ភ្នំពេញ: រូបចម្លាក់ព្រះពុទ្ធបដិមា ១ ព្រះអង្គត្រូវបានរៀបចំពិធីប្រគល់ជូនប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងប៊ែន ប្រទេសស្វ៊ីស ក្រោមអធិបតីលោក អ៊ិន តារា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វ៊ីស និងជាតំណាងអចិន្រៃ្ដយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមសក្ខីភាពលោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសផ្ទេរសម្បត្តិវប្បធម៌អន្តរជាតិនៃការិយាល័យវប្បធម៌សហព័ន្ធ និងលោកស្រី Anna Mattei Russo ប្រធានផ្នែកសម្របសម្រួលតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធស្វ៊ីសព្រមទាំងមន្ត្រីនិងអ្នកការទូតនៃភាគីទាំង ២។
ព្រះពុទ្ធបដិមាដែលត្រូវបានផលិតឡើងពីលោហៈដែលមានបណ្តោយ ៤១,៥០ សង់ទីម៉ែត្រ កម្រាស់[ព្រះកាយពីមុខទៅក្រោយ] ២២,៥០ សង់ទីម៉ែត្រនិងកម្ពស់ ៤៩ សង់ទីម៉ែត្រ គឺជាវត្ថុបុរាណដ៏ពិសេសដែលតំណាងឱ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលពិធីប្រគល់ និងទទួលនោះលោក អ៊ិន តារា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការត្រឡប់មកវិញនៃព្រះពុទ្ធបដិមានេះ បន្ទាប់ពីត្រូវបានយកចេញពីទីកន្លែងដើមអស់រយៈពេលជាច្រើនឆ្នាំដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយ ការរត់ពន្ធ និងការជួញដូរទៅបរទេស។
លោក តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វ៊ីស និងជាតំណាងអចិន្រៃ្ដយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងថា៖«ភាពសោមនស្សរីករាយក្នុងការទទួលរូបចម្លាក់មកកម្ពុជាវិញ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន»។
ខណៈអ្នកជំនាញស្វ៊ីសជឿថា ព្រះពុទ្ធបដិមានេះមានអាយុកាលតាំងពីមុនសម័យអង្គរឬដើមសម័យអង្គរ ហើយសន្មតថា មានអាយុជាង ១ ០០០ ឆ្នាំ អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) បានវាយតម្លៃជំហានដំបូងដោយផ្អែកលើទម្រង់ និងរចនាប័ទ្មហើយបានសន្និដ្ឋានថា ចម្លាក់នេះគឺជាព្រះពុទ្ធបដិមាផ្ចាញ់មារដែលផលិតឡើងពីលោហៈមានអាយុកាលចន្លោះពីសតវត្សរ៍ទី១៨ ឬទី១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាតទូតកម្ពុជាប្រចាំប្រទេសស្វ៊ីសតាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមានេះគឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដប្រកបដោយគុណតម្លៃសិល្បៈ និងសាសនាដែលចាំបាច់ត្រូវថែរក្សាជាសម្បត្តិវប្បធម៌ជាតិ។
សេចក្ដីប្រកាសបានឱ្យដឹងថា ដំណើរវិលត្រឡប់របស់ព្រះពុទ្ធបដិមា ១ ព្រះអង្គមកកាន់កម្ពុជាវិញនេះ គឺបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចនៃខេត្តបាហ្សែល (Basel) រឹបអូសបាននៅឆ្នាំ ២០១៤។ យោងតាមឯកសារសន្មតថា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ហើយក្រោមច្បាប់របស់ប្រទេសស្វ៊ីស ទ្រព្យសម្បត្តិវប្បធម៌ដែលរឹបអូសបានត្រូវប្រគល់ជូនប្រទេសដើមកំណើតវិញ។
ជុំវិញការប្រគល់ព្រះពុទ្ធបដិមាមកកម្ពុជាវិញនេះ លោក តារា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វ៊ីស ជាពិសេសការិយាល័យវប្បធម៌សហព័ន្ធ និងការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃខេត្ត (Basel) និងភាគីពាក់ព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការ ទាំងផ្នែកច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ការរត់ពន្ធវត្ថុបុរាណវប្បធម៌របស់កម្ពុជា។
លោក តារា បានឱ្យដឹងដែរថា៖ «កម្ពុជាកំពុងស្រាវជ្រាវដើម្បីប្រមូលភ័ស្តុតាងអំពីសម្បត្តិវប្បធម៌សំខាន់ៗ ដែលត្រូវបានលួចយកដោយខុសច្បាប់ពីជាតិយើងតាមរយៈកិច្ចសហការជាមួយសហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធសម្រាប់ដំណើរការទាមទារមកវិញ និងការតាមដានប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះ លោក អ៊ិន តារា បានស្នើដល់សារមន្ទីរ ស្ថាប័ន និងអ្នកថែរក្សាវត្ថុបុរាណខ្មែរទាំងអស់ឱ្យបន្តស្ម័គ្រចិត្ដប្រគល់វត្ថុបុរាណដែលជាវប្បធម៌ជាតិសំខាន់ៗរបស់កម្ពុជាមកកាន់ប្រទេសកំណើតវិញ។
លោកថា៖ «រាជរដ្ឋាភិបាលបានចាត់ទុកការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណរបស់កម្ពុជាគឺជាកាយវិការដ៏ថ្លៃថ្នូរ និងគួរឱ្យគោរព ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងការគិតគូរ ក្នុងការរួមចំណែកដល់តម្លៃវប្បធម៌របស់ប្រទេសជាតិ» ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងដ៏ថ្លៃថ្លាក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលធ្លាប់បានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិល អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ»។
លោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសនៃការផ្ទេរកម្មសិទ្ធិវប្បធម៌អន្តរជាតិនៃការិយាល័យវប្បធម៌សហព័ន្ធនៃក្រសួងមហាផ្ទៃសហព័ន្ធស្វ៊ីសក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស្វ៊ីសក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់ និងការធ្វើពាណិជ្ជកម្មខុសច្បាប់នៃសម្បត្តិវប្បធម៌ និងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។
លោកស្រីបានបន្ថែមថា៖ «ការប្រគល់ត្រឡប់វិញនេះមិនមែនគ្រាន់តែជាការប្រគល់វត្ថុដ៏មានតម្លៃទៅកាន់ទីកន្លែងកំណើតនោះទេ វាក៏ជានិមិត្តរូបនៃស្មារតីសាមគ្គីភាព និងការគោរពរវាងរដ្ឋទាំង ២ ផងដែរ»៕