ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង​ក្រសួង​ឧ​ត្ត​ម​សិក្សា​វិទ្យាសាស្ត្រ​ស្រាវជ្រាវ និង​នវានុវត្តន៍ ថៃ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) នា​ថ្ងៃទី​ ៧​ ខែកុម្ភៈ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិក្សាធិការ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំង ​២​។


អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​បង្ហាញ​ពី​ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​តួនាទី​យ៉ាងសំខាន់​នៃ​វិស័យ​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​។ ជាមួយគ្នានេះ វា​ក៏​បង្ហាញ​ពី​បំណង​រួមគ្នា​រវាង​ប្រទេស​ទាំង ​២ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​ផ្នែក​សិក្សាធិការ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដោយ​ផ្អែកលើ​គោលការណ៍​សមភាព សមធម៌ ផលប្រយោជន៍​រួម និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​ក្រសួង​ឧស្សាហកម្ម​នៅ​ថ្ងៃទី​ ៨ ​ខែកុម្ភៈ​នេះ​។

កិច្ចសហប្រតិបត្តិការ​នេះ​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​រួមមាន​៖ ជីវវិទ្យា​សាស្ត្រ និង​ជីវ​បច្ចេកវិទ្យា វិស័យ​រ៉ូ​បូត អេឡិចត្រូនិក និង​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ឌីជីថល សន្តិសុខ​ស្បៀង ទឹក និង​ថាមពល ព័ត៌មានវិទ្យា​ភូមិសាស្ត្រ និង​បច្ចេកវិទ្យា​អវកាស វិទ្យាសាស្ត្រ​ភាវរស់ និង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​រូបធាតុ និង​បច្ចេកវិទ្យា​ណា​ណូ​។


ក្រៅពីនោះ កិច្ចសហប្រតិបត្តិការ​នេះ​ក៏​ផ្តោតទៅលើ គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​(​វ​.​ប​.​ន​.) និង​ការចូលរួម​ជា​សាធារណៈ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ធុរកិច្ច​បង្កើត​ថ្មី កម្មវិធី​បណ្តុះ​ធុរកិច្ច​បង្កើត​ថ្មី និង​សួ​នវ​.​ប​.​ន​. មាត្រា​សាស្ត្រ​។

ក្រសួង​ក៏បាន​ឱ្យដឹង​ផងដែរ​ថា MoU​នេះ​ក៏​គ្របដណ្តប់​លើ ការគ្រប់គ្រង​ភ័ស្តុភារ និង​ខ្សែ​ច្រវាក់​ផលិតកម្ម ក្នុង​គោលដៅ​លើកកម្ពស់​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ ក៏ដូចជា​ការបង្កើន​ប្រសិទ្ធភាព​លើ​លំហូរ​ទំនិញ​និង​សេវាកម្ម​ផ្សេងៗ ដែល​ឆ្លងកាត់​ព្រំដែន និង​តំបន់​។ លើសពីនោះ​ក៏មាន ការកែច្នៃ​ចំណីអាហារ និង​ការ​វេច​ខ្ចប់​ដែលមាន​ភាតរ​បរិស្ថាន ក្នុង​គោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ដែល​បណ្តាលមកពី​ផលិតកម្ម និង​ការប្រើប្រាស់​ចំណីអាហារ ក៏ដូចជា​ការបង្កើន​តម្លៃបន្ថែម និង​អាយុកាល​នៃ​ផលិតផល​ចំណីអាហារ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ការអនុវត្ត​ដែលមាន​នវានុវត្តន៍​ក្នុងការ​កែច្នៃ​និង​ការ​វេច​ខ្ចប់​ចំណីអាហារ​។


ក្រសួង​បាន​បញ្ជាក់ថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ក៏​បង្ហាញ​ពី​លក្ខខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ដែល​រួមមាន​គម្រោង​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​រួមគ្នា ការផ្លាស់ប្តូរ​អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ​និង​អ្នកជំនាញ ការផ្លាស់ប្តូរ​ព័ត៌មាន ការផ្ទេរ​បច្ចេកវិទ្យា និង​សកម្មភាព​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជាច្រើន​ផ្សេង​»​។

ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម វណ្ឌ​ឌី និងលោកស្រី សុភា​ម៉ា អ៊ី​សា​រ៉ាប​ហា​ឌី រដ្ឋមន្ត្រីក្រសួង​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​នៃ​ប្រទេស​ថៃ​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត និង​លោក​សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ​បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ថៃ​៕