ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ថៃ បានសម្រេច​ដំឡើង​ទំនាក់​​ទំនង​ទ្វេភាគី​ពី «​ការពង្រឹង​ភាពជា​ដៃគូ​ដើម្បី​សន្ដិភាព និង​វិបុលភាព​» ទៅជា ​«​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»​​ ក្នុង​ផ្នែក​នយោបាយ និង​ការទូត ដោយ​ភាគី​ទាំង​ ២​ បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​កន្លងមក​។​


​ភាគី​ទាំង ​២ ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការពង្រឹង​កិច្ច​សហ​ប្រិត​ប​ត្តិ​ការបន្ថែម​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និង​វិស័យ​ថាមពល​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី និង​ពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ​ម៉ា​ណែ​ត និង​លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ នាថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។​

​លទ្ធផល​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង ថា នាយករដ្ឋមន្ត្រី​ទាំង​ ២ បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការបោក​​ប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការកសាង​ព្រំដែន​ប្រទេស​ទាំង ​២ ទៅជា​ព្រំដែន​សន្ដិភាព និង​វិបុលភាព​។​


​ប្រភព​ដដែល​បានឱ្យដឹងថា លោក ​សេដ្ឋា ថា​វី​ស៊ីន បាន​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​លោក​អះអាងថា នឹង​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​ថៃ កាន់តែ​រឹងមាំ​បន្ថែម​។​​ជាមួយគ្នានេះ លោក​ហ៊ុន​ ​ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កន្លងទៅ ជាពិសេស​បាន​ផ្លាស់ប្តូរ​យោបល់​លើ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិ​សុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និង​វិស័យ​ថាមពល​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ក្នុង​ក្របខ័ណ្ឌ នៃ​ការពង្រឹង​ទំនាក់ទំនង​នយោបាយ និង​ការទូត សម​ភាគី​ទាំង ២ បាន​ឯកភាព​លើ​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ពី​ការពង្រឹង​ភាពជា​ដៃគូ​ដើម្បី​សន្ដិភាព និង​វិបុលភាព ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង ​២»​។  


​បន្ថែម​ពីនេះ ភាគី​ទាំង ​២ បាន​ពិភាក្សាគ្នា​លើ​បញ្ហា​តំបន់ និង​សកល ដោយ​បង្ហាញ​សុ​​ច្ឆ​ន្ទៈ​ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ និង​ជាពិសេស ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការកសាង​ព្រំដែន​ប្រទេស​ទាំង​ ២ ទៅជា​ព្រំដែន​សន្ដិភាព និង​វិបុលភាព​។​

​នៅ​ថ្ងៃ​ដដែល​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាន់​មូ​ហា​ម៉ា​ត់ណ មះ​ថា (WanmuhamadnoorMatha) ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​តាមរយៈ​លទ្ធផល​នៃ​ជំនួប​បាន​លើកឡើងថា ប្រធាន​រដ្ឋ​សភា បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក ហ៊ុន ម៉ា​ណែ​ត មកកាន់​ប្រទេស​ថៃ ព្រមទាំង​បាន​អប​អរសាទរ​ចំពោះ​លោក​ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ផងដែរ​។​

លោកនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ សាក្សីក្នុងពិធីចុះ​ MoU។ រូបថត STPM

​លោក វ៉ាន់​មូ​ហា​ម៉ា​ត់ណ មះ​ថា ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ដែល​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋ​​មន្ត្រី​ទី​១ ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ បន្ទាប់ពី​លោក​ សេដ្ឋា ថា​វី​ស៊ីន ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ថៃ​។

​ប្រធានរដ្ឋសភា​ថៃ​បានបង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់​​ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង ​២ ហើយ​លោក​បានបង្ហាញ​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​នេះ​នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​ក្រោយ​ទស្ស​ន​កិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋ​មន្ត្រី​ទាំង ​២​។​

​ជាការ​ឆ្លើយតប លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំ​ណាក់ ប្រធានរដ្ឋសភា​ថៃ​នាពេលនេះ​។​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ស្វាគមន៍​នូវ​វត្តមាន​ប្រធានរដ្ឋសភា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​អនាគត​។

​លោក​បានលើកឡើង​បន្ថែមថា ៖ «​នា​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ខាងមុខ កម្ពុជា​នឹងមាន​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នេះ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ឈរឈ្មោះ​ជា​ប្រធានព្រឹទ្ធសភា ហើយ​សម្ដេច​ធិបតី​មាន​ជំនឿ​ជាក់​ថា ឯកឧត្តម​ប្រធាន​រដ្ឋ​សភា នឹងមាន​ជំនួប​ជាច្រើន​ទៀត​ជាមួយនឹង​សម្តេច​តេ​ជោ នៅក្រោយ​ការបោះឆ្នោត​ព្រឹទ្ធ​សភា​នាពេល​ខាងមុខនេះ​»​។​

​ក្នុង​ដំណើរ​ទេស្សន​កិច្ច​នោះដែរ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU) លើ​ឯកសារ​ចំនួន ៥ ជាមួយ​ភាគី​ថៃ ក្នុងនោះ​រួមមាន​៖ ទី​១. ពាក់ព័ន្ធ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ លើ​វិស័យ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ  និង​ការឆ្លើយតប គ្រោះអាសន្ន រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ថៃ​។ 

​ទី​២. កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិក្សាធិការ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រវាង ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា និង​ក្រសួង​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​ន​វា​នុ​វត្ត​ន៍​ថៃ​។ ទី​៣. អំពី​ទំនិញ​ឆ្លង​​កាត់ រវាង អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយក​​ដ្ឋា​ន​គយ​ថៃ​, ទី​៤. អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង សភាពាណិជ្ជកម្ម​កម្ពុជា និង​ធនាគារ​នាំចេញ​-​នាំចូល​ថៃ និង​ទី​៥. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង សភា​ពាណិជ្ជកម្ម​កម្ពុជា និង​គណៈ​ក​ម្មា​ធិ​ការ​ពាណិជ្ជកម្ម​ថៃ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លើក​​ឡើង​ថា ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ថៃ ជា​រឿង​សំខាន់​ដោយ​ប្រទេស​ទាំង​២ ជា​ប្រទេស​ក្បែរ​ខាង​គ្នា ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​ថៃ ច្រើន​ធ្វើការ​នៅ​ប្រទេស​ថៃ បូករួម​ដំណាំ​ក​សិ​ផល​ខ្មែរ​មួយ​ភាគ​ធំ​នាំ​ចេញទៅ​ទីផ្សារ​ថៃ​ផង​។​

​លោក ស៊ឺន សម បាន​ថ្លែង​បន្តទៀតថា​៖ «​ដំណើរ​ទស្សន​​កិច្ច​ទៅកាន់​ប្រទេស​ថៃ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជាការ​រឹតចំណង​មិត្ត​ភាពជា​មួយ​ថៃ​កាន់តែ​ស៊ីជម្រៅ និង​ស្អិតល្មួត​បន្ថែម​។ ការ​រឹតចំណង​មិត្តភាពរ​វា​ង កម្ពុជា​និង​ថៃ គឺជា​រឿង​សំខាន់ ជាពិសេស​ការបន្ថែម​នូវ​ចំណុច​ខ្វះចន្លោះ ដែល​ភាគី​ទាំង​ ២ មិនទាន់​ឯកភាពគ្នា ក្នុងនាម​ជា​ប្រទេសជិតខាង​»៕