ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញសុទ្ធិនិយមថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០២៤ នៅតែបន្តមានកំណើន បើទោះជាតម្លៃដឹកជញ្ជូនបានឡើងថ្លៃខ្លាំងដល់ទៅ ៧០ ភាគរយ ដែលជាតម្លៃមួយខ្ពស់បំផុត ពោលគឺថ្លៃដឹកជញ្ជូនពី ១ ពាន់ដុល្លារកើនឡើងរហូតដល់ ៥ ពាន់ដុល្លារក្នុង ១ កុងតឺន័រ ២០ ហ្វីត។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី ៧ ខែកុម្ភៈថា ការឡើងថ្លៃដ៏ខ្លាំងនៃតម្លៃដឹកជញ្ជូននេះ បានធ្វើឱ្យក្រុមហ៊ុននាំចេញអង្ករជួបការលំបាកខ្លះ ប៉ុន្តែការនាំចេញនៅតែបន្តជាធម្មតា គ្រាន់តែបរិមាណនៃការនាំចេញអាចនឹងតិចជាងមុន។
លោកពន្យល់ថា៖ «កាលពីមុនទៅអឺរ៉ុប ១ កុងតឺន័រ ២០ ហ្វីតតម្លៃត្រឹម ១ ០០០ ដុល្លារ ទៅ ១២០០ ដុល្លារ តែឥឡូវនេះឡើងដល់ពី ៥០០០ ទៅ ៦០០០ ដុល្លារ ទៅតាមកំពង់ផែមួយៗ នៅគ្រាដែលកាលពីសម័យកូវីដរាតត្បាតតម្លៃ ៧០០០ ដុល្លារទៅ ១០០០០ ដុល្លារ។ ដូច្នេះតម្លៃឥឡូវនេះ វាស្មើនឹង ៧០ ភាគរយ នៃតម្លៃនាពេលនោះហើយ»។
លោកថា ការនាំចេញរបស់កម្ពុជាស្ថិតនៅចំណុចមួយ ដែលពិបាកនឹងសន្និដ្ឋានថា ការនាំចេញអង្ករឆ្នាំនេះធ្លាក់ចុះឬកើនឡើង។ ក៏ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា នឹងមានកំណើននៅឆ្នាំនេះ ដោយលោកបានត្រៀមនឹងដាក់ចេញនូវគោលនយោបាយប្រមូលស្រូវទុក ដូច្នេះការស្តុកស្រូវឆ្នាំនេះ វាមានច្រើនជាងឆ្នាំមុន។ បើតាមប្រធានសហព័ន្ធស្រូវអង្កររូបនេះ ការកើនឡើងខ្លាំងនៃតម្លៃដឹកជញ្ជូននេះមានតែទៅក្នុងតំបន់អឺរុបប៉ុណ្ណោះ ខណៈតម្លៃដឹកជញ្ជូននៅតំបន់អាស៊ីឡើងថ្លៃតិចតួចដោយការប្រែប្រួលតម្លៃតិចតួចនេះកើតឡើងដោយសារអ្នកលក់នៅអាស៊ី ងាកមករកអ្នកទិញនៅអាស៊ី។
លោក ចាន់ សុឃាំង រំពឹងទុកដូច្នេះថា៖ «យើងសង្ឃឹមថា នឹងដោះស្រាយបានឆាប់ៗចំពោះបញ្ហាសង្គ្រាមនៅមាត់ច្រកចេញចូលទៅកាន់តំបន់អឺរ៉ុបនេះ ព្រោះថា សេដ្ឋកិច្ច វាមិនមែនតែប៉ះពាល់ត្រឹមក្រុមហ៊ុន ឬប្រទេសនាំចេញទេតែវាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងប្រទេសនាំចូលដែរ។ ខ្ញុំជឿថា ថ្នាក់ដឹកប្រទេសក្នុងតំបន់ទាំងនោះនឹងជជែករកដំណោះស្រាយលើបញ្ហានេះហើយ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាក៏បានប្រាប់ឱ្យដឹងដែរថា ការឡើងថ្លៃនៃតម្លៃដឹកជញ្ជូន បានកើតឡើងតាំងពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ ដោយការឡើងថ្លៃ ខាងក្រុមហ៊ុនបានជូនដំណឹងកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៣ ពោលគឺចាប់ពីមានការលួចពួនស្ទាក់បាញ់កប៉ាល់ដឹកទំនិញពីក្រុមឧទ្ទាមហ៊ូធី នៅតំបន់សមុទ្រក្រហម ដែលបានធ្វើឱ្យក្រុមហ៊ុនកប៉ាល់មួយចំនួនរៀបចំធ្វើដំណើរតាមផ្លូវវាងវិញ។
លោកបញ្ជាក់ថា៖ «ការធ្វើដំណើរតាមផ្លូវវាងនោះ បានធ្វើឱ្យចម្ងាយកាន់តែឆ្ងាយរហូតដល់ ៦ ០០០ គីឡូម៉ែត្រ ខណៈការធ្វើដំណើរត្រូវចំណាយពេលបន្ថែមរហូតដល់ ៨ ថ្ងៃឬ ១០ ថ្ងៃបន្ថែមទៀត។ ការឡើងថ្លៃនេះ បានធ្វើឱ្យមានផលប៉ះពាល់ដល់ការនាំចេញនិងនាំចូលផលិតផលពីអាស៊ីនិងពីកម្ពុជា ទៅកាន់អាមេរិក អឺរ៉ុបនិងកាណាដា»។
បើតាមប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា ក្រុមហ៊ុនខាងកប៉ាល់ធ្លាប់បានផ្តល់ហេតុផលនៃការឡើងថ្លៃថា ដោយសារការដឹកជញ្ជូនត្រូវធ្វើតាមផ្លូវវាងដែលតាមផ្លូវវាងនេះ មិនត្រឹមតែចំណាយពេលយូរជាងឆ្ងាយជាងនោះទេ ថែមទាំងចំណាយលុយថែមប្រមាណជាង ១ លានដុល្លារទៀត ដូច្នេះហើយទើបធ្វើឱ្យការដឹកជញ្ជូនមានការឡើងថ្លៃទ្វេដង ចំពោះការដឹកជញ្ជូនពីអាស៊ីទៅអឺរ៉ុប អាមេរិក កាណាដា និងពីតំបន់ទាំងនេះមកអាស៊ីវិញផងដែរ។
របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១២ ខែក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោនដែលគិតជាទឹកប្រាក់ប្រមាណ ៤៦៦ លានដុល្លារតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១។
ក្នុងនោះប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុងបានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨ លានដុល្លារ,ទៅកាន់ទ្វីបអឺរ៉ុបចំនួន ២៦ ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១ លានដុល្លារនិងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារនិងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្រ្វិកមជ្ឈិមបូព៌ា។
របាយការណ៍ដដែលបន្តថា ចំនួន ២៦ ប្រទេសបានចំនួន ៨៥៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧៦ លានដុល្លារអាមេរិក។ ការនាំចេញអង្ករឆ្នាំ ២០២៣ មានកំណើនលើបរិមាណ ៣ ភាគរយនិងទឹកប្រាក់មានកំណើន ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