ភ្នំពេញៈ រាជរដ្ឋាភិបាលគ្រោងបង្កើតអគ្គកុងស៊ុលកម្ពុជាថ្មីមួយទៀតនៅខេត្តសុងក្លា ប្រទេសថៃ ដើម្បីសម្រួលដល់កិច្ចការពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ ខណៈរាជរដ្ឋាភិបាលថៃ ក៏គ្រោងនឹងបង្កើតកុងស៊ុលថ្មីមួយទៀតផងដែរ នៅខេត្តសៀមរាប។
នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសថៃ លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលើកឡើងថា៖ «កម្ពុជា និងថៃ ប្រកាសពង្រឹងទំនាក់ទំនងការទូត ដោយកម្ពុជាបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសុងក្លា ហើយថៃបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប»។
លោកលើកឡើងថា គោលដៅចម្បងនៃការបង្កើតស្ថានអគ្គកុងស៊ុលថ្មីបន្ថែមនេះ គឺដើម្បីសម្រួលកិច្ចការកុងស៊ុល និងជួយជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជូនប្រជាជននៃប្រទេសទាំង ២ ហើយទាំងនេះជាលទ្ធផលសម្រេចបានផ្នែកនយោបាយ និងការទូត នៃដំណើរទស្សនកិច្ចនៅក្រុងបាងកករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ការប្រកាសពីគម្រោងបង្កើតអគ្គកុងស៊ុលនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត នាជំនួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅខេត្តកំពង់ស្ពឺ កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ លោកបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលនៅខេត្តសុងក្លា និងរៀបចំដាក់មន្ត្រីនៅទីនោះ ដើម្បីសម្រួលដល់ពលករក្នុងការរកអន្តរាគមន៍ ឬឯកសារនានា។
លោកថ្លែងនាពេលនោះថា៖ «ដើម្បីឱ្យពលរដ្ឋនៅក្រៅប្រទេសងាយស្រួល អ៊ីចឹង! រុញសេវាអីខ្លះ ដែលយើងអាចផ្តល់បាន យើងត្រូវពង្រឹងសេវាគ្របដណ្តប់ជូនគាត់ទាំងការពន្យារលិខិតឆ្លងដែន ឬឯកសារស្របច្បាប់ផ្សេងៗជូនពលរដ្ឋយើង»។
ជុំវិញរឿងនេះលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈថា ស្ថានអគ្គកុងស៊ុល នឹងបង្កើតឡើងឆាប់ៗ នៅពេលខាងមុខនេះហើយការបង្កើត អគ្គកុងស៊ុលថ្មីបន្ថែមនេះបង្ហាញពីទំនាក់ទំនងការទូតល្អរវាងប្រទេសភូមិផងរបងជាមួយគ្នា។
លោកថា៖ «លទ្ធផលនេះ បង្ហាញពីការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសដល់ពលករនៃប្រទេសទាំង ២ ដែលចេញចូលមកធ្វើការងារ។ ជួយសម្រួលសេចក្តីត្រូវការ និងឆ្លើយតបតម្រូវការរបស់ពលករ ជាពិសេសផ្នែកទិដ្ឋាការ និងបញ្ហាផ្សេងៗដែលកើតឡើងចំពោះពលករ»។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតអគ្គកុងស៊ុលថ្មី ១ ទៀតនៅខេត្តសុងក្លា ប្រទេសថៃនេះ ជាយន្តការមួយ ល្អដែលនឹងជួយសម្រួលទៅ ដល់កិច្ចការមួយចំនួនទៀតចំពោះពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែមន្ត្រីនៅអគ្គកុងស៊ុលទាំងនោះ ត្រូវធ្វើការដោយសកម្ម ដាក់ផលប្រយោជន៍ និងរបៀបវារៈការពារពលករខ្មែរដែលកំពុងបម្រើការងារនៅស្រុកថៃ ឱ្យបានល្អផង ពីព្រោះអគ្គកុងស៊ុលអាចជួយកិច្ចការងារច្រើនណាស់ដល់ពលករមិនថា ពលករស្របច្បាប់ និងខុសច្បាប់នោះទេ ដូច្នេះប្រសិទ្ធភាពក្នុងការធ្វើការគឺជារឿងសំខាន់ណាស់»។
លោកបានបន្ថែមថា បើទោះបីមានការបង្កើតអគ្គកុងស៊ុលថ្មីក្នុងការដោះស្រាយ និងជួយសម្រួលលើកិច្ចការងារផ្សេងៗសម្រាប់ពលករក៏ដោយតែដំណោះស្រាយល្អផ្សេងទៀតដែលរាជរដ្ឋាភិបាលត្រូវធ្វើបន្ថែម និងឱ្យមានប្រសិទ្ធភាពនោះគឺយន្តការទប់ស្កាត់ការទៅធ្វើការដោយខុសច្បាប់នៅបរទេស។
លោកបន្ថែមថា រាជរដ្ឋាភិបាលគួរបន្ថែម និងរឹតបន្តឹងលើករណីនេះបន្ថែមទៀត ដើម្បីគាំពារសិទ្ធិពលករនៅក្រៅប្រទេស ពីព្រោះពលករដែលទៅធ្វើការដោយខុសច្បាប់ ពួកគេមានបញ្ហាប្រឈមច្រើនណាស់ទាំងផ្លូវច្បាប់ និងសិទ្ធិការងារផ្សេងៗទៀត។
សូមជម្រាបថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៥០។ បើតាមលោកហ្សង់ហ្រ្វង់ស័រ តាន់ លោក ហ៊ុន ម៉ាណែត ជាអ្នកបើកទំព័រប្រវត្តិសាស្ត្រថ្មី ១ កម្រិតទៀត នៃទំនាក់ទំនងការទូតកម្ពុជា និងថៃ ដោយនៅក្នុងដំណើរទស្សនកិច្ចលើកនេះប្រទេសទាំង ២ បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រ»៕
វង្ស ដារាវ៉ាឌី