​ភ្នំពេញៈ សមាជិកសភា​អាល្លឺម៉ង់​នៃ​បក្ស​ជំទាស់​ដ៏​ធំ  ២​ រូប នៃ​គណបក្ស​គ្រិស្ត​សាសនិក​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​​​ (CDU) គឺ​លោក Johannes Steiniger និង​លោក ​Stefan Heck​ គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ក្នុង​បេសកកម្ម​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​


​គណៈប្រតិភូ​ជាន់ខ្ពស់​អាល្លឺម៉ង់ ២ ​រូបនេះ គ្រោង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ ១ ​សប្តាហ៍ នា​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ខាងមុខ នៅ​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការ​ទូត និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ទាំង ​២​។ សមាជិកសភា​ទាំង​ ២​ នេះ នឹង​មកកាន់​កម្ពុជា​រយៈពេល ​៣​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៤ ខែកុម្ភៈ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​មូលនិធិ​ខុនរ៉ាត អាឌិន​ណៅអ៊ែរ (KAS) ចុះ​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ចំពោះ​ការកើនឡើង​នៃ​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​ចិន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផ្ទាល់ ដោយ​ភាគី​អាល្លឺម៉ង់​ចង់​ជួបពិភាក្សា​ជាមួយ​តួអង្គ​នយោបាយ​សំខាន់ៗ​របស់​កម្ពុជា និង​ថៃ ព្រមទាំង​ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​អាល្លឺម៉ង់​ក្នុងការ​រក្សា និង​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​។​


​សេចក្តីប្រកាស​ដដែល​បាន​គូស​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា សមាជិកសភា​ទាំង​ ២ គ្រោង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋា​ភិ​បាល​ជាន់ខ្ពស់ អ្នកតាក់តែង​គោល​នយោបាយ និង​ឥស្សរជន​ជាន់ខ្ពស់​ដែលមាន​ឥទ្ធិពល​នៅតាម​វិស័យ​នានា តួយ៉ាង​រដ្ឋសភា​កម្ពុជា ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជ​​កម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ជា​ដើម​។​

​មូលនិធិ​ខុនរ៉ាត​លើកឡើង​តាមរយៈ​សេចក្តីប្រកាស​ផងដែរ​ថា បេសកកម្ម​ការទូត​នេះ​ឆ្លុះបញ្ចាំង​កាន់តែច្បាស់​ពី​នយោបាយ​ការបរទេស​អាល្លឺម៉ង់​ដែលមាន​ការចាប់អារម្មណ៍​កាន់តែ​ជ្រៅ​ចំពោះ​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រំពឹងថា​នឹង​បើក​ទំព័រ​ថ្មី​លើ​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​នានា​តួយ៉ាង ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​នឹង​ពង្រឹង​តួនាទី​បន្ថែម​របស់​អាល្លឺម៉ង់​ក្នុងនាម​ជា​មហាអំណាច​មួយ​លើ​ផ្នែក​ការទូត​អន្តរជាតិ​។​


​ជាមួយគ្នានេះ លោក Stefan Heck ផ្ទាល់​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​កម្ពុជា​និង​ថៃ នឹង​ពង្រឹង​ចំណង​ការទូត និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង​អាល្លឺម៉ង់ នឹង​ប្រទេស​ទាំង​ ២ ព្រមទាំង​ជាការ​លើកកម្ពស់​ផលប្រយោជន៍​របស់​អាល្លឺម៉ង់​នា​បរិបទ​សកលលោក​នេះ​ផង​។ ការផ្លាស់ប្តូរ​ដោយផ្ទាល់​ជាមួយ​តួអង្គ​ក្នុងស្រុក​ផ្តល់ឱកាស​ដើម្បី​ស្វែងរក​ផ្លូវ​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដែល​រួមចំណែក​ជំរុញ​ដល់​សេដ្ឋកិច្ច​អាល្លឺម៉ង់ និង​ការ​​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​បណ្តា​ប្រទេស​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ [​កម្ពុជា និង​ថៃ​]​។​

​លោក Johannes Steiniger វិញ​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជា​ឱកាស​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​ទិដ្ឋភាព​ពិត​នៃ​ន​យោ​​បាយ សង្គម និង​សេដ្ឋកិច្ច ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

លោក​បន្តទៀតថា​៖ «​ចំណេះដឹង​ស៊ីជម្រៅ​នេះ​គឺមាន​សារៈសំខាន់​ជា​មូលដ្ឋាន​សម្រាប់​ការអនុវត្ត​គោល​​នយោបាយ​ការបរទេស​របស់​ប្រទេស​​អាល្លឺម៉ង់​»​។​

​លោក ​ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែង​ដោយ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សមាជិក​សភា​អាល្លឺម៉ង់​ដែល​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ទិដ្ឋភាព​នានា ដែលជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ប្រកប​ដោយ​សក្តានុពល កាត់បន្ថយ​ភាពក្រីក្រ​បាន​លឿន ជា​ធាតុ​ផ្សំ​ទាក់ទាញ​ការចង់​ដឹង​ពី​រង្វង់​អ្នកនយោបាយ អ្នកជំនួញ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ជា​​ពិសេស​ក្នុង​បរិបទ​ដឹកនាំ​ដោយ​រដ្ឋា​ភិ​បាល​ជំនាន់​ថ្មី​នេះ​។​

