើប្រៀបធៀបនឹងឆ្នាំ ២០២២។
មូលហេតុដែលបង្កគ្រោះថ្នាក់ រួមមាន៖ លើសល្បឿន ៤១%, មិនគោរពសិទ្ធិ ២២%, មិនប្រកាន់ស្តាំ ៩%, បត់ ៩%, ប្រជែងគ្រោះថ្នាក់ ៧%, កត្តាយាន ៥%, ស្រវឹង ៣%, ភ្លើង/សញ្ញា ១%, សុខភាព/ងងុយ ១% និងកត្តាអាកាសធាតុ ១%។ ក្នុងចំណោមអ្នកស្លាប់ អ្នកជិះម៉ូតូចំនួន ៨០% (១ ២៧៩ នាក់/១ ៥៩០ នាក់)។
លោក ស សុខា បានថ្លែងថា គិតជាមធ្យមគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងប្រចាំថ្ងៃ មានចំនួន ៩ លើក បណ្តាលឱ្យអ្នកស្លាប់លើសពី ៤ នាក់ និងមានអ្នករងរបួសចំនួន ១២ នាក់ក្នុង ១ ថ្ងៃ។
លោកថា ៖ «តួលេខនេះ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាអត្តឃាតលាក់មុខផ្តាច់ជីវិតរបស់ប្រជាពលរដ្ឋគួរឱ្យព្រួយបារម្ភនៅទូទាំងប្រទេសកម្ពុជារបស់យើង។ ជាមួយគ្នានេះបើយើងពិនិត្យទៅលើមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ យើងឃើញថាឥរិយាបថនៃការបើកបរជាកត្តានាំមុខដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើឱ្យអនុគណៈកម្មការចរាចរណ៍រាជធានី-ខេត្ត ត្រូវបន្តរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ទាំងថ្ងៃ និងយប់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពស្របតាមភូមិសាស្ត្រ មុខសញ្ញា ពេលវេលាដែលជាមូលហេតុនៃគ្រោះថ្នាក់។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនាឱកាសនោះដែរថា សម្រាប់ឆ្នាំ ២០២៣ លទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន ៧៤ ៩៣៧ គ្រឿង លើ ៧៥ ០៥៤ ករណី ដែលក្នុងនោះមានទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៦២ ៥២៩ គ្រឿង លើ ៦២ ៥៣០ ករណី ដែលស្មើនឹង ៨៣%។ ការផាកពិន័យប្រចាំឆ្នាំនៅទូទាំងប្រទេស បានចំនួន ៨ ៥៧៣ ៣៨០ ០០០ រៀល។ រាជធានីខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនជាងគេមាន រាជធានីភ្នំពេញ ដែលមាន ៩៥០ លើក, ខេត្តព្រះសីហនុ ៣០៦ លើក និងខេត្តតាកែវ ២៧០ លើក៕