ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី បានជំរុញលើកទឹកចិត្តដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ខិតខំកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ប្រកបដោយប្រណីតភាព និងគុណភាពខ្ពស់ ព្រមទាំងរំលេចពីក្បូរក្បាច់រចនារបស់ខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកស្រី ឃួន សុដារី និងលោក ឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាកាលពីថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីពិភាក្សា និងទទួលអនុសាសន៍នៅក្នុងការត្រៀមរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ ដែលនឹងប្រព្រឹត្ដទៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋសភា។
ក្នុងជំនួបនេះលោកស្រី ឃួន សុដារី ថ្លែងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោកស្រីបានគូសបញ្ជាក់ថាកម្ពុជាមានសក្តានុពលជាច្រើនសន្ធឹកសន្ធាប់ទាំងសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ប៉ុន្តែដោយសារភ្លើងសង្គ្រាម បានធ្វើឱ្យកម្ពុជាយឺតយ៉ាវឬរំលេងសក្តានុពលដែលមាន តួយ៉ាងដូចជា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាដើម។
ជាមួយគ្នានេះលោកស្រីប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ ដោយចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់។លោកស្រីថ្លែងថា៖« ពីព្រោះមិនត្រឹមជួយដល់លើកកម្ពស់វិស័យគ្រឿងអលង្ការប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីបរទេស មកបណ្តាក់ទុននៅកម្ពុជានិងជាឱកាសដែលកម្ពុជាអាចស្រូបទាញអ្នកទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគ ស្របពេលដែលយើងបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ សម្បត្តិវប្បធម៌ជាតិ ស្នាដៃសិល្បៈចម្លាក់របស់កូនខ្មែរ ដល់ភ្ញៀវបរទេសបានស្គាល់» ។
បើតាមប្រធានរដ្ឋសភា កម្ពុជាជាទឹកដីសុវណ្ណភូមិ ដែលមានពោរពេញដោយសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិ ដូច្នេះការរក្សាបាននូវសុខសន្តិភាពគឺកម្ពុជានឹងទទួលការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ដោយសារសន្តិភាពនិងការអភិវឌ្ឍជាចំណង២លើខ្សែតែមួយ។
ក្នុងឱកាសនោះដែរលោក ឆាយ ស៊ីណាត បានរាយការណ៍ពីការងារនិងសមិទ្ធផលដែលសមាគមសម្រេចបាន នាពេលកន្លងមនៅក្នុងការចូលរួមលើកកកម្ពស់វិស័យពាណិជ្ជកម្មនៅកម្ពុជា។
លោកបានថ្លែងថា៖«ក្រៅពីការធ្វើជំនួញ និងការកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា សមាគមក៏បានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ នៅក្នុងនោះក៏បានចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ តាមរយៈការផ្តល់តម្លៃដល់ស្នាដៃចម្លាក់របស់បងប្អូនស្ត្រី»។
ដោយឡែកក្នុងជំនួបរវាងគណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជា និងលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ លោក ឆាយ ស៊ីណាត បានស្នើសុំការគាំទ្រ និងយន្តការការពារសន្តិសុខ ពីក្រសួងមហាផ្ទៃ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការ ដើម្បីញ៉ាំងឱ្យដំណើរការទៅរលូន និងទទួលបានជោគជ័យ។
គួរជម្រាបថា ប្រភេទទំនិញតាំងពិព័រណ៍នេះ រួមមានគ្រឿងអលង្ការពេជ្រ គ្រឿងអលង្ការប្រណីត គ្រឿងអលង្ការមាស ប្រាក់ ត្បូង គ្រឿងអលង្ការចម្រុះ គ្រឿងអលង្ការធ្វើដោយដៃ មាស ប្លាទីន ប្រាក់ ពេជ្រ ត្បូងទទឹម ត្បូងកណ្តៀង ត្បូងមរកត គ្រីស្តាល់ ពេជ្រចម្រុះពណ៌ ឧបករណ៍កែច្នៃ ម៉ាស៊ីនកែច្នៃ សម្ភារវេចខ្ចប់ អាជីវកម្មពាក់ព័ន្ធគ្រឿងអលង្ការ និងសេវាកម្មពាក់ព័ន្ធជាច្រើនផ្សេងទៀត៕