បាត់ដំបងៈ អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានផ្ដួចផ្ដើមធ្វើយុទ្ធនាការ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅខែមិថុនាខាងមុខ ក្នុងគោលបំណងលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងបៃតង សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តឱ្យបានច្រើន។
លោក សុខ លូ បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៧ ខែកុម្ភៈថា៖ «យុទ្ធនាការ “ផ្ទះ ១ ដើមឈើ ១ ដើម” ចាប់ផ្តើមពីក្រុងបាត់ដំបងមុនគេ។ រួមគ្នាដើម្បីបាត់ដំបង»។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមនៅថ្ងៃទី ៨ ខែកុម្ភៈថា ក្រោមការដឹកនាំរបស់អភិបាលខេត្តគឺបានផ្ដួចផ្ដើមយុទ្ធនាការ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» ខណៈដែលពេលនេះ អាជ្ញាធរកំពុងរៀបចំកំណត់គោលដៅនៅតាមដងផ្លូវសាធារណៈនិងទីតាំងមួយចំនួនទៀតនៅក្នុងក្រុងបាត់ដំបង ដើម្បីជាកន្លែងសម្រាប់ធ្វើយុទ្ធនាការដាំដើមឈើ។
លោកបានបន្តថា យុទ្ធនាការនេះគឺអាចនឹងចាប់ផ្ដើមធ្វើនៅរដូវវស្សា ប្រហែលជាខែមិថុនា ឆ្នាំ២០២៤ ខាងមុខពីព្រោះបច្ចុប្បន្នជារដូវប្រាំង ហើយប្រសិនបើរៀបចំដាំដើមឈើពីឥឡូវ វាអាចខាតពេល ខាតកម្លាំង ក៏ដូចជាដើមឈើទាំងនោះមិនរស់ជាដើម។
លោកបានបញ្ជាក់ថា៖«ដូច្នេះគោលបំណងសំខាន់នៃការធ្វើយុទ្ធនាការដាំដើមឈើហ្នឹងគឺដើម្បីលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងបៃតងដែលមានភាពស្អាត បរិស្ថានល្អ មានម្លប់ត្រជាក់ ដើម្បីទាក់ទាញទេសចរឱ្យចូលមកលេងក្នុងខេត្តយើងកាន់តែច្រើន»។
បើតាមលោក ឆាយ ម៉ាទីណាល់ ថ្នាក់ដឹកនាំខេត្ត នឹងចាប់ផ្ដើមអនុវត្តយុទ្ធនាការ«ផ្ទះ១ខ្នងដើមឈើ១ដើម» នៅក្នុងក្រុងបាត់ដំបង។បន្ទាប់មកទៀតយុទ្ធនាការនេះ នឹងត្រូវអនុវត្តនៅបណ្ដាស្រុកនានាដែលជាកន្លែងសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត។ ចំណែកដើមឈើដែល គ្រោងដាក់ដាំវិញមានប្រភេទដូចជា ដើមឈើលម្អ នាងនួន គគីរ បេង និងធ្នង់ជាដើម។
ជុំវិញយុទ្ធនាការដាំដើមឈើនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានថ្លែងថា គំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំខេត្តបាត់ដំបង គឺជារឿងល្អមួយសម្រាប់រៀបចំថែទាំឱ្យទីក្រុងបាត់ដំបងមានសម្រស់ស្រស់ស្អាត ក៏ដូចជា មានបរិស្ថានល្អ ដើម្បីផ្ដល់ជាសុខុមាលភាពជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តព្រមទាំងភ្ញៀវទេសចរផងដែរ។
លោកស្រីបានបន្តថា ដូច្នេះមិនថាការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កែលម្អសួនសាធារណៈ ឬក៏ការដាំដើមឈើនោះទេ សុទ្ធតែចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិខណៈដែលខេត្តបាត់ដំបងជាខេត្តមួយមានរមណីយដ្ឋានកម្សាន្តជាច្រើន ទាំងបែបវប្បធម៌ ក៏ដូចជាប្រវត្តិសាស្ត្រជាដើម។
លោកស្រីបានថ្លែងថា៖«យើងមើលឃើញអនាគត យុទ្ធនាការហ្នឹង នឹងធ្វើឱ្យខេត្តបាត់ដំបងក្លាយជាទីក្រុងបៃតង ដែលផ្ដល់ជាម្លប់ត្រជាក់ដល់ពលរដ្ឋក្នុងក្រុងផង ក៏ដូចជាទាក់ភ្នែកភ្ញៀវទេសចរផងដែរ ពីព្រោះអ្នកទេសចរមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ ចូលចិត្តបរិស្ថានស្អាត និងភាពបៃតង»។
ក្នុងនាមអ្នកជំនាញទេសចរណ៍លោកស្រី បានលើកឡើងថា សម្រាប់ខេត្តផ្សេងៗទៀត ក៏គួរតែមានការរៀបចំឱ្យក្រុង-ស្រុករបស់ខ្លួនក្លាយជាក្រុង-ស្រុកបៃតងផងដែរ ពីព្រោះកម្ពុជាជាប្រទេសដែលមានអាកាសធាតុក្ដៅ ដូច្នេះការជំរុញដាំដើមឈើឱ្យបានច្រើនដើម្បីឱ្យក្លាយជាខេត្តបៃតង គឺបានផ្ដល់ប្រយោជន៍យ៉ាងធំធេង។ ក្នុងនោះមានទាំងការផ្ដល់ជាម្លប់ត្រជាក់ ក៏ដូចជាផ្ដល់បរិស្ថានស្អាតល្អ ព្រមទាំងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចក្នុងខេត្តផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅ ទីក្រុងបាត់ដំបងនៃខេត្តបាត់ដំបងគឺជាទីក្រុងទី១ដែលបានជាប់ជា«បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ»ក្នុងចំណោមទីក្រុងចំនួន៥៥ ដែលត្រូវបានដាក់បញ្ជូលបន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UCCN)៕