ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់រដ្ឋសភា ពីគោលបំណងនៃការធ្វើកំណែទម្រង់ ការអប់រំជាតិ ដោយបណ្តុះមនសិការស្នេហាជាតិ មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ មោទនភាពជាតិ តាមរយ:ការលើកកម្ពស់ការប្រកាន់នូវគំនិត គុណតម្លៃ និងបំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវសាមគ្គីភាពជាតិ និងអត្តសញ្ញាណជាតិខ្មែរ។
លោក ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះ ក្នុងពេលដឹកនាំថ្នាក់ដឹកនាំក្រសួងទៅកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់រដ្ឋសភាតាមបណ្តាញតេឡេក្រាម។
នាឱកាសនោះ លោក ហង់ជួន ណារ៉ុន ក៏បានជម្រាបជូនពីការប្រកាសដាក់ចេញនូវកំណែនទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្ស សាលា ពង្រឹងការគ្រប់គ្រងបុគ្គលិក និងការប្រឡងគ្រប់ប្រភេទ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។ លើសពីនេះ លោក ក៏បានដាក់ចេញនូវផែនការកំណែនទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អប់រំនិងកីឡា និងបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយអប់រំ។
ជាមួយគ្នានេះ លោកថា ក្រសួងអប់រំ ក៏បានដាក់ចេញនូវគោលបំណងនៃការអប់រំជាតិ ដោយបណ្តុះនូវមនសិការស្នេហាជាតិ មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ មោទនភាពជាតិ តាមរយ:ការលើកកម្ពស់ការប្រកាន់នូវគំនិត គុណតម្លៃ បំណងប្រាថ្នារួមគ្នាផងដែរ។
លោកបញ្ជាក់ដូច្នេះថា៖« គោលបំណងនៃការអប់រំជាតិ បណ្តុះមនសិការស្នេហាជាតិនេះ គឺដើម្បីបង្កើតបាននូវសាមគ្គីភាពជាតិ អត្តសញ្ញាណជាតិ ផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យភាពរវាងការអភិវឌ្ឍកាយសម្បទា បញ្ញាអារម្មណ៍ ស្មារតីផលិតធនធានមនុស្សដែលមានចំណេះដឹង ដែលស្របទៅតាមតម្រូវការទីផ្សារអាចប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលលោកផងដែរ»។
បន្ថែមពីនេះ ការកំណែទម្រង់ការអប់រំជាតិ បណ្តុះមនសិការស្នេហាជាតិនេះដែរ លោកថា ក៏អាចឱ្យអ្នកសិក្សាពេញមួយជីវិត អាចចូលរួមក្នុងពិភពលោក មានទំនាក់ទំនងជាមួយគ្នា ពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាពជាដើម។
ទន្ទឹមគ្នានេះ លោកប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួង ដែលមានចក្ចុវិស័យច្បាស់លាស់។
លោកបន្តថា៖«ការដាក់ចេញចេញនូវការកែទម្រង់វិស័យអប់រំប្រកបដោយភាពច្បាស់លាស់នៅគ្រប់កម្រិត ពិសេសគឺការប្រឡង ពិសេសក្រោមពាក្យស្លោក «អ្នកចេះគឺជាប់» គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការធ្វើកំណែទម្រង់អប់រំដោយបណ្តុះមនសិការស្នេហាជាតិដល់សិស្ស ខណៈលោកថា នេះគឺជាការបណ្តុះនូវធនធានល្អដែលមានស្មារតីស្រឡាញ់ជាតិ និងការរួមគ្នាដើម្បីកសាងសង្គមជាតិឱ្យកាន់តែមានសន្តិភាព។
លោកថ្លែងដូច្នេះថា៖«ជាការពិតដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន ក៏ដូចជាសិស្សានុសិស្ស ឱ្យមានស្មារតីស្រឡាញ់ជាតិ គឺមិនអាចចាកឆ្ងាយពីការអប់រំទេ ខណៈរាល់ថ្ងៃនេះយើងគិតពីវិទ្យាសាស្រ្ត និងឌីជីថលច្រើន ដែលវាបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អក្សរសាស្រ្តជាតិ និងកេរដំណែលជាដើម ។ ហេតុនេះការបណ្តុះស្មារតីមនសិការស្នេហាជាតិ គឺជារឿងសំខាន់ បើទោះបីប្រទេសជាតិកំពុងរីកចម្រើនក៏ដោយ»៕