​លោក​បាន​ថ្លែង​នៅ​ថ្ងៃទី ​៨ ខែកុម្ភៈ​នេះ​ថា​៖ «​កម្ពុ​ជាមាន​នយោបាយ​ការ​បរទេស​ទន់ភ្លន់ ដែល​រាប់អាន​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​ដោយ​ស្មើមុខស្មើមាត់ មិន​ប្រកាន់​ប្រទេស​តូច ឬ​ធំ​នោះទេ​។ សម្រាប់​អាល្លឺម៉ង់​ជា​ប្រទេស​ធំ មាន​ឥទ្ធិពល​នៅ​អឺរ៉ុប ក៏​ជា​ទំនាក់ទំនង​មួយ​ដ៏​សំខាន់ ហើយ​កន្លងមក​កម្ពុជា និង​អាល្លឺម៉ង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​»​។​

​លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​ជាពិសេស​រដ្ឋាភិបាល​ថ្មី​ផ្តល់​តម្លៃ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប រួមមាន​អាល្លឺម៉ង់​ជាដើម ជាក់ស្តែង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​បារាំង​នាពេល​ថ្មីៗ ជា​ឧទាហរណ៍​ស្រាប់​។​

​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នក​តាម​​ដាន​បញ្ហា​តំបន់ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់​សមាជិកសភា​នៃ​បក្ស​ជំទាស់​អាល្លឺម៉ង់ ២ ​រូបនេះ មកកាន់​អាស៊ីអាគ្នេយ៍ សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អ្នក​​នយោបាយ​អាល្លឺម៉ង់​ទាំង​បក្ស​កាន់អំណាច និង​បក្ស​ជំទាស់​មកលើ​កាលា​​នុ​វត្ត​ភាព​របស់​អាស៊ាន ខណៈ​នាពេល​ថ្មីៗ​អាល្លឺម៉ង់​កំពុង​បង្កើន​ការយកចិត្ត​ទុកដាក់​របស់ខ្លួន​លើ​ទំនាក់​ទំនងជា​មួយ​បណ្តា​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅ​ចំពោះមុខ​ការដកខ្លួន​ចេញពី​សហ​​ភាព​អឺរ៉ុប​ពី​សំណាក់​ប្រទេស​អឺរ៉ុប​។​

​លោក​បន្តថា​៖«​អាល្លឺម៉ង់​ជា​ប្រទេស​នាំមុខគេ​របស់​សហភាព​អឺរ៉ុប លើ​នយោបាយ​ការបរទេស នាពេល​សព្វថ្ងៃ ដែល​ក្នុងនាម​ជា​បងធំ​សហ​ភាព​អឺរ៉ុប ព្យាយាម​ពង្រីក​ឥទ្ធិពល​ក្នុង​វិស័យ​ការទូត​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក រួមទាំង​បណ្តា​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលមាន​អាស៊ាន​ជា​ស្នូល​។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​អាស៊ាន​បន្ថែម ជាពិសេស​ថៃ ដែលជា​ប្រទេស​ទាក់ទាញ​ការវិនិយោគ ហើយ​កម្ពុជា​វិញ​ជាទី​ផ្សារ​មួយ​កំពុង​ងើប​ឡើង​»​។​

​លោក​ថ្លែងថា អាល្លឺម៉ង់​កំពុង​ព្យាយាម​សម្របសម្រួល​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កម្ពុជា បន្ទាប់ពី​អាក់អន់​ស្រពន់ចិត្ត​ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក​ពោល គឺ​ចាប់ពី​ការរំលាយ​គណបក្សប្រឆាំង​ដ៏​ធំ ​គឺ​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​។ តែ​ទោះជា​យ៉ាងណា​នាពេល​បច្ចុប្បន្ន អាល្លឺម៉ង់​កំពុង​ផ្សារភ្ជាប់​ការទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ថ្មី ដោយ​ប្រកាន់យក​ឥរិយាបថ​ន​យោ​បាយ​ទន់ភ្លន់​ជាង​មុន​។ ដំណើរ​ទស្សន​កិច្ច​លើក​នេះ​សមាជិកសភា​បក្ស​ជំទាស់​អាល្លឺម៉ង់​នឹង​វាយតម្លៃ​ស្ថាន​ភាព​សង្គម នយោបាយ សេដ្ឋកិច្ច​​កម្ពុជា ដើម្បី​ផ្គូផ្គង​ជាមួយ​បក្ស​កាន់​អំណាច​របស់ខ្លួន ក្នុង​គោលដៅ​អនុវត្តន៍​គោលនយោបាយ​ខ្លួន​ឱ្យ​រលូន​។​

​លោក Johannes Steiniger ជា​សមាជិកសភា​អាល្លឺម៉ង់​ចាប់តាំងពី​ឆ្នាំ​ ២០១៣ មក​ដែល​លោក​ផ្តោតលើ​កិច្ច​​ការងារ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ជា​អ្នក​តស៊ូ​មតិ​លើ​គោលនយោបាយ​សារ​ពើ​ពន្ធ​ដើម្បី​ភាពយុត្តិធម៌​អន្តរ​ជំនាន់ គាំទ្រ​ដល់​និយោជិត និង​សហគ្រិន​ក្នុងប្រទេស​អាល្លឺម៉ង់​។ ចំណែក​លោក ​Stefan Heck វិញ​បាន​ក្លាយជា​សមាជិកសភា​ពី​ឆ្នាំ​ ២០១៣  ​ដែល​ការងារ​ផ្តោតទៅលើ​ការត្រួតពិនិត្យ​លើ​ការបោះឆ្នោត កិច្ចការ​ផ្នែក​ច្បាប់ និង​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់ និង​កិច្ចការ​ផ្ទៃក្នុង ខណៈ​ធ្លាប់​បម្រើការ​ជា​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ និង​កីឡា​របស់​អាល្លឺម៉ង់​ផងដែរ​៕