ភ្នំពេញៈក្នុងរយៈពេលជិត ២ ខែមកនេះ មានអ្នកចូលប្រើប្រាស់ឬអានជិត ៩ ម៉ឺននាក់ ក្នុងសាលាឌីជីថល ដោយសារមានផ្ទុកឯកសារចំណេះដឹងចម្រុះនៅក្នុងសៀវភៅ (E-Book) ជិត ២០០០ ក្បាល បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាដាក់ឱ្យដំណើរការកាលពីចុងឆ្នាំ២០២៣។
ទាំងសិស្សនិស្សិត និងសាធារណជន គ្រប់វ័យ អាចចូលទៅមើលអត្ថបទ ឬមេរៀននៅក្នុងសាលាមួយនេះ បានតាមរយៈគេហទំព័រ https://sala.moeys.gov.kh ហើយនឹងទទួលបានចំណេះដឹងពីការអានឯកសារចម្រុះ។សាលានេះក៏មានការចែករំលែកផ្ទាល់អំពីចំណេះដឹងទូទៅច្រើនប្រភេទនិងច្រើនមុខវិជ្ជាផងដែរ។
ដូចអ្វីដែលលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លើកឡើងថាកន្លងមកក្រសួងអប់រំយុវជន និងកីឡាធ្លាប់ធ្វើជាយូធូប (youtube) ឆាណែល (channel) និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀតរបស់ក្រសួង។ការធ្វើដូច្នេះគឺក្រសួងចង់បង្កើនការផ្សព្វផ្សាយព័ត៌មានក៏ដូចជាចែករំលែកចំណេះដឹងដែលក្រសួងបានរៀបចំឬក៏បានទទួលពីប្រភពនានា។ហេតុនេះហើយទើបក្រសួងអប់រំបង្កើតអ៊ែប (APP) បន្ថែមសម្រាប់ដាក់ឱ្យប្រើប្រាស់សាលាឌីជីថលនៅចុងឆ្នាំ២០២៣។
លោកស្រី វិច្ឆិកា បានថ្លែងថា៖«មូលហេតុសំខាន់នៃសាលាឌីជីថលនេះគឺបង្កើតជាវេទិកា១ ដើម្បីសម្រួលដល់ការរៀននិងបង្រៀនដល់អ្នកប្រើប្រាស់។សាលានេះ ក៏ជាកន្លែងចែករំលែកធនធានឯកសារក៏ដូចជាចំណេះដឹងនានាតាមប្រព័ន្ធអនឡាញផងដែរ»។
បើតាមលោកស្រីអ្នកនាំពាក្យ ដើម្បីឆ្លើយតបនឹងបរិបទសតវត្សរ៍ទី២១ ក្រសួងក៏បានផ្សព្វផ្សាយសៀវភៅ ឯកសារនិងឃ្លីបវីដេអូជាច្រើនទាក់ទងនឹងការរៀនក៏ដូចជាចំណេះដឹងផ្សេងៗ តាមប្រព័ន្ធអនឡាញ។ ចំពោះកម្មវិធីសាលាឌីជីថលនេះគឺក្រសួងបានរៀបចំឡើងក្នុងទិសដៅចែករំលែកធនធានឯកសារនិងការរៀនសូត្រផងដែរ។ បើគិតពីចុងឆ្នាំ២០២៣រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានអ្នកចូលប្រើប្រាស់ចំនួន ៨៩៤៣៨ នាក់ មានសៀវភៅចំនួន១ ៨៣៦ ក្បាល និងមាន១១៨ មេរៀន (ចំនួនមានការកើនរាល់ថ្ងៃ)។
លោកស្រី បានឱ្យដឹងថា៖ «ដូច្នេះហើយយើងមិនបានកំណត់ថាតើមុខវិជ្ជាណាឬក៏មុខវិជ្ជាអីមិនអនុញ្ញាតទេ។ អ៊ីចឹងអ្វីដែលគាត់(សាធារណជន)មានបំណងចែករំលែកនោះគឺក្នុងវេទិកានោះក៏មានកន្លែងសម្រាប់ឱ្យអ្នកប្រើប្រាស់អាចបង្កើតជាសាលារៀនជាមេរៀនជាបណ្ណាល័យឬក៏អត្ថបទដែលគាត់អាចចូលទៅចែករំលែកបានដែរ»។
គេមើលឃើញថា សម្រាប់សាលាឌីជីថលនេះបានជួយផ្តល់ឱកាសនិងលទ្ធភាពងាយស្រួលច្រើន ជាពិសេសដល់សិស្សានុសិស្សឬនិស្សិតនៅតាមទីជនបទព្រោះសិស្សឬសាធារណជនទូទៅអាចសិក្សានៅក្នុងសាលាបានដោយឥតគិតថ្លៃតាមរយៈគេហទំព័រ https://sala.moeys.gov.kh ដោយគ្រាន់តែមានទូរស័ព្ទដៃប៉ុណ្ណោះ។
មិនខុសអីពីការលើកឡើងនេះទេ យុវនិស្សិត ដួង មុនី ដែលបច្ចុប្បន្នកំពុងរៀនឆ្នាំទី៤ នៃសាកលវិទ្យាល័យក្រចេះ បាននិយាយថា ការបង្កើតសាលាឌីជីថលនេះ ឡើងគឺពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ទាំងចំពោះមាតាបិតាសិស្ស គ្រូបង្រៀន សិស្សានុសិស្សនៅទីក្រុង និងសិស្សនៅទីជនបទ។ តាមរយៈសាលានេះ គឺងាយស្រួលក្នុងការស្វែងរកមេរៀន ដោយសារកម្មវិធីមានសរសេរជាខេមរភាសាមានមេរៀន និងចំណេះដឹងជាច្រើនសម្រាប់សិក្សាដូចជាអក្សរសិល្ប៍ សិល្ប:ភាសាអង់គ្លេស គណិតវិទ្យា បច្ចេកវិទ្យា នវានុវត្តន៍ រួមទាំងចំណេះដឹងផ្នែកវិទ្យាសាស្ត្រផ្សេងៗផងដែរ។
យុវនិស្សិតវ័យ ២០ ឆ្នាំ រូបនេះ បានបន្តថាម្យ៉ាងវិញទៀតសាលាឌីជីថលថែមទាំងបានបង្ហាញពីចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាដែលមិនបាច់ឱ្យអ្នកចង់ចេះចង់ដឹងចំណាយពេលយូរក្នុងការស្វែងរកឯកសារ មេរៀន ឬលំហាត់នោះទេ។
ដួង មុនី បានបន្ដថា ក្រៅពីនោះ លោកគ្រូ អ្នកគ្រូ អាចបញ្ចូលមេរៀនឬចំណេះដឹងបន្ថែមនៅក្នុង Platform [វេទិកា] សាលាឌីជីថល ដែលធ្វើឱ្យសាលានេះសម្បូរដោយអំណាននិងអត្ថបទល្អៗ សម្រាប់ជួយដល់ការអភិវឌ្ឍចំណេះដឹងខណៈមានសាលាជាច្រើនដែលបង្រៀនមុខវិជ្ជាល្អៗផ្សេងគ្នាបានដាក់មេរៀនជួយឱ្យសិស្សានុសិស្សបានរៀនបន្ថែមក្រៅម៉ោងសិក្សារបស់ខ្លួនបាន។
យុវនិស្សិត មុនី បានបន្ថែមទៀតថា៖«អាណាព្យាបាលសិស្សអាចណែនាំបង្ហាត់បង្រៀនកូនបន្ថែមនៅផ្ទះតាមរយ:មេរៀនដែលមានក្នុងកម្មវិធីឌីជីថលនេះផងដែរ។ជួយសម្រួលដល់ការបង្រៀនរបស់គ្រូបង្រៀនដោយសារសិស្សឆាប់យល់ពីមេរៀនដោយការអានបានច្រើន»។
សម្រាប់អ្នកគ្រូឡេង ជីវន ដែលបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មីផ្នែករូបវិទ្យាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាបើតាមតែអ្នកគ្រូបានដឹងអំពីអ៊ែប (App) សាលាឌីជីថលក៏ដូចជាតាមដែលអ្នកគ្រូធ្លាប់បានឮប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ថា សាលាឌីជីថលនេះពិតជាមាន សារ:សំខាន់សម្រាប់សិស្សនិស្សិតគ្រូ និងសាធារណជនទូទៅ។
អ្នកគ្រូបានប្រាប់ថា៖«ដូចជាងាយស្រួលក្នុងការស្វែងរកចំណេះដឹងថ្មីៗបច្ចេកវិទ្យាថ្មីដែលសាធារណជន ទូទៅចង់ដឹង ព្រមទាំងវីដេអូបង្រៀននិងកំណែលំហាត់គ្រប់ខ្លឹមសារមេរៀនគ្រប់មុខវិជ្ជាផង ជាពិសេសខ្ញុំគិតថាសិស្សនិងគ្រូក៏ដឹងព័ត៌មានអាហារូបករណ៍និងការតាំងពិព័រណ៍វិទ្យាសាស្ត្រទាំងថ្នាក់ជាតិនិងអន្តរជាតិផងដែរ»៕