កំពង់ស្ពឺៈ មនុស្ស ៥ នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯ ​​២ នាក់ ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបររថយន្តបុករបាំងផ្លូវល្បឿនលឿនក្រឡាប់ផ្ងារជើងនៅចន្លោះគីឡូម៉ែតលេខ ២០ ហួសច្រកចេញកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ។ នេះបើតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ 


ប្រភពដដែលបានឱ្យដឹងថា ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បាននិងកំពុងសហ​ការ​ជួយសង្គ្រោះនៅកន្លែងកើតហេតុ។ ប្រភពបញ្ជាក់ថា  រថយន្ត Alpha ពណ៌សបើកបរដោយស្ត្រីដឹកមនុស្សលក្ខណៈ គ្រួសារ ៧ នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យមានអ្នកស្លាប់ ៥ នាក់នៅហ្នឹងកន្លែង និង របួសធ្ងន់ ២ នាក់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសម្តែងក្តីរន្ធត់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន ដោយមិនត្រូវ វ៉ាជែងក្នុងស្ថានភាពមិនល្អ មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ៕